ច្បាប់ដែលទើបនឹងប្រកាសថ្មី ដែលគ្រប់គ្រងរបៀបនៃការយកព័ត៌មានពីការបោះឆ្នោតរបស់អ្នកកាសែតកេនយ៉ា ពិតជាមិនអាចអនុវត្តន៍បានទេ និងហួសពីអំណាចរបស់រដ្ឋាភិបាល នេះបើយោងតាមប្រធានក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយប្រទេសកេនយ៉ា។
លោក Charles Kerich ប្រធានក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយបានផ្តល់បទសម្ភាសន៍ដល់ VOA សេវាភាសា Swahili កាលថ្ងៃទី០១ ខែមីនា មួយថ្ងៃបន្ទាប់ពីអាជ្ញាធរផ្នែកទំនាក់ទំនងរបស់ប្រទេសកេនយ៉ាបានចេញច្បាប់តម្រូវឲ្យអ្នកកាសែតកេនយ៉ារក្សាកំណត់ត្រា និងខ្សែអាត់សំឡេងទាំងអស់សម្រាប់រយៈពេលប្រាំមួយខែ និងត្រូវធ្វើឲ្យប្រាកដថា វាគ្មិនវិទ្យុ និងទូរទស្សន៍ មិនធ្វើសេចក្តីថ្លែងការណ៍ដែលគួរឲ្យស្អប់ខ្ពើមចំពោះបុគ្គលណាមួយ និងក្រុមជនជាតិភាគតិចណាមួយ។
លោក Kerich បានចោទសួរថា តើអាជ្ញាធរផ្នែកទំនាក់ទំនងមានអំណាចដើម្បីចេញច្បាប់បែបនេះដែរឬយ៉ាងណា ហើយលោកបាននិយាយថា ក្រុមប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយពុំបានទទួលការសុំពិគ្រោះយោបល់ឡើយ មុនពេលដែលច្បាប់នេះត្រូវបានដាក់ចេញ។
លោកក៏បានចោទសួរថា ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយគួរតែទទួលខុសត្រូវ ប្រសិនបើវាគ្មិនជាអ្នកបញ្ចេញយោបល់ដែលគួរឲ្យស្អប់ខ្ពើមនោះ។
លោកថ្លែងថា៖«ខ្ញុំគិតថាទំនួលខុសត្រូវចម្បងគួរតែនៅលើអ្នកដែលធ្វើការបរិហារកេរ្តិ៍ ឬការញុះញង់ មិនមែនលើស្ថាប័នព័ត៌មាននោះទេ។ ពួកគេមិនអាចដាក់ឲ្យទទួលខុសត្រូវដោយសារតែមានអ្នកណាម្នាក់បាននិយាយពាក្យដែលត្រូវបានចាត់ទុកថាមិនទទួលយកបានទេ»។
លោក Kerich បាននិយាយថា ច្បាប់រក្សាកំណត់ត្រានិងខ្សែអាត់សំឡេងមិនមែនជាបញ្ហាសម្រាប់លោកនោះទេ លុះត្រាតែរដ្ឋាភិបាលប្រើច្បាប់នោះទៅរឹបអូសសម្ភារៈទាំងនោះដើម្បីប្រយោជន៍សម្រាប់ការអនុវត្តច្បាប់ និងការកាត់ទោស។
លោកបានថ្លែងបន្តថា៖ «នៅខណៈពេលដែលអ្នកកាសែតត្រូវបានគេមើលឃើញថាកំពុងប្រមូលព័ត៌មានសម្រាប់សន្តិសុខសង្គម ពួកគេទាំងនោះមិនទទួលបានការស្វាគមន៍ឲ្យចូលរួម ព្រឹត្តិការណ៍មួយចំនួនឡើយ។ ហើយអ្នកដឹងទេថា ការកសាងប្រភពនីមួយៗចំណាយពេលច្រើនណាស់។ ប៉ុន្តែប្រសិនបើប្រភពព័ត៌មានគិតថា ព័ត៌មានអ្វីក៏ដោយដែលអ្នកកំពុងប្រមូលនឹងត្រូវប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេ ហើយដែលមានអ្នកធ្វើជាសាក្សីផងដែរនោះ វាមិនអាចនោះទេ»។
ក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកេនយ៉ា គឺហាក់ដូចជាអង្គភាពមួយដែលមានរដ្ឋាភិបាលនៅពីក្រោយ ដែលបានបង្កើតឡើងដើម្បីការពារឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសនេះ ខណៈដែលប្រទេសនេះកំពុងពង្រឹងស្តង់ដារវិជ្ជាជីវៈរបស់ខ្លួន។ ក្រុមប្រឹក្សានេះបានទទួលអំណាចពីច្បាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកេនយ៉ាដែលបានអនុម័តកាលឆ្នាំ២០១៣ ។
លោក Victor Bwire អនុប្រធានក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយបានការពារអាជ្ញាធរផ្នែកទំនាក់ទំនង ដោយនិយាយថា ច្បាប់ដែលអាជ្ញាធរបានប្រកាសបានចូលជាធរមានរួចទៅហើយ ហើយវាត្រូវការតែការអនុវត្តប៉ុណ្ណោះ។
លោកបានប្រាប់ VOA ថា៖ «យើងបានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួចទៅហើយ ជាពិសេសទូរទស្សន៍ និង វិទ្យុ ដូច្នេះយើងអាចពិភាក្សាជាមួយគ្នាបាន ស្របពេលដែលយើងកំពុងតែទន្ទឹងរង់ចាំការបោះឆ្នោតនៅខែសីហាខាងមុខនេះ។ យុទ្ធនាការផ្សព្វផ្សាយការបោះឆ្នោតបានចាប់ផ្តើមហើយ។ ស្ថាប័នសារព័ត៌មានមួយចំនួនមិនបានធ្វើការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវទេ»។
លោកបន្ថែមថា៖ «ដូច្នេះ មូលហេតុចម្បងនៃការនិយាយជាមួយពួកគេនៅថ្ងៃនេះ គឺដើម្បីរំឭកពួកគេពីច្បាប់ដែលដឹកនាំប្រតិបត្ដិការផ្សព្វផ្សាយនៅក្នុងប្រទេសនេះ»៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង