ព័ត៌មានចុងក្រោយបំផុត៖
ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនិយាយថា កងកម្លំាងស៊ីរីបានសម្លាប់ជនស៊ីវិល២៤នាក់ នៅក្នុងការវាយប្រហារមកលើទីក្រុងមួយចំនួនខណៈដែលក្រុមប្រឹក្សា សន្ដិសុខរបស់អ.ស.ប. បានជួបប្រជុំដើម្បីវែកញែកការវាយបង្ក្រាបដ៏ឃោរឃៅប្រព្រឹត្ដធ្វើ ដោយប្រធានាធិបី Bashar al Assad មកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។
វៀតណាម៖ ប៉ូលិសបានបិទផ្លូវនៅជុំវិញអគារតុលាការកំពូលរបស់ប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ក្នុងអំឡុងពេលមានសវនាការឧទ្ធរណ៍មួយ សម្រាប់សកម្មជនល្បីឈ្មោះម្នាក់នៅក្នុងប្រទេស។
សហរដ្ឋអាមេរិក៖ ព្រឹទ្ធសមាជិកសភាស.រ.អ.នឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ មកលើសេចក្ដីព្រៀងច្បាប់សម្រុះសម្រួលគ្នាមួយ អំពីការកាត់ចំណាយថវិការបស់រដ្ឋាភិបាលសហព័ន្ធ និងតំឡើងកម្រិតប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលនាំឲ្យបញ្ចប់ការភ័យខ្លាចជាច្រើនសប្ដាហ៍មកលើ ការខកខានមិនសងបំណុលរបស់ស.រ.អ.។
ចិន៖ បណ្ដាញព័ត៌មានដែលរដ្ឋចិនកាន់កាប់សរសេរថា ការទទួលយកកិច្ចព្រមព្រៀងនាទីចុងក្រោយ ដើម្បីតំឡើងកម្រិតប្រាក់កម្ចីរបស់ស.រ.អ. គ្រាន់តែពន្យារពេលបញ្ហាជ្រាលជ្រៅរបស់ស.រ.អ. ដែលគំរាមមកលើសេដ្ឋកិច្ចសកល។
ចិន៖ ប៉ូលីសនៅក្នុងតំបន់ខាងលិចខេត្ដស៊ិនជាងនៃប្រទេសចិននិយាយថា ពួកគេបានបាញ់សម្លាប់ជនពីរនាក់ដែលចូលរួមក្នុងការកាប់សម្លាប់ឥតរើសមុខ ហើយបានដាក់កំហុសមកលើភេរវករហាត់ហ្វឹកហ្វឺននៅក្នុងប្រទេសបាគីស្ថាន។
អាហ្វហ្គានីស្ថាន៖ មន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ការវាយប្រហារដោយអត្ដឃាតជនម្នាក់បានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងធ្វើឲ្យរបួស១០នាក់ទៀតនៅតំបន់ខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
ជប៉ុន៖ ប្រទេសជប៉ុននិយាយថាខ្លួនរំពឹងថា ប្រទេសចិននឹងពង្រីកសកម្មភាពកងនាវារបស់ខ្លួននៅជុំវិញទីកន្លែងជិតឆ្នេរសមុទ្រជប៉ុនដែលនឹងជំរុញឲ្យរដ្ឋាភិបាលក្រុងតូក្យូតំឡើងកងកម្លាំងជើងទឹករបស់ខ្លួននិងកិច្ចការពារ តំបន់សមុទ្ររបស់ខ្លួន។
អូស្ត្រាលី៖ រដ្ឋាភិបាលអូស្ត្រាលីថ្លែងថាខ្លួននឹងថតជាខ្សែវីដេអូជនស្វែងរកទីជម្រកលំនៅថ្មី ដែលបានត្រូវបញ្ជូនទៅឲ្យប្រទេសម៉ាឡេស៊ី ហើយនឹងយករូបភាពនោះចុះផ្សាយនៅក្នុងបណ្ដាញអ៊ីនធឺណិត ក្នុងគោលបំណងនឹងធ្វើឲ្យរអារដល់អ្នកស្វែងរកទីជម្រកថ្មី។
អាស៊ី៖ សៀវភៅថ្មីមួយរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា មេដឹកនាំអាស៊ីត្រូវចាត់វិធានការចំត្រង់ៗ ក្នុងការធ្វើឲ្យការលូតលាស់សេដ្ឋកិច្ចដើរលឿន បើចង់ឲ្យតំបន់នោះឡើងដល់សក្កានុពលនៅពាក់កណ្ដាលសតវត្សនេះ។
ស.រ.អ./កូរ៉េខាងជើង៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកមួយនិយាយថាខ្លួនមានសេចក្ដីសង្ឃឹមចំពោះលទ្ធភាពនៃការចរចាគ្នាបន្ដជាមួយរដ្ឋាភិបាលព្យុងយ៉ាង ក្រោយពីបានធ្វើការចរចាជាមួយគណៈប្រតិភូកូរ៉េខាងជើងនៅក្នុងទីក្រុងញូវយ៉ក។
ព័ត៌មាននៅពេលមុននេះ៖
ថៃ៖ សភាប្រទេសថៃបានបើកសម័យប្រជុំថ្មីមួយដែលនៅក្នុងនោះគេរំពឹងថា ប្អូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានាយករដ្ឋមន្ត្រីដែលបានត្រូវបណ្តេញចេញពីតំណែងនឹងបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្រោយមានចលាចលនយោបាយ៥ឆ្នាំមកហើយ។
ស៊ីរី៖ កាលពីថ្ងៃច័ន្ទសហភាពអឺរ៉ុបបានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ដោយដាក់កំហិតការហាមប្រាមមិនឱ្យធ្វើដំណើរនិងផ្អឹបធនធានរបស់មន្ត្រី៥នាក់ទៀតដែលមានទាក់ទងជាមួយការបង្ក្រាបដោយបង្ហូរឈាមទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល។
សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទផ្សារហិរញ្ញវត្ថុសាកលបានស្វាគមន៍កិច្ចព្រមព្រៀងក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបញ្ចៀសកុំឱ្យមានការគ្មានប្រាក់សងបំណុលដោយរដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក។
អេហ្ស៊ីប៖ ពួកទាហានអេហ្ស៊ីបបានប្រើកម្លាំងដើម្បីបណ្តេញពួកបាតុករពីទីលានតារៀនៅ ក្រុង Le Caire កាលពីថ្ងៃច័ន្ទនៅក្រោយមានបាតុកម្មជិត១ខែមកហើយ។ ក្រុមបាតុករបានស្វះស្វែងឱ្យមានការកែទម្រង់យ៉ាងលឿននៅក្រោយការបណ្តេញលោក Hosni Mbarak អតីតមេដឹកនាំឱ្យចេញពីតំណែងកាលពីខែកុម្ភៈ។
ទួរគី៖ លោកនាយករដ្ឋមន្ត្រី Recep Tayyip Erdogan នៃប្រទេសទួរគីបានបើកការប្រជុំសំខាន់មួយដើម្បីសម្រេចអំពីការតែងតាំងយោធាសំខាន់ៗនៅក្រោយអគ្គមេបញ្ជាការជាន់ខ្ពស់៤នាក់របស់ប្រទេសបានលាលែងចេញពីតំណែងកាលពីសប្តាហ៍មុន។