ព័ត៌មានចុងក្រោយបំផុត៖
លីប៊ី៖ ពួកអាជ្ញាធរអន្តរកាលនៃប្រទេសលីប៊ីកំពុងប្រឈមមុខបញ្ហាខាងយោធានិងនយោបាយ ខណៈពេលដែលពួកអ្នកប្រយុទ្ធបានជួបប្រទះការតស៊ូដែលបន្តកើតមានឡើងនៅទីតាំងដ៏រឹងមាំដែលនៅសេសសល់របស់អតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី ហើយមេដឹកនាំក្រុមប្រឹក្សាអន្តរកាលជាតិបានពន្យារពេលការប្រកាសរដ្ឋាភិបាលថ្មី។
ឥណ្ឌា៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃច័ន្ទនេះបានបង្អាក់ការស្វែងរកពួកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួញដីដែលមានកម្លាំង ៦,៩ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៥៣នាក់នៅតំបន់ដាច់ស្រយាលមួយនៃភ្នំហេមពាន្តនៃព្រំដែនប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ និងប្រទេសចិន។
ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានចុចបំផ្ទុះគ្រឿងផ្ទុះដែលផ្ទុកក្នុងរថយន្តនៅខាងក្រៅគេហដ្ឋានរបស់មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ក្នុងទីក្រុង Karachi ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៨នាក់ដែរ។
យេម៉ែន៖ សាក្សីនៅក្នុងរដ្ឋធានីសាណា (Sana'a) នៃប្រទេសយេម៉ែននិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់មនុស្សយ៉ាងតិច៥នាក់ នៅក្នុងការវាយប្រយុទ្ធជាមួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅពេលមួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានពើបប្រទះនឹងអំពើហិង្សាដ៏អាក្រក់បំផុតក្នុងពេលជាច្រើនខែកន្លងមកនេះ។
ចិន/កោះតៃវ៉ាន់៖ បណ្តាញផ្សាយព័ត៌មានរដ្ឋចិន កំពុងព្រមានថានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិកបន្តធ្វើទៅតាមផែនការដែលបានរាយការណ៍ឲ្យដឹង ក្នុងការធ្វើឲ្យប្រសើរឡើងនូវកងយន្តហោះចម្បាំង F-16 ដែលកោះតៃវ៉ាន់មានទាំងប៉ុន្មាន។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា នឹងប្រកាសអនុសាសន៍របស់លោកដើម្បីកាត់បន្ថយឱនភាពថវិការសហព័ន្ធនៅថ្ងៃច័ន្ទនេះ។ សំណើនេះអំពាវនាវឲ្យមានប្រាក់ចំណូលពន្ធដាថ្មីចំនួន១,៥លានលានដុល្លារ រួមមានអត្រាពន្ធដាអប្បបរមាថ្មីដ៏សម្រាប់អ្នកទាំងឡាយណាដែលរកប្រាក់ចំណូលបានជាង១លានដុល្លារក្នុងមួយឆ្នាំ។
កូរ៉េខាងជើង៖ នៅថ្ងៃច័ន្ទនេះ អ្នកការទូតកំពូលរបស់ប្រទេសចិនបានអំពាវនាវឲ្យមានការចាប់ផ្តើមកិច្ចចរចាជាថ្មីឡើងវិញអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង។ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីកិច្ចចរចានេះនៅទីក្រុងប៉េកាំង លោករដ្ឋមន្រ្តីការបរទេស យ៉ាង ជាឈី (Yang Jiechi) បានជម្រាបអ្នកការទូតនិងអ្នកបញ្ញវន្តថា ប្រទេសចិនមានសេចក្តីរីករាយក្នុងការឃើញការទាក់ទងគ្នាទៅវិញទៅមកជាវិជ្ជមានក្នុងចំណោមភាគីទាំង៦ ដែលជាប់ទាក់ទងនឹងកិច្ចចរចានេះ។
