ព័ត៌មានចុងក្រោយបំផុត៖
ភូមា៖ នៅថ្ងៃសុក្រនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស ស.រ.អ. ហ៊ីឡារី ក្លីនតុន (Hillary Clinton) បានធ្វើការពិភាក្សាគ្នាយ៉ាងទូលំទូលាយជាមួយលោកស្រី អង់ សាង ស៊ូ ជី (Aung San Suu Kyi) មេដឹកនាំលទ្ធិប្រជាធិបតេយ្យនៅក្នុងក្រុង រ៉ង់ហ្គូន (Rangoon) នៅថ្ងៃចុងក្រោយបង្អស់នៃទស្សនកិច្ចដ៏សំខាន់របស់លោកស្រីក្នុងប្រទេសភូមា (Burma)។
នៅក្រោយជំនួបរបស់លោកស្រីទាំងពីរនាក់នាគេហដ្ឋានជ័យលាភីរង្វាន់ ណូបែល សន្តិភាពរូបនេះ ដែលទីនោះហើយដែលលោកស្រីត្រូវបានជាប់ឃុំឃាំងក្នុងផ្ទះក្នុងរយៈពេលភាគច្រើននៃ២ទសវត្សរ៍កន្លងទៅនេះ លោកស្រីទាំងពីរនាក់បានកាន់ដៃគ្នានៅលើរានហាល នៅពេលដែលលោកស្រីទាំងពីរនិយាយទៅកាន់ពួកអ្នកកាសែត។ លោកស្រី ក្លីនតុន បានសរសើរដល់ភាពជាមេដឹកនាំ «ដ៏ខ្ជាប់ខ្ជួននិងច្បាស់លាស់» របស់លោកស្រី អង់ សាន ស៊ូ ជី ហើយលោកស្រីក៏បានមានប្រសាសន៍ដែរថាស.រ.អ. ចង់ឃើញប្រទេសភូមាមានកន្លែងដ៏ត្រឹមត្រូវមួយលើឆាកអន្តរជាតិ។ លោកស្រីបានហៅមេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមារូបនេះថាជាអ្នកបំផុសគំនិតប្រជាធិបតេយ្យដ៏ឆ្នើមម្នាក់។
លោកស្រី អង់ សាន ស៊ូ ជី បានមានប្រសាសន៍ថាលោកស្រីសប្បាយចិត្តជាមួយនឹងវិធីដែលស.រ.អ.បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសភូមានាពេលនេះ ហើយលោកស្រីយល់ថាវិធីនេះនឹងជួយធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះមានការរលូនជាងពេលមុន។
ស៊ីរី៖ ការចោទប្រកាន់ថ្មីៗអំពីការបង្ក្រាបដ៏ឃោរឃៅដោយអាជ្ញាធរស៊ីរី (Syria) លើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានបណ្តាលឱ្យមានការអំពាវនាវពីអ.ស.ប.ឱ្យកាត់ទោសពួកមេដឹកនាំរបបគ្រប់គ្រងនេះពី បទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ស៊ីរី៖ ការបង្ក្រាបដ៏ឃោរឃៅខ្លាំងទ្បើងៗរបស់រដ្ឋាភិបាលស៊ីរី (Syria) ដើម្បីថែរក្សាការក្តាប់អំណាចរបស់ខ្លួន ហាក់ដូចជាធ្វើឱ្យមានការបង្រួបបង្រួមក្រុមបាតុករមួយចំនួន ដែលត្រូវបានគេសង្ឃឹមថានឹងពន្លឿនដល់ការរំលំនៃរដ្ឋាភិបាលមួយនេះ។
បារាំង៖ ប្រទេសបារាំងកំពុងបង្កើនកិច្ចការពារសន្តិសុខសម្រាប់ក្រុមប្រឆាំងស៊ីរីដែលកំពុងតែរស់នៅឬធ្វើការក្នុងប្រទេសបារាំង។ លោក ខ្លោដ ហ្គូអានត៍ (Claude Gueant) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្រុងបារីស ថាវិធានការសន្តិសុខថ្មីៗនឹងត្រូវបានគេរៀបចំឱ្យមានទ្បើងសម្រាប់ពួកសមាជិកនៃក្រុមប្រឹក្សាជាតិស៊ីរីដែលមានរួមបញ្ចូលទាំងមេដឹកនាំ Burhan Ghalioun ដែលមានមូលដ្ឋានក្នុងក្រុងបារីសផងដែរ។
