ព័ត៌មានចុងក្រោយបំផុត៖
ចិន៖ នាវាផ្ទុកយន្តហោះលើកដំបូងរបស់ចិនបានបើកចេញពីកំពង់ផែ Dalian ដើម្បីសាកល្បងនៅថ្ងៃពុធ ដែលជាមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋចិន ក៏ប៉ុន្តែជាប្រភពនៃការបារម្ភសម្រាប់ប្រទេសជិតខាងជាច្រើន។
សេដ្ឋកិច្ចពិភពលោក៖ នៅថ្ងៃពុធនេះ ទីផ្សារភាគហ៊ុននៅទូទាំងទ្វីបអាស៊ីបានបិទទ្វារដោយមានលទ្ធផលជាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការងើបឡើងវិញយ៉ាងខ្លាំងនៅឯទីផ្សារភាគហ៊ុន Wall Street កាលពីមួយថ្ងៃមុនដែលខុសពីថ្ងៃច័ន្ទដែលមានការលក់ចោលនូវភាគហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់។
កូរ៉េខាងត្បូង៖ មន្ដ្រីកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងនិងខាងត្បូង បាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅថ្ងៃពុធ នៅក្នុងតំបន់ស្ថិតនៅជិតព្រំដែនជាមួយ ប្រទេសកូរ៉េខាងជើង។
ស៊ីរី៖ ទីប្រឹក្សាសន្ដិសុខអ.ស.ប.កំពុងតែជួបប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នៅប្រទេសស៊ីរី មួយអាទិត្យក្រោយពីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលក្នុងការបង្រ្កាបក្រុមអ្នកតវ៉ាជំទាស់ហើយអំពាវនាវឲ្យឈប់ធ្វើអំពើហឹង្សា។
ប៉ាគីស្ថាន៖ មន្ដ្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាននិយាយថា ការទម្លាក់គ្រាប់បែករបស់យន្ដហោះ drone គ្មានអ្នកបើកបរ បានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច២០នាក់នៅក្នុងតំបន់ពួកកុលសម្ព័ន្ធ North Waziristan ស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេស អាហ្វហ្គានីស្ថាន។
អង់គ្លេស៖ នៅថ្ងៃពុធនេះ ទីក្រុងឡុងដ៍មានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្ដែកុបកម្មដែលឆាបឆេះនៅក្នុងរាជធានីរបស់ចក្រភពអង់គ្លេស ក្នុងរយ:ពេលប៉ុន្មានយប់កន្លងទៅនេះ បានរាលដាលទៅដល់ទីក្រុងដទៃៗទៀត រួមមានទីក្រុងម៉ាន់ឆេស្ទ័រ (Manchester) និង ប៊រមីងហ៊ែម (Birmingham)។
ព័ត៌មាននៅពេលមុននេះ៖
សេដ្ឋកិច្ចសកលលោក៖ ពួកមន្រ្តីកំពូលធនាគារកណ្តាលសហរដ្ឋអាមេរិកនិយាយថា ពួកលោកនឹងរក្សាអត្រាការប្រាក់ឲ្យនៅទាបដដែល យ៉ាងហោចណាស់ក៏ដល់ពាក់កណ្តាលឆ្នាំ២០១៣ដែរ។ ធនាគារកណ្តាលប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់ថាការរីកលូតលាស់សេដ្ឋកិច្ចមានការយឺតជាងការរំពឹងទុក ហើយទីផ្សារការងារសហរដ្ឋអាមេរិកក៏ខ្សោយជាងការរំពឹងទុកដែរ។
សេដ្ឋកិច្ចសកលលោក៖ អង្គការនៃបណ្តាប្រទេសនាំប្រេងចេញបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា នៅពេលដែលការរើបឡើងវិញនូវសេដ្ឋកិច្ចសកលលោកមិនមាននៅពេលនេះ ប្រទេសនានានៅជុំវិញពិភពលោកនឹងប្រើប្រាស់ប្រេងតិច។ អង្គការ OPEC ឲ្យដឹងទៀតថា ភាពអន់ថយនៃសេដ្ឋកិច្ចសកលលោកកំពុងតែប៉ះពាល់ទីផ្សារប្រេងរួចទៅហើយ។
ស៊ីរី៖ ប្រទេសតួកគី និងមហាអំណាចបរទេសផ្សេងៗទៀតបានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសស៊ីរីឲ្យបញ្ឈប់ការបង្ក្រាបដោយអំពើហិង្សាលើពួកអ្នកប្រឆាំងនយោបាយ។ ការអំពាវនាវបានកើតមានឡើងពេលដែលសកម្មជនសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលបានបន្តការវាយប្រហារកាលពីថ្ងៃអង្គារ ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរ។
លីប៊ី៖ ប្រទេសកាណាដាបានបញ្ជាឲ្យពួកអ្នកការទូតលីប៊ីដែលនៅសេសសល់នៅស្ថាតទូតក្នុងរដ្ឋធានី អូតាវ៉ា ឲ្យចាកចេញពីប្រទេសខ្លួន នៅក្នុងកិច្ចខិតខំមួយ ដើម្បីធ្វើឲ្យឯកោ និងធ្វើមិនឲ្យស្របច្បាប់ដល់រដ្ឋាភិបាល Muammar Gadhafi។
អាហ្រ្វិកខាងកើត៖ អង្គការស្បៀងអាហារពិភពលោកបានឲ្យដឹងថា ខ្លួនកំពុងបង្កើនជំនួយបន្ថែមទៀតទៅកាន់តំបន់អាហ្រ្វិកខាងកើត ដែលនៅទីនោះខ្លួនកំពុងព្យាយាមជួយប្រជាពលរដ្ឋចំនួន ១១លាន ៥សែននាក់ ដែលកំពុងដោះស្រាយជាមួយនឹងវិបត្តិរាំងស្ងួត និងគ្រោះទុរភិក្សនៅក្នុងតំបន់នោះ ។
ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុនបានសំរេចមិនបន្តនូវការណែនាំពីការជម្លៀសប្រជាពលរដ្ឋសម្រាប់តំបន់ខ្លះនៅជុំវិញរោងចក្រនុយក្លេអ៊ែ Fukushima Daiichi ដែលបានបង្កើតនូវឱកាសឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ។
អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron បានសន្យាកែលម្អឡើងវិញនូវសណ្តាប់ធ្នាប់ និងដាក់ទណ្ឌកម្មដល់ជនដែលទទួលខុសត្រូវលើកុបកម្មហិង្សា ដែលបានរាលដាលពាសពេញទីក្រុងឡុងមកទល់នឹងថ្ងៃទី ៣ និងកំពុងតែរាលដាលដល់ទីក្រុងផ្សេងៗទៀត ។ លោកនាយករដ្ឋមន្រ្តីបានហៅអំពើហិង្សានេះថាជា «ឧក្រិដ្ឋកម្មពិតៗ»។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់ទីតាំងទ័ពអាកាស Dover ដើម្បីគោរពវិញ្ញាណខ័ណ្ណទាហានអាមេរិកាំង៣០នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងប្រទេសអាហ្គានីស្ថាន។
ឥណ្ឌា៖ ប៉ូលីសក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាបានបាញ់ទឹក និងវាយទៅលើពួកបាតុករនៅខាងក្រៅសភានៅពេលដែលពួកគេ ព្យាយាមបញ្ឈប់ការផ្ទុះកំហឹងកាន់តែខ្លាំងឡើងលើរឿងពុករលួយជាបន្តបន្ទាប់។