ព័ត៌មានចុងក្រោយបំផុត៖
អាហ្វហ្គានីស្ថាន៖ ក្រុមបះបោរតាលីបានបានបញ្ជាក់ពីការទទួលខុសត្រូវក្នុងការវាយប្រហារជាបន្ដបន្ទាប់គ្នា នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ ដោយតម្រង់ទិសដៅមកលើទីស្នាក់ការកណ្តាលរបស់កងកម្លាំងសម័្ពន្ធអន្ដរជាតិ និងអគាររដ្ឋាភិបាល។
ប៉ាគីស្ថាន៖ មន្ដ្រីប៉ាគីស្ថាននិយាយថា ខ្មាន់កាំភ្លើងបានវាយប្រហារមកលើរថយន្ដដឹកសិស្សសាលារៀនមួយគ្រឿង នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ បណ្ដាលឲ្យកុមារសិស្សសាលាយ៉ាងតិច៣នាក់ និងអ្នកបើកបររថយន្ដស្លាប់។
វៀតណាម៖ អង្គការសិទ្ធិមនុស្ស និងគ្រួសាររបស់អ្នកទោសនយោបាយវៀតណាមដ៏ល្បីល្បាញមួយរូប និយាយថា អ្នកទោសនយោបាយរូបនោះបានស្លាប់នៅក្នុងពន្ធនាគារក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីបានវិលមកកាន់មន្ទីរឃុំឃាំងវិញពីការអនុញ្ញាតឲ្យទៅព្យាបាលសុខភាព។
ភូមា៖ ខ្សែភាពយន្ដថ្មីមួយអំពីជីវប្រវត្ដិរបស់មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រីអង់សានស៊ូឈី នឹងបញ្ចាំងជាលើកទីមួយនៅក្នុងពិធីបុណ្យខ្សែភាពយន្ដនៃទីក្រុងតូរ៉ុងតូ ប្រទេសកាណាដា កាលពីថ្ងៃច័ន្ទ។
អ៊ីរ៉ង់៖ បណ្ដាញព័ត៌មាននៅសហរដ្ឋអាមេរិក NBC រាយការណ៍ថា ខ្លួនបានទទួលព័ត៌មានពីប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ថា បុរសជនជាតិអាមេរិកពីររូប ដែលជាប់ចោទពីបទធ្វើចារកម្មក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែងនៅពេលឆាប់ៗខាងមុខនេះ។
លីប៊ី៖ មេដឹកនាំរដ្ឋាភិបាលអន្ដរកាលនៅក្នុងប្រទេសលីប៊ី បានជំរុញក្រុមអ្នកគាំទ្រហ៊ោរកញ្ជ្រៀវរាប់ពាន់នាក់នៅក្នុងទីក្រុងទ្រីប៉ូលី កាលពីរសៀលថ្ងៃច័ន្ទ ឲ្យគាំទ្ររដ្ឋស៊ីវិលប្រជាធិបតេយ្យមួយ ដែលផ្ដល់កិត្ដិយសដល់សាសនាអ៊ីស្លាម និងគោរពនីតិរដ្ឋ។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា លោកនឹងប្រឆាំងដាច់ខាតចំពោះការជំរុញដែលអាចទៅរួចឲ្យមានការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះរដ្ឋប៉ាឡេស្ទីន ដោយលោកថ្លែងថា វិធានការដូច្នោះនឹងមិនផ្ដល់លទ្ធផលល្អទេ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុងធ្វើដំណើរទៅកាន់រដ្ឋ Ohio នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកការគំាទ្រពីសាធារណជនចំពោះសំណើដែលមានតម្លៃ ៤៤៧ ពាន់លានដុល្លារសម្រាប់ការបង្កើតការងារ និងជំរុញសេដ្ឋកិច្ចដ៏ខ្សោយរបស់ជាតិឲ្យរីកចម្រើន។
សហរដ្ឋអាមេរិក៖ បេក្ខជនសម្រាប់តំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកចំនួន៨រូប បានធ្វើការពិភាក្សាដេញដោលគ្នាអំពីកម្មវិធីសង្គម បញ្ហាអន្ដោប្រវេសន៍ និង សង្រ្គាមនៅអាហ្វហ្គានីស្ថាន នៅក្នុងការពិភាក្សាដេញដោលលើកទីពីររបស់ពួកគេក្នុងមួយសប្ដាហ៍ ខណៈពេលដែលការប្រកួតប្រជែងជំហានដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១២លេចចេញជារូបរាងឡើង។