អាល្លឺម៉ង់៖ លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍នៅក្នុងសុន្ទរកថាមួយទៅកាន់សភានៅថ្ងៃសុក្រនេះថា ប្រទេសជាតិអឺរ៉ុបកំពុងធ្វើចលនាទៅមុខឆ្ពោះទៅកាន់«សហភាពសារពើពន្ធ»មួយ ដោយមានការត្រួតពិនិត្យថវិកាដោយតឹងរ៉ឹងជាងមុនដើម្បីដោះស្រាយវិបត្តិជំពាក់បំណុលក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។
ព័ត៌មាននៅពេលមុននេះ៖
សកលលោក៖ យោងតាមប្រសាសន៍របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានឲ្យដឹងថា ថវិកានឹងក្លាយជាកត្តាសំខាន់ដល់នៅក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជំងឺអេដស៍នោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីឧទ្ទិសដល់ទិវាជំងឺអេដស៍ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍លោក បាន បានជំរុញឲ្យម្ចាស់ជំនួយអន្តរជាតិបំពេញនូវទឹកប្រាក់ចំនួន២៤ពាន់លានដុល្លារដែលជាសេចក្តីត្រូវការប្រចាំឆ្នាំសម្រាប់ការប្រឆាំងជំងឺដ៏កាចសាហាវនេះ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបន្ថែមប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រកម្មវិធីប្រឆាំងជំងឺអេដស៍នៅក្នុងប្រទេស។
ភូមា៖ លោកស្រី ហ៊ីនណារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាមានការងារជាច្រើនដែលត្រូវធ្វើ មុនពេលសហរដ្ឋអាមេរិក អាចពិចារណាលើការលុបចោលការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចលើប្រទេសភូមា។
យោងតាមប្រសាសន៍របស់លោកស្រី ហ៊ីឡារី គ្លីតុន ភូមាត្រូវតែបន្តការធ្វើកំណែទម្រង់របស់ខ្លួន បន្តធ្វើការដោះលែងអ្នកទោសនយោបាយ បញ្ចប់ចំណងទាក់ទងយោធាខុសច្បាប់ជាមួយកូរ៉េខាងជើង និងសហការជាមួយអង្កការអន្តរជាតិក្នុងការប្រឆាំងការរាលដាលនៃអាវុធនុយក្លេអ៊ែរ សហរដ្ឋអាមេរិក នឹងពិចារណាការបន្ធូបន្ថយការដាក់ទណ្ឌកម្មប្រឆាំងប្រទេសភូមា។
អ៊ឺរ៉ុប៖ សហភាពអ៊ឺរ៉ុបបានព្រមព្រៀងគា្ននឹងរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសស៊ីរី នៅក្រោយពេលចំនួនមនុស្សស្លាប់នៅក្នុងការបះបោររបស់ស៊ីរី ក្នុងរយៈពេល៨ខែនេះ មានការកើនឡើង យ៉ាងហោចណាស់ក៏៤ពាន់នាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់អគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Navi Pillay ។
អ៊ីរ៉ុង៖ យោងតាមជំនួបរបស់រដ្ឋមន្រ្តីសហភាពអឺរ៉ុបក្នុងទីក្រុង Brussels កាលពីថ្ងៃព្រហស្បតិ៍សហភាពអឺរ៉ុប បានបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់ពីព្រោះតែកម្មវិធីចម្រូងចម្រាស់ Nuclear។ គេជឿជាក់ថាពួកមន្រ្តីនិងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន១៨០ នឹងត្រូវរងផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មថ្មីនេះ។
អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានពន្យារពេលការប្រកាសលទ្ធផលនៃការបោះឆ្នោតសភាជាលើកទី២ ពីយប់ថ្ងៃព្រហស្បតិ៍ទៅថ្ងៃសុក្រនេះវិញ ដែលកាលពីដំបូងគ្រោងនឹងចេញផ្សាយនៅថ្ងៃពុធ។
អាហ្វហ្គានីស្ថាន៖ ការផ្ទេរសន្តិសុខជាផ្លូវការលើកទី២នៃប្រទេសអាហ្គានីស្ថានបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលកងកម្លាំងអង្គការអូតង់ បានប្រគល់ខេត្តភាគខាងជើងរដ្ឋធានីកាប៊ុលទៅឲ្យកងទ័ពអាហ្គានីស្ថាន។ បើយោងតាមសម្តីរបស់លោកឧត្តមេសនីយ៍ John Allen មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកដឹកនាំអង្គការអូតង់ក្នុងប្រទេសអាហ្គានីស្ថានខេត្តចំនួន៦ទៀត ត្រូវគេរំពឹងនឹងប្រគល់ជាផ្លូវការទៅឲ្យកងទ័ពអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។ តំណាក់ការទីមួយនៃការផ្ទេរអំណាចនេះបានធ្វើឡើងនៅដើមឆ្នាំនេះ។
អ៊ឺរ៉ុប៖ ប្រទេសប៊ុលហ្គារី ត្រូវបានចាត់ថ្នាក់ជាប្រទេសពុករលួយបំផុតក្នុងសហភាពអឺរ៉ុប។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានទីតាំងក្នុងទីក្រុងប៊ែឡាំងនៃប្រទេសអាល្លឺម៉ង់ បានចេញផ្សាយតារាងពិន្ទុដែលប្រទេសប៊ុលហ្គារីមានពិន្ទុ 3,3 ទាបជាងគេ (ពិន្ទុសូន្យមានអំពើពុករលួយខ្លាំងបំផុតហើយពិន្ទុ១០អត់មានអំពើពុករលួយទាល់តែសោះ) ប្រទេសញូវ៉ែលហ្សេឡង់មានពិន្ទុខ្ពស់ជាងគេបំផុតគឺ9,5។
សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានភាពប្រសើរ ប៉ុន្តែទីផ្សារកម្លាំងពលកម្មនៅតែមានបញ្ហា។ កុ្រមឧស្សាហកម្ម និយាយថាតារាងឧស្សាហកម្មបានបង្ហាញថាផ្នែកនេះបានរីកធំក្នុងអត្រាលឿនបំផុតនៅក្នុងរយៈពេល៥ខែ ខណៈពេលដែលការដាក់ពាក្យសុំប្រាក់គ្មានការងារធ្វើថ្មីបានកើនឡើងចំនួន៦ពាន់នាក់។
អ៊ឺរ៉ុប៖ ប្រធានធនាគារកណ្តាលថ្មី លោក ម៉ារីអូ ដ្រាហ៊ី (Mario Draghi) របស់សហភាពអឺរ៉ុបនិយាយថាធនាគារ ប្រហែលផ្តល់ការជួយឧប្បត្ថម្ភថ្មីដល់រដ្ឋាភិបាលដែលរួមរិតដោយបំណុលរបស់ប្រទេសនានានៅអឺរ៉ុប ប៉ុន្តែល្គឹកណាតែប្រទេសជាតិចំនួន១៧ដែលប្រើប្រាស់ប្រាក់យូរ៉ូនោះអនុម័តជាមុននូវការត្រួតត្រាការចំណាយរបស់ប្រទេសនិមួយៗ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសនៅទិវាជំងឺអេដស៍ កាលពីថ្ងៃព្រហស្បត៍នូវទឹកប្រាក់បន្ថែមចំនួន៥០លានដុល្លារដើម្បីប្រយុទ្ធជំងឺអេដស៍នៅក្នុងសហរដ្ឋអាមេរិក ដែលអាចព្យាបាលមនុស្សជាង២លាននាក់ទៀតនៅជុំវិញពិភពលោក។