ព័ត៌មានចុងក្រោយបំផុត៖
អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារអត្តឃាតមួយដោយបង្កប់គ្រាប់បែកក្នុងរថយន្ត បានសម្លាប់មនុស្សយ៉ាងតិចពីរនាក់នៅទីក្រុង ឡាស់ស្ការ ហ្កា (Lashkar Gah) ធានីខែត្រ ហ៊ិលម៉ានដ៍ (Helmand) ដែលកំពុងមានភាពវឹកវរនៃប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និយាយថា កងទ័ពរដ្ឋាភិបាល ដែលបានបាញ់កាំភ្លើងដែលដាក់នៅលើរថក្រោះ បានវាយសង្គ្រប់ទីក្រុង Rastan ភាគកណ្តាលដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២០នាក់រងរបួស។
អាហ្វហ្គានីស្ថាន៖ ពួកតាលីបាន់ (Taliban) និយាយថា ខ្លួនជាអ្នកត្រួតត្រាបណ្តាញ ហាកានី(Haqqani) មិនមែនប្រទេសប៉ាគិស្ថានទេ។ មន្រ្តីស.រ.អ.បានបន្ទោសបណ្តាញ Haqqani ថាជាអ្នកធ្វើការវាយប្រហារជាញឹកញយទៅលើទីដៅអាមេរិក ហើយថាមានទំនាក់ទំនងជាមួយក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាន។
លីប៊ី៖ កងទ័ពរដ្ឋាភិបាលអន្តរកាលលីប៊ីដែលគាំទ្រដោយយន្តហោះចម្បាំងរបស់អង្គការអូតង់ បានរឹតបន្តឹងដើម្បីរឹបអូសយកទីក្រុង Sirte ដែលជាទីក្រុងកំណើតរបស់ Moammar Gdhafi នៅពេលដែលជនស៊ីវិលរាប់រយនាក់ បានប៉ុនប៉ងរត់គេចចេញទីក្រុងតាមរយៈចំណុចឆែកឆេរសន្តិសុខដែលមានការតានតឹងបំផុត។
សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាស.រ.អ.បានអនុម័តច្បាប់ដែលនឹងផ្តល់ថវិកាជាបណ្តោះអាសន្នសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីជៀសវាងការបិទរដ្ឋាភិបាលទាំងស្រុង នៅពេលដែលឆ្នាំសារពើពន្ធបច្ចុប្បន្ននឹងត្រូវចប់ នៅថ្ងៃសុក្រនេះ។
សហរដ្ឋអាមេរិក៖ អ្នកតែងច្បាប់ជាន់ខ្ពស់ម្នាក់របស់ស.រ.អ. បានថ្លែងថា ព្រឹទ្ធសភានឹងចាប់ផ្តើមធ្វើច្បាប់មួយនៅសប្តាហ៍ក្រោយ ក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រទេសចិនតំឡើងថ្លៃរូបិយប័ណ្ណរបស់ខ្លួន សម្រាប់ធ្វើជាមធ្យោបាយមួយដើម្បីជួយពង្រឹងដល់ផ្សារការងាររបស់ស.រ.អ.។
កូរ៉េខាងត្បួង៖ មន្រ្តីកូរ៉េខាងត្បួងនិយាយថា ប្រធានគណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសនេះ មានផែនការបំពេញទស្សនកិច្ចមួយទៅកាន់ ប្រទេសកូរ៉េខាងជើង។
ព័ត៌មាននៅពេលមុននេះ៖
អេស៉្បាញ៖ នាយករដ្ឋមន្ត្រី Jose Luis Rodriguez Zapatero អេស៉្បាញបានរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីនៅថ្ងៃទី២០ វិច្ឆិកា គឺបួនខែមុនពេលកំណត់ពីមុន។
យេម៉ែន៖ ពួកមន្ត្រីយេម៉ែននិយាយថាពួកកុលសម្ព័ន្ធប្រឆាំងនឹងរដ្ឋាភិបាលបានវាយប្រហារ ហើយកាន់កាប់មូលដ្ឋានមួយរបស់ក្រុមទាហានស្មោះត្រង់ជាមួយប្រធានាធិបតី Ali Abdullah Saleh បណ្តាលឱ្យមេបញ្ជាការម្នាក់ស្លាប់និងទាហាន៣០នាក់បានត្រូវចាប់ខ្លួន។
ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃច័ន្ទថាក្រុមយោធារបស់នឹងមិនបើកធ្វើការវាយលុកប្រឆាំងនឹងបណ្តាញភេរវជន Haqqani ទេ ទោះណាជាមានកំណើនការគាបសង្កត់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យពួកគេធ្វើដូច្នេះក៏ដោយ។
លីប៊ី៖ ប្រធាននៃក្រុមប្រឹក្សាជាតិអន្តរកាលលីប៊ីបានសុំដល់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យលប់ចោលការដាក់ទ័ណ្ឌកម្មដែលនៅសេសសល់ប្រឆាំងនឹងប្រទេសនេះ។
រុស្ស៊ី៖ លោក Alexei Kudrin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្សីបានចុះចេញពីតំណែងក្រោយពីមានជម្លោះមួយជាមួយលោកប្រធានាធិបតី Dmitry Medvedev អំពីផែនការមួយឱ្យប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្តូរការងារគ្នានៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
អាហ្វហ្គានីស្ថាន៖ ពលរដ្ឋអាមេរិកាំងម្នាក់បានត្រូវសម្លាប់ ហើយម្នាក់ទៀតបានត្រូវរបួសនៅក្នុងឧប្បតិ្តហេតុបាញ់គ្នាមួយនៅក្នុងអាគារនៃស្ថានទូតអាមេរិកក្នុងរដ្ឋធានីកាប៊ុល អាហ្វហ្គានីស្ថាន។
បារាំង៖ លោកប្រធានាធិបតី Nicolas Sarkozy បារាំងបានជួបជាមួយពួកសម្ព័ន្ធមិត្តនយោបាយជាន់ខ្ពស់របស់លោក ក្រោយពីគណបក្សសង្គមនិយមដែលជាគណបក្សប្រឆាំងនិងពួកសម្ព័ន្ធមិត្តដែលនិយមនយោបាយខាងឆ្វេងរបស់ពួកគេបានឈ្នះឆ្នោតមានសំទ្បេងភាគច្រើននៅក្នុងព្រឹទ្ធសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើប។