ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ាបង្រៀន​អ្នកនយោបាយ​អំពី​នីតិវិធី​នៃ​ការបោះឆ្នោត


គណៈកម្មការ​ព្រំដែន​និង​ការបោះឆ្នោត​ដោយ​ឯករាជ្យ ដែល​ហៅកាត់ថា IEBC
គណៈកម្មការ​ព្រំដែន​និង​ការបោះឆ្នោត​ដោយ​ឯករាជ្យ ដែល​ហៅកាត់ថា IEBC
ដោយ Jill Craig
រដូវ​បោះឆ្នោត​នៅក្នុង​ប្រទេសកេនយ៉ា (Kenya) បាន​ចូលមកដល់ហើយ​គណៈកម្មការ​ព្រំដែន​និង​ការបោះឆ្នោត​ដោយ​ឯករាជ្យ កំពុង​ព្យាយាម​អប់រំ​ក្រុម​អ្នកបោះឆ្នោត​អំពី​នីតិវិធីបោះឆ្នោត និង​ជំហាន​ទាំងឡាយ ដែលគណៈកម្មការ​កំពុង​ចាត់វិធានការ ដើម្បីលុបបំបាត់​ការក្លែងបន្លំ។ ផ្នែក​មួយ​នៃ​ការងារ​នេះ រួមបញ្ចូល​ទាំងការអប់រំ​បេក្ខជន​នយោបាយ​ផងដែរ។
កាល​ពីពេល​ថ្មីៗ​នេះ​ ក្រុម​អ្នកនយោបាយ​បានប្រមូល​ផ្តុំគ្នា នៅក្នុង​បន្ទប់​ប្រជុំ​យ៉ាង​កកកុញ​មួយ នៅក្នុង​ទីក្រុង ម៉ុមបាសា ដើម្បី​ពិភាក្សា​បញ្ហា​ទាំងឡាយ ដែល​ជាប់ទាក់ទង​ទៅនឹង​ការ​បោះឆ្នោតនៅ​ប្រទេសកេនយ៉ា ដែល​នឹងចូលមកដល់​នា​ថ្ងែទី​៤ ខែមីនា ខាងមុខ​នេះ។ ពួកគេ​មានវិធានការ​ជាក់លាក់​មួយ ដើម្បី​ធានា​ឱ្យបាន​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌ ហើយ​ពួកគេ​នឹង​មិនមានការអៀនខ្មាស​នៅ​ក្នុង​ការបង្ហាញ​ពី​ទុក្ខសោក​របស់​ពួកគេជាមួយ​នឹង​លោក ហ្រ្វែងក៍ អ៊ឹមវ៉ាលែនហ្គា (Frank Mwalenga) ដែល​ជា​តំណាង​របស់​គណៈកម្មការ​ព្រំដែន​និង​ការបោះឆ្នោត​ដោយ​ឯករាជ្យទេ។
លោក អ៊ឹមវ៉ាលែនហ្គា និយាយ​ថា គណៈកម្មការ​ព្រំដែន​និង​ការបោះឆ្នោត​ដោយ​ឯករាជ្យ ដែល​ហៅកាត់ថា IEBC កំពុងបើក​វគ្គ​អប់រំ​ដល់​អ្នក​នយោបាយ​ទាំងនេះ នៅទូទាំង​ប្រទេសកេនយ៉ា ពីព្រោះ​បេក្ខជន​ត្រូវដឹង​ថា មិនមាន​សកម្មភាព​ក្លែងបន្លំ​ណាមួយនឹង​ត្រូវបាន​អនុញ្ញាតឡើយ។
«វាមាន​សារសំខាន់​ណាស់ ដែល​យើង​ទាំងអស់​គ្នា​អាន​ទំព័រ​ដូចគ្នា ពីព្រោះ​យើង​បាន​ដឹង​ថា ការបោះឆ្នោត​កាលពីពេល​មុនៗ​មាន​បញ្ហា​ច្រើន​ណាស់។ ប៉ុន្តែ ឥឡូវនេះ យើង​ចង់ឱ្យ​បេក្ខជន​យល់ច្បាស់អំពី​ច្បាប់ ដែល​យើង​អាចលើកជា​ឧទាហរណ៍​បាន​ថា មាន​ក្រម​នៃ​ការ​ប្រព្រឹត្ត​ ដែល​គ្រប់គ្រង​ការអនុវត្ត​របស់​ពួកគេ នៅក្នុង​ពេល​យុទ្ធនាការឃោសនា​បោះឆ្នោត។ ពួកគេ​ត្រូវ​គោរព​ច្បាប់​នេះ និងលក្ខខណ្ឌ​ទាំង​អស់​នោះ។»
