ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៩ ធ្នូ យប់


នាយករដ្ឋមន្ត្រី​ស្លូវេនី Barut Pahor (ឆ្វេង), អធិការបតី​អាល្លឺម៉ង់ Merkel (កណ្តាល) និង នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ Jyrki Katainen ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគមន៍​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល កាល​ពី​ថ្ងៃ​ទី​០៩​ខែ​ធ្នូ​នេះ។
នាយករដ្ឋមន្ត្រី​ស្លូវេនី Barut Pahor (ឆ្វេង), អធិការបតី​អាល្លឺម៉ង់ Merkel (កណ្តាល) និង នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ Jyrki Katainen ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគមន៍​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល កាល​ពី​ថ្ងៃ​ទី​០៩​ខែ​ធ្នូ​នេះ។

សហភាព​អ៊ឺរ៉ុប៖ សមាជិក​ទាំង​២៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ (EU) បាន​បរាជ័យ​ក្នុង​ការ​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​ផ្លាស់ប្តូរ​មួយ​ក្នុង​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ ដែល​ការណ៍​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​ដាក់​វិធានការ​តឹងរឹង​ជាង​មុន​លើ​គោល​នយោបាយ​សារពើពន្ធ​ជាតិ​ក្នុង​ប្រទេស​ជា​សមាជិក​ខ្លួន។

ហ្វីលីពីន៖ លោក​ស្រី​គ្លូរៀ អារ៉ូយ៉ូ (Gloria Arroyo) អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​កាន់​មន្ទីរព្យាបាល​យោធា​មួយ​វិញ​ក្នុង​រយៈពេល​រង់ចាំ​សវនាការ​ពី​បទ​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​២០០៧។

ហូឡង់៖ រដ្ឋាភិបាល​ប្រទេស​ហូឡង់​បាន​សុំ​ទោស​ជា​ផ្លូវការ​លើ​ការ​សម្លាប់​មនុស្ស​ដ៏​រង្គាល​ក្នុង​ឆ្នាំ​១៩៤៧​ដែល​បាន​សម្លាប់​ក្រុម​យុវជន​ក្មេងៗ​និង​កុមារា​អស់​ប្រមាណ​រហូត​ដល់​៤៣០​នាក់​ក្នុង​អំឡុង​ពេល​សង្គ្រាម​ដើម្បី​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។

កុងហ្គោ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​រំពឹង​ថា​នឹង​ចេញផ្សាយ​លទ្ធផល​ឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ថ្ងៃ​សុក្រ​នេះ​ គឺ​យឺត​ជាង​ពេល​វេលា​ដែលបាន​កំណត់​ចំនួន​បី​ថ្ងៃ។

អូស្រ្តាលី៖ តុលាការ​មួយ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​លើកលែង​បម្រាម​លើ​ការ​លក់ដូរ​កុំព្យូទ័រ​បន្ទះ​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​សាំសុង (Samsung) ដោយ​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​មួយ​របស់​ក្រុមហ៊ុន​អេផល​ (Apple) ដែល​ជា​ដៃ​គូ​ប្រកួតប្រជែង​របស់​ខ្លួន​ ក្នុង​ការ​សុំ​ឱ្យ​មាន​ការ​ហាម​ឃាត់​បន្ត​ទៀត​ ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ប្រកាសនីយប័ត្រកម្ម។

ឥណ្ឌា៖ អគ្គីភ័យ​មួយ​បាន​សម្លាប់​មនុស្ស​អស់​ជាង​៧០នាក់​នៅ​ឯ​មន្ទីរពេទ្យ​ឯកជន​មួយក្នុង​ទី​ក្រុង​កុលកាតា​ នា​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា (India)។

ចិន៖ ប្រទេស​ចិន​កំពុង​ទាត់​ចោល​ការ​ទាមទារ​ជា​អន្តរជាតិ​មួយ​ ដើម្បី​ឱ្យ​ដោះលែង​ម្ចាស់​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ គឺ​លោក លុយ សៀបាវ(Liu Xiabao)។ លោក ហុង ឡី (Hong Lei) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អ្នក​និពន្ធ​មាន​និន្នាការ​ប្រឆាំង​រូប​នេះ​«បាន​ល្មើស​ច្បាប់​ប្រទេស​ចិន​និង​គួរតែ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់។»

អ៊ីរ៉ង់៖ ប្រទេស​ជប៉ុន​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ខ្លួន​កំពុង​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ថ្មី​មួយ​ទៀត​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ខណៈដែល​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​សហភាពអឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) បាន​ពិចារណា​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បន្ថែម​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​តេអេរ៉ង់ (Tehran) ជុំវិញ​កម្មវិធី​បរិមាណូ​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន។

បាគីស្ថាន៖ ប៉ូលីស​បាគីស្ថាន​និយាយ​ថា​ គ្រាប់បែក​ដែល​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដងផ្លូវ​មួយ​ បាន​សម្លាប់​ទាហាន​ចំនួន​បីនាក់​ក្នុង​ទីក្រុង​កំពង់ផែ​ ការ៉ាជី (Karachi) នា​ភាគ​ខាង​ជើង​ប្រទេស។

ជប៉ុន៖ អាជ្ញាធរ​ត្រី​បាឡែន​របស់​ប្រទេស​ជប៉ុន​និយាយ​ថា ​ពួកគេ​កំពុង​តែ​ប្តឹង​សកម្មជន​ផ្នែក​បរិស្ថាន​មួយ​ក្រុម​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ព្យាយាម​រំខាន​ដល់​ការ​ប្រម៉ាញ់​ត្រី​បាឡែន​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន​ក្នុង​មហាសមុទ្រ​អង់តាក់ទិក (Antarctic)។

ចិន៖ តុលាការ​ចិន​មួយ​បាន​កាត់​ទោស​ប្រហារ​ជីវិត​កសិករ​ផលិត​ទឹកដោះគោ​ម្នាក់​ដោយ​សារ​បាន​បំពុល​ទឹកដោះគោ​របស់​ដៃ​គូ​ប្រកួត​ប្រជែង​ខ្លួន ជាមួយ​នឹង​សារជាតិ​គីមី​ឧស្សាហកម្ម​មួយ​ប្រភេទ​ដែល​បាន​បណ្តាល​ឱ្យ​កុមារ​បីនាក់​បាន​ស្លាប់​និង​៣៦​នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ។

XS
SM
MD
LG