ជប៉ុន៖ នាយករដ្ឋមន្ដ្រីជប៉ុន លោកយ៉ូស៊ីកុ ណូដា (Yoshihiko Noda) មានប្រសាសន៍ថា ប្រទេសជប៉ុនគួរតែកាត់បន្ថយការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរឲ្យបានកាន់តែច្រើនកាន់តែល្អក្រោយពីមានមហន្ដរាយមកលើរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាមក។
អាស៊ី/អឺរ៉ុប៖ បណ្តាមន្ដ្រីមកពីទ្វីបអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍ បានសន្យាថានឹងធ្វើការជាមួយគ្នាឲ្យបានជិតដិតបន្ថែមទៀត ដើម្បីការពារ និងឆ្លើយតបទៅនឹងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ។
សាកលលោក៖ នាង Leila Lopes មកពីប្រទេសអង់ហ្គោឡា បានទទួលជ័យជំនះក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១១ កាលពីយប់ថ្ងៃច័ន្ទ នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
អាស៊ី៖ ធនាគារអភិវឌ្ឍអាស៊ី ចេញសេចក្ដីព្រមានឲ្យដឹងអំពីកង្វះអាហាររូបត្ថម្ភ និងគ្រោះទុរ្ភិក្សដែលបានកើនឡើងក្នុងចំណោមប្រជាពលរដ្ឋក្រីក្របំផុតនៃតំបន់ប៉ាស៊ីហ្វិក ប្រសិនបើប្រទេសទាំងនោះ មិនចាត់វិធានការដោះស្រាយឲ្យបានឆាប់ចំពោះការគំរាមកំហែង ដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាស។
ជប៉ុន/កូរ៉េខាងជើង៖ មន្ដ្រីជប៉ុននិយាយថា ខ្លួនបានសួរចម្លើយមនុស្សចំនួន៩នាក់ ដែលបានប្រកាសថាខ្លួនជាជនជាតិកូរ៉េខាងជើងរត់ចោលប្រទេសដើម្បីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ព័ត៌មាននៅពេលមុននេះ៖
ស៊ីរី៖ រុស្សីបានច្រានចោលការអំពាវនាវពីសហរដ្ឋអាមេរិកនិងពួកប្រទេសក្នុងទ្វីបអឺរ៉ុបខាងលិចឱ្យមានការដាក់ទណ្ឌកម្មធំជាងមុនប្រឆាំងនឹងប្រទេសស៊ីរីចំពោះការបង្ក្រាបដ៏ឃោរឃៅរបស់ខ្លួនលើក្រុមបាតុករ។
លីប៊ី៖ ក្រុមយុទ្ធជននៃក្រុមប្រឹក្សាជាតិអន្តរកាលរបស់ប្រទេសលីប៊ីបាននិយាយថាកងកម្លាំង ស្មោះត្រង់នឹងអតីតមេដឹកនាំលីប៊ី Moammar Gadhafi បានសម្លាប់ឆ្មាំយ៉ាងតិចណាស់១៥នាក់នៅក្នុងការវាយប្រហារមួយនៅខាងក្រៅរោងចក្រចំរាញ់ប្រេងសំខាន់មួយនៅក្រុង Ras Lanuf ជាប់ឆ្នេរសមុទ្រ។
សេដ្ឋកិច្ច៖ កាលពីថ្ងៃចន្ទ ហ៊ុននៅក្នុងពិភពលោកនិងប្រាក់អឺរ៉ូបានចុះថ្លៃនៅពេលដែលពួកអ្នកបណ្តាក់ទុនព្រួយបារម្ភថាប្រទេសក្រិកប្រហែលមិនអាចសងបំណុលប្រាក់ជំនួយសង្គ្រោះរបស់ខ្លួនបានទេ។
សេដ្ឋកិច្ច៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានសុំដល់សភាឱ្យអនុម័តសំណើរបស់លោកមានទឹកប្រាក់់៤៤៧ពាន់លានដុល្លារដែលមានគោលដៅបង្កើតការងារនិងបញ្ចៀសកុំឱ្យមានការព្រួយបារម្ភអំពីដំណើរសេដ្ឋកិច្ចមិនចម្រើនទៅមុខនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។
យេម៉ែន៖ ប្រធានាធិបតី Ali Abdullah Saleh ប្រទេស យេម៉ែនបានអនុញ្ញាតឱ្យភូឈួយរបស់លោកចាប់ផ្តើមធ្វើកិច្ចចរចាជាមួយក្រុមប្រឆាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបញ្ចប់វិបត្តិនយោបាយដែលមានរយៈពេលច្រើនខែមកហើយ។
សហរដ្ឋអាមេរិក៖ ពួកបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ខាងគណបក្សសាធារណរដ្ឋនឹងប្រឈមមុខដាក់គ្នានៅយប់ថ្ងៃចន្ទនេះនៅក្នុងការជជែកដេញដោលគ្នាលើកទីពីររបស់ពួកអស់លោកក្នុងរយៈពេលមួយសប្តាហ៍នៅពេលដែលការប្រកួតប្រជែងបោះឆ្នោតដំបូងសម្រាប់ឆ្នាំ២០១២ចាប់ផ្តើមធ្វើ។