បច្ចុប្បន្ននេះ ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង​លោក លោក រ៉ាស្សីដ អ៊ិនហ្សាមប៊ុ (Rashid Nzambu) កំពុង​ធ្វើការ​ជាមួយ​បេក្ខជន​នយោបាយ​មួយរូប មកពី​មណ្ឌល អ៊ឹមវីតា (Mvita)។ លោក​បាន​ចូលរួម​វគ្គ​អប់រំ​របស់​គណៈកម្មការ IEBC ហើយ​និយាយ​ថា លោក​យល់ឃើញ​ថា វគ្គ​អប់រំ​នេះ​មាន​ប្រយោជន៍​ណាស់។
«វគ្គអប់រំ​នេះ​អនុញ្ញាតឱ្យ​បេក្ខជន​ជាច្រើន ពិនិត្យមើល​ឡើងវិញ​នូវ​ការពិត​មួយចំនួន​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត ឧទាហរណ៍ថា តើនឹងមាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​បោះឆ្នោត។ មាន​កិច្ចការជាច្រើន​ដែល​មិនមាន​ភាព​ច្បាស់លាស់ ទោះបីជា​ពួកយើងបាន​ទៅ​ការិយាល័យ​របស់​គណៈកម្មការ IEBC ហើយ​រឿងរ៉ាវ​ទាំងឡាយ​ត្រូវបាន​បញ្ជាក់​ច្បាស់លាស់សម្រាប់​ពួកយើងក៏ដោយ។ ប៉ុន្តែ វា​ជា​រឿង​ល្អ​មួយ ដែល​បេក្ខជន​ទាំងអស់ អាច​អង្គុយ​ជាមួយគ្នា ហើយ​អាច​សួរ​សំណួរ​និង​ទទួលបាន​ចម្លើយ។»
លោក អ៊ិនហ្សាមប៊ុ និយាយ​ថា បេក្ខជន​ភាគច្រើន​ដែល​បាន​ចូលរួម​វគ្គ​អប់រំ​របស់​គណៈកម្មការ IEBC មាន​ការខ្វល់ខ្វាយ​អំពី​បញ្ហា​នីតិវិធី​និង​បច្ចេកទេស នៅថ្ងៃបោះឆ្នោត។
«មនុស្ស​ទាំងអស់​មាន​ការភ័យខ្លាច​អំពី​ម៉ាស៊ីន ថាតើ​នឹង​មាន​ចរន្ត​អគ្គីសនី​នៅថ្ងៃ​នោះដែរ​ឬយ៉ាងណា ថាតើ​ម៉ាស៊ីនទាំង​នោះ​នឹង​អាច​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់ចំនួន​បាន​បោះឆ្នោត​តាមពេលវេលា​កំណត់ គឺ​មុនម៉ោង​៥​ល្ងាច​ដែរ​ឬយ៉ាងណា។ ហើយ​ការិយាល័យនៅទីនេះ​បាន​និយាយ​ថា មនុស្ស​គ្រប់រូប​ដែល​ស្ថិតនៅ​ក្នុង​ស្ថានីយ​បោះឆ្នោត នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត ទោះបីជា​ត្រូវចំណាយ​ពេល​វេលា​យូរ​ប៉ុនណា​ក៏ដោយ។»
ទោះបីជា​មាន​ការព្រួយបារម្ភ​អំពីបញ្ហា​សម្ភារៈក្តី ម៉ារី អូយៀរ៍ (Mary Oyiar) ដែល​ជា​បេក្ខជន​មួយ​រូប​ ដែល​ប្រកួតប្រជែង​ជាបេក្ខជន​តំណាង​ទីក្រុង ម៉ុមបាសា និយាយ​ថា ការភ័យខ្លាច​ដ៏លើសលុប​គឺ​ការលួចបន្លំ​នៅក្នុង​ការបោះឆ្នោត។
«ការសូកប៉ាន់​គឺជា​រឿង​ទូទៅ​បំផុត​មួយ​នៅក្នុង​ទីក្រុង ម៉ុមបាសា។ អ្នក​ឃើញ​ទេ មាន​បេក្ខជន​មួយចំនួន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ជាទូទៅ ពួកគេ​បាន​ទៅ​ស្ថានីយ​បោះឆ្នោត ហើយ​ឈរនៅទីនោះ ហើយ​រាក់ទាក់​ជាមួយ​មនុស្ស​គ្រប់រូប ដែល​មកបោះឆ្នោត។ ពួកគេបាន​ប្រគល់​រូបថត​មួយសន្លឹក ឬ​អ្វី​ផ្សេងទៀត​ទៅឱ្យ​អ្នកបោះឆ្នោត ហើយ​ប្រាប់​ពួកគេ​ថា សូម​បោះឆ្នោតឱ្យ​អ្នក​នេះ ដើម្បី​ប្តូរ​ជាមួយនឹង​ប្រាក់​ពីរ​ឬ​ប្រាំរយ​សៀលលីង ដែល​មាន​តម្លៃ​ប្រហែលជា ២,៣​ឬ​៥,៨​ដុល្លា​សហរដ្ឋអាមេរិក។ ដូច្នេះ ពួកគេ​ផ្លាស់ប្តូរ​គំនិត​របស់​អ្នក​បោះឆ្នោត​នៅនឹង​កន្លែងតែម្តង។»
លោកស្រី ចាណែត មីរ៉ូប៊ី (Janet Mirobi) គឺជា​អ្នក​ប្រកួតប្រជែង​ម្នាក់ទៀត ដែល​ប្រជែងយកអសនៈ​តំណាងរាស្រ្ត​នៅក្នុង​ទីក្រុង ម៉ុមបាសា។ លោក​ស្រី​យល់ស្រប​ជាមួយ អូយៀរ៍ ដែល​ថា​ ជារឿយៗលុយ​ត្រូវបាន​ផ្លាស់ប្តូរ​ជាមួយ​នឹង​សន្លឹកឆ្នោត ហើយ​និយាយ​ថា ប្រការ​នេះ​បាន​ធ្វើឱ្យ​បេក្ខជន​ដែល​មិនមាន​ធនធាន​ដូចជា​រូប​លោកស្រី ស្ថិត​នៅក្នុង​ស្ថានភាព​ចាញ់ប្រៀបគេ។
«ការព្រួយបារម្ភ​ដ៏ធំ​គឺថា អ្នកមានលុយ ពួកគេ​ថែមទាំងទិញ​មនុស្ស​នៅទីនោះ​ថែមទៀត។ សូម្បីតែ​ប៉ូលីស អ្នក​អាច​រាយការណ៍ ហើយ​ពួកគេ​មិន​ឆ្លើយតប​ជាមួយ​អ្នកទេ ពីព្រោះ​អ្នក​គ្មាន​លុយ​ឱ្យ​ពួកគេ។ ពួកគេ​ធ្លាប់បាន​លុយ។ ហេតុនេះហើយ​បាន​ជាអ្នក​ឃើញ​ថា យើង​កំពុងតែ​តវ៉ា។ តើ​យើង​នឹង​ត្រូវធ្វើអ្វី​ខ្លះ ដោយសារពួកអ្នកធំៗ​ទាំងនេះ​មានលុយ? បេក្ខជន​ភាគច្រើន​នៅទីនេះ មិនមាន​លុយ​ទេ។ ពួកអ្នកធំៗ​នៅទីនេះ ពួកគេ​មាន​លុយច្រើន។»
ដោយ​ទទួលស្គាល់​ថា បញ្ហា​ទាំងនេះ​ធ្លាប់​ជាបញ្ហា​មួយ​កាលពី​អតីតកាល លោក អ៊ឹមវ៉ាលែនហ្គា នៃ​គណៈកម្មការ IEBC និយាយ​ថា គណៈកម្មការ​មានការប្តេជ្ញា​ចិត្ត ចំពោះការបោះឆ្នោត​ប្រកបដោយ​តម្លាភាព​នៅលើកនេះ។
«ខ្ញុំនិយាយ​ច្បាស់​ចំពោះ​បញ្ហា​នេះ នាពេល​ឥឡូវនេះ។ ច្បាប់​បាន​ផ្តល់​អំណាច​ឱ្យ​យើង​ក្នុងនាម​ជា​មន្រ្តី​បោះឆ្នោត ដើម្បី​តាមដាន​បញ្ហា​ទាំងនេះ ពីព្រោះ​យើង​ចង់ឱ្យ​បេក្ខជន​ទាំងអស់​មើល​ឃើញ​យើង​ថាជា​មនុស្ស​ប្រកបដោយ​យុត្តិធម៌។ ដូច្នេះ យើង​មិនចង់ឱ្យ​បេក្ខជន​ណាមួយចាញ់​ និងត្រូវបាន​រើសអើង​ ដោយសារ​តែ​បេក្ខជន​ម្នាក់​នោះមិនមាន​ធនធាន​នោះទេ។ ដូច្នេះ នៅក្នុង​បញ្ហា​នេះ យើង​នឹង​ធានា​ឱ្យច្បាស់​ថា ជនទាំងឡាយ​ណា​ដែល​ល្មើសច្បាប់ ច្បាប់​ត្រូវ​ចាត់​វិធានការ។»
បើ​យោងតាម​គណៈកម្មការ IEBC ទីក្រុង ម៉ុមបាសា បាន​ចុះបញ្ជី​អ្នកបោះឆ្នោត​ ចំនួន​៤សែន៣ម៉ឺន២ពាន់​នាក់ សម្រាប់​ការបោះឆ្នោតនាពេល​ខាងមុខនេះ ដែល​ស្មើ​នឹង​៩៤​ភាគរយ​នៃ​គោលដៅ​របស់​គណៈកម្មការ​នេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG