ព័ត៌មានចុងក្រោយបំផុត៖
ថៃ៖ បេក្ខជននានានៅក្នុងប្រទេសថៃកំពុងរៀបចំការជួបប្រជុំគ្នាជាចុងក្រោយកាលពីថ្ងៃសុក្រ គឺនៅមុនការបោះឆ្នោតជាសាកលនៅថ្ងៃអាទិត្យ។
ចិន៖ លោកប្រធានាធិបតីចិន Hu Jintao បានប្រារព្ធខួបកំណើតឆ្នាំទី៩០នៃគណបក្សកុម្មយនិស្តចិននៅថ្ងៃសុក្រនេះ ដោយលោកបានមានប្រសាសន៍ប្រាប់ពួកមន្ត្រីនិងសមាជិកគណបក្សរាប់ពាន់នាក់ថាគណបក្សត្រូវធ្វើឱ្យប្រាកដប្រជាអំពីការលូតលាស់សេដ្ឋកិច្ចនៅពេលដែលត្រួតត្រាស្ថិរភាពស៊ីវិល។
ជប៉ុន៖ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមរឹតត្បិតការប្រើប្រាស់អគ្គិសនីនៅតំបន់តូក្យូនិងតូហូគូ (Tohoku) គឺនៅ៣ខែក្រោយពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិបានបណ្តាលឲ្យមានការខូចខាតម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរនៅរោងចក្រ Fukushima Daiichi។
ស៊ីរី៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. Hillary Clinton បានមានប្រសាសន៍ថាជិតអស់ពេលវេលាហើយសម្រាប់រដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតី Bashar al-Assad នៅពេលដែលពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ បានសុំដល់ប្រជាពលរដ្ឋស៊ីរីឱ្យធ្វើការប្រជុំមហាជននៅទូទាំងប្រទេសនៅថ្ងៃសុក្រនេះ ហើយអំពាវនាវឱ្យបណ្តេញប្រធានាធិបតីចេញពីតំណែង។
សហរដ្ឋអាមេរិក៖ មានការរាយការណ៍មកថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ កំពុងពិចារណាអំពីការបង្កើនរយៈពេលខ្លីនូវចំនួនបំណុលអតិបរមា ដើម្បីបញ្ចៀសកុំឲ្យរដ្ឋាភិបាលសងបំណុលមិនទាន់ ហើយដើម្បីបំបែកភាពទាល់ច្រករវាងលោកអូបាម៉ានិងអ្នកតាក់តែងច្បាប់ខាងគណបក្សសាធារណរដ្ឋ។
វេណេស៊ុយអេឡា៖ លោកប្រធានាធិបតី Hugo Chavez នៃប្រទេសវេណេស៊ុយអេឡាបាននិយាយថា លោកបានទទួលការវះកាត់ដោយជោគជ័យក្នុងប្រទេសគុយបា ដើម្បីកាត់ដុំពកមហារីកមួយ។
ញូវយ៉ក៖ លោក Dominique Strauss-Kahn អតីតនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនឹងចេញបង្ហាញខ្លួននៅចំពោះមុខចៅក្រមម្នាក់ក្នុងបូរីញូវយ៉ក នៅថ្ងៃសុក្រនេះ នៅពេលមានសេចក្តីរាយការណ៍ថា ករណីនៃការរំលោភខាងកាមតណ្ហាប្រឆាំងនឹងលោកកំពុងមានបញ្ហា ដោយសារបញ្ហាការមិនគួរឱ្យជឿអ្នកចោទប្រកាន់លោក។
ព័ត៌មានពីពេលមុននេះ៖
លីបង់៖ តុលាការគាំទ្រដោយអ.ស.ប.ដែលកំពុងតែស៊ើបអង្កេតអំពីការធ្វើឃាតអតីតនាយករដ្ឋមន្ដ្រី Rafik Hariri នៃប្រទេសលីបង់នៅឆ្នាំ២០០៥ បានចេញដីកាចោទប្រកាន់ហើយនឹងចេញដីកាចាប់ខ្លួនជនជាប់សង្ស័យ៤នាក់នៅក្នុងករណីនេះ។
លីបង់៖ លោកអតីតនាយករដ្ឋមន្ដ្រី Rafik Hariri នៃប្រទេសលីបង់ត្រូវបានចាត់ទុកថាជាកម្លាំងនយោបាយដ៏ខ្លាំងក្លាម្នាក់នៅក្នុងប្រទេសនេះ ហើយនឹងនៅទូទាំងពិភពអារ៉ាប់មុនមរណភាពរបស់លោកនៅឆ្នាំ២០០៥ ដោយសារការផ្ទុះគ្រាប់បែកនៅក្នុងរថយន្ដកាមីញ៉ុងមួយគ្រឿងដែលមានគោលដៅទៅលើក្បួនដឹកនាំរបស់លោកនៅប្រទេសលីបង់។
ក្រិក៖ សភានៃប្រទេសក្រិកបានព្រមព្រៀងគ្នាអំពីសេចក្ដីលម្អិតនៃផែនការតឹងរឹងថ្មី ជាការប្រោះព្រំសម្រាប់ការបញ្ចេញជំនួយអន្ដរជាតិច្រើនថែមទៀតទៅឲ្យរដ្ឋាភិបាលនេះដែលមានប្រាក់បំណុលយ៉ាងច្រើនលើសលប់។
អាហ្វហ្កានីស្ថាន៖ អង្គការណាតូ (NATO) ឲ្យដឹងថាខ្លួនបានសម្លាប់មេដឹកនាំថ្នាក់ខ្ពស់នៃបណ្ដាញ Haqqani នៅក្នុងប្រទេសអាហ្វហ្កានីស្ថានដែលជាប់សង្ស័យក្នុងបទជួយពួកសកម្មប្រយុទ្ធដែលវាយប្រហារទៅលើសណ្ឋាគារមួយនៅទីក្រុងកាប៊ុល នៅដើមអាទិត្យនេះ។
អាហ្វហ្កានីស្ថាន៖ អ្នកកាសែតបារាំង២នាក់ដែលត្រូវបានពួកតាលីបាន់ចាប់នៅក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយ:ពេលមួយឆ្នាំកន្លះ បានវិលត្រឡប់ទៅប្រទេសបារាំងវិញហើយ ក្រោយពីពួកអ្នកចាប់ពង្រត់បានដោះលែងពួកគេ។
ប៉ាគីស្ថាន៖ ក្រុមមន្ដ្រីយោធាប៉ាគីស្ថានឲ្យដឹងថា កងកម្លាំងសន្ដិសុខនៃប្រទេសនេះបានសម្លាប់ជនសកម្មប្រយុទ្ធយ៉ាងតិច៤០នាក់នៅក្នុងតំបន់របស់ពួកកុលសម្ព័ន្ធនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្កានីស្ថានក្នុងរយ:ពេលជាច្រើនថ្ងៃកន្លងមកនេះ។
អេហ្ស៊ីប៖ លោកស្រី ហ៊ីល្លារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. និយាយនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោកអូបាម៉ានឹងដាក់កម្រិតជាថ្មីម្ដងទៀតទៅលើការទាក់ទងជាមួយក្រុមសាសនានិយមមួយឈ្មោះ Muslim Brotherhood។
លីប៊ី៖ ក្រុមមេដឹកនាំនៃប្រទេសក្នុងទ្វីបអាហ្វ្រិកបានបើកសន្និសីទកំពូលមួយ នៅក្នុងប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) ដែលគេរំពឹងថានឹងផ្ដោតភាគច្រើនទៅលើការប៉ះទង្គិចគ្នានៅប្រទេសលីប៊ី។
សូម៉ាលី៖ អ.ស.ប.ឲ្យដឹងថាវិបត្ដិស្បៀងអាហារនៅក្នុងប្រទេសសូម៉ាលីកំពុងតែកើនឡើងហើយ ដោយមកពីស្បៀងអាហារឡើងថ្លៃ និងភាពរាំងស្ងួតដែលមានបន្ដទៅទៀតនៅក្នុងប្រទេសនេះ។