ព័ត៌មាននៅពេលមុននេះ៖
ឥណ្ឌា៖ មានការរង្គើផែនដីខ្លាំងមួយមានកម្លាំង៦,៩បានកើតមានទ្បើងក្នុងផ្នែកឦសាននៃប្រទេសឥណ្ឌា ក្នុងប្រទេសនេប៉ាល់និងផ្នែកឯទៀតៗនៃតំបន់នោះ បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់ ធ្វើឱ្យខូចអគារនិងនាំឱ្យមានការស្លន់ស្លោ។
នីហ្សេរីយ៉ា៖ ប្រទេសនីហ្សេរីយ៉ាបានប្រកាសផ្តល់រង្វាន់យ៉ាងច្រើនឱ្យដល់ជនទាំងទ្បាយណាដែលផ្តល់ព័ត៌មានអំពីជនជាមេគំនិតនៃការបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីខែមុននៅឯទីស្នាក់ការធំរបស់អ.ស.ប.ក្នុងក្រុងអាប៊ូហ្សា (Abuja)។
លីប៊ី៖ ក្រុមយុទ្ធជននៃក្រុមប្រឹក្សាជាតិអន្តរកាលនៃប្រទេសលីប៊ីបានជួបប្រទះនឹងការទប់ទល់យ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យនៅក្នុងសំបុក២ដែលសេសសល់របស់ Moammar Gadhafi នៅពេលដែលពួកមេដឹកនាំ NTC បានពន្យារពេលការប្រកាសរដ្ឋាភិបាលថ្មីមួយ។
យេម៉ែន៖ ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់ និងពួកពេទ្យបាននិយាយថា កងកម្លាំងសន្តិសុខ យេម៉ែនបានសម្លាប់មនុស្សយ៉ាងតិចណាស់១៥នាក់កាលពីថ្ងៃអាទិត្យនៅពេលដែលពួកគេបានបាញ់ទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលក្នុងរដ្ឋធានីសាណា។
ប៉ាឡេស្ទីន៖ ពួកប្រេសិតមកពីប្រទេសនិងអង្គការបួនទទួលបន្ទុកកិច្ចការភូមិភាគមជ្ឈឹមបូព៌ា (Mideast Quartet) ប្រជុំគ្នាក្នុងបូរីញូវយ៉កកាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថែមទៀតដើម្បីបញ្ចៀសកុំឱ្យមានការប៉ះទង្គិចខាងពាក្យសម្តីនៅក្នុងអ.ស.ប.អំពីបញ្ហារដ្ឋប៉ាឡេស្ទីន។
សហរដ្ឋអាមេរិក៖ នៅថ្ងៃច័ន្ទនេះ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ា នឹងប្រកាសអំពីផែនការថែមទៀត ដើម្បីកាត់បន្ថយឱនភាពថវិការដ្ឋាភិបាល ដោយមានរួមបញ្ចូលទាំងសំណើមួយសម្រាប់អត្រាពន្ធដារតិចបំផុតសម្រាប់ពួកបុគ្គលដែលមានប្រាក់ចំណូលជាង១លានដុល្លារក្នុងមួយឆ្នាំ។
ប៉ាគីស្ថាន៖ ពួកមន្ត្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថានបាននិយាយថា ក្រុមទាហានរដ្ឋាភិបាលនិងពួកជនសកម្មប្រយុទ្ធតាលីបាន់បានប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យដើម្បីដណ្តើមយកកម្ទេចនៃយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានធ្លាក់នៅក្នុងតំបន់កុលសម្ព័ន្ធ Waziristan ខាងត្បូង។
អាហ្វហ្គានីស្ថាន៖ អង្កការណាតូបាននិយាយថាកងកម្លាំងចម្រុះនិងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានសម្លាប់ពួកបះបោរ១០នាក់នៅក្នុងការឆ្មក់វាយប្រហារមួយទៅលើកន្លែងផលិតគ្រឿងញៀនមួយក្នុងផ្នែកខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលពួកជនសកម្មប្រយុទ្ធបានសម្លាប់ទាហានណាតូ៣នាក់ក្នុងឧប្បតិ្តហេតុដាច់ដោយទ្បែកពីគ្នា។