សង្គ្រាមប្រឆាំងអំពើពុករលួយ (The War on Graft) បានធ្វើឲ្យញ័ររញ្ជួយយ៉ាងខ្លាំងឆ្លងកាត់រដ្ឋសភារបស់ប្រទេសកេនយ៉ា ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយមានរដ្ឋមន្ត្រីមួយចំនួន ត្រូវបានកំណត់មុខសញ្ញានៅក្នុងការស៊ើបអង្កេតយ៉ាងលេចធ្លោ។ ប៉ុន្តែ អង្គភាពប្រឆាំងអំពើពុករលួយរបស់កេនយ៉ា បានថ្លែងថា មានការស៊ើបអង្កេតច្រើនថែមទៀត កំពុងដំណើការ។
ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលឯកភាពជាតិ បានសន្យាថានឹងមានកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីធ្វើកំណែទម្រង់ក្រុមមន្រ្តីសាធារណៈនៅក្នុងប្រទេសនេះ ដែលអង្គការតម្លាភាពអន្តរជាតិមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងបានចាត់ថ្នាក់ថាជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតរបស់ពិភពលោក។
រដ្ឋាភិបាលចម្រុះ គួរតែអាចទទួលបានលើសពីអ្វីដែលខ្លួនបានដាក់គោលដៅកំណត់ ដោយសារតែអ្នកនយោបាយឆ្នើមៗមួយចំនួនរបស់កេនយ៉ា បានដឹងថាពួកគេស្ថិតនៅក្រោមការស៊ើបអង្កេតដោយគណៈកម្មការប្រឆាំងអំពើពុករលួយ (Anti-Corruption Commission) របស់កេនយ៉ា។
នៅរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុន ករណីដូចជា រដ្ឋមន្ត្រីការបរទេស លោកម៉ូសេស វីតាងហ្គូឡា (Moses Wetang'ula) និងលោកវីលៀម រ៉ូតូ (William Ruto) ដែលនឹងក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ក្នុងឆ្នាំ២០១២ត្រូវបានបង្ខំឲ្យលាលែងពីមុខតំណែងក្នុងគណៈរដ្ឋមន្ត្រីដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេត ទៅលើករណីលួចបន្លំ។
គណៈកម្មការប្រឆាំងអំពើពុករលួយ បានបោះជំហានចូលឆ្នាំថ្មី ដោយមានរឿងក្តីមួយទៀតប្រឆាំងនឹងអតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោកហេនរី ហ្កូសហ្គេ (Henry Kosgey) ពីបទមានតួនាទីនៅក្នុងការនាំចូលរថយន្តដោយខុសច្បាប់ចូលទៅក្នុងប្រទេស។ លោក ហ្គូសហ្កេ ជាប្រធានចលនាពណ៌ទឹកក្រូចគាំទ្រលទ្ធិប្រជាធិបតេយ្យ (Orange Democratic Movement) ដែលជាគណបក្សរបស់លោកនាយករដ្ឋមន្ត្រី រ៉េឡា អូឌិនហ្គា (Raila Odinga)។
ប៉ុន្តែ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ លោកភីអិលអូ លូម៉ុមបា (P.L..O Lumumba) មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនទាន់បញ្ចប់នៅឡើយទេ។ លោកលូម៉ុមបា បានប្រកាសកាលពីថ្ងៃអង្គារ៍មុនថា រឿងក្តីសំខាន់ៗមួយចំនួននឹងបញ្ជូនទៅដល់ការិយាល័យរបស់អគ្គមេធាវីរបស់រដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។
«យើងរំពឹងថា សំណុំរឿងក្តីដ៏មានឥទ្ធិពលចំនួន៥ទៅ៨ នឹងទៅដល់លោកអគ្គមេធាវី ប្រសិនបើមិនមានកត្តាអ្វីកើតឡើងទេ»។
ការចោទប្រកាន់ បានជាប់ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ទៀតនិងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍មិនត្រឹមត្រូវ ដែលចេញដោយរដ្ឋាភិបាលកណ្តាល។ នៅក្នុងការប្រកាសនោះ លោកលូម៉ុមបា បានហៅការចោទប្រកាន់នេះថា«មានសារៈសំខាន់យ៉ាងខ្លាំង» ហើយសន្យាបញ្ជូនសំណុំរឿងក្តីទាំងនេះ ទៅអាជ្ញាធរដ៏សមស្របក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
លោកលូម៉ុមបា បានដំណើការលឿនជាងអ្នកកាន់តំណែងមុនរបស់លោកក្នុងការដោះស្រាយអំពើពុករលួយយ៉ាងរាលដាលនៅកេនយ៉ា ប៉ុន្តែការកាន់តំណែងរបស់លោកមិនមែនគ្មានការរិះគន់នោះឡើយ ជាពិសេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រាល់មុខសញ្ញាលេចធ្លោរបស់លោកលូម៉ុមបាទាំងអស់ ចេញមកពីជួរគណបក្សប្រឆាំង ហើយក្រុមសមាជិកចលនាពណ៌ទឹកក្រូចគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងអះអាងអំពីភាពមិនយុត្តិធម៌នេះ។
កាលពីសប្តាហ៍មុន សមាជិករបស់ចលនាពណ៌ទឹកក្រូចគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក រ៉ាឆេល ស្សេប៊េស (Rachael Shebesh) បានចោទប្រកាន់អង្គភាពប្រឆាំងអំពើពុករលួយពីបទមើលរំលងមន្រ្តីធំៗជាងនេះដោយហ៊ានតែជាមួយគណបក្សប្រឆាំង។
«តើនៅពេលណាបញ្ហាធំៗ នឹងត្រូវបានដោះស្រាយ? តើនៅពេលណាប្រជាពលរដ្ឋកេនយ៉ានឹងអាចមើលឃើញបញ្ហាក្រុមអង់ក្លូលីស៊ីង (Anglo-Leasing) ត្រូវបានដោះស្រាយ? តើនៅពេលណាយើងនឹងអាចមើលឃើញបញ្ហារបស់ហ្គោលដិនប៊ើកត្រូវបញ្ចប់? តើនៅពេលណាយើងនឹងមើលឃើញបញ្ហាទ្រីតុន ត្រូវបានដោះស្រាយឲ្យបានចំគោលដៅតែម្តង?»
ការអះអាងបែបនេះបានបង្កឲ្យមានការរិះគន់ពីសំណាក់គណបក្សឯកភាពជាតិដែលកំពុងកាន់អំណាច។ លោកលូម៉ុមបា បានច្រានចោលការចោទប្រកាន់ពីបទមានចេតនានយោបាយដោយបានទទូចថារឿងក្តីនឹងត្រូវបានស៊ើបអង្កេតដោយគណៈកម្មាការប្រឆាំងអំពើពុករលួយរបស់កេនយ៉ានៅពេលដែលរឿងក្តីទាំងនោះត្រូវបានរាយការណ៍ឲ្យដឹង៕
ប្រែសម្រួលដោយ លី សុខឃាង