ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ា​បង្កើតក្រុម​មេធាវី​សម្រាប់ជា​ជំនួយក្នុង​ការឆ្លើយ​តប​ទៅ​នឹង​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ


រូបភាព​ផ្គុំចូលគ្នា​ដែល​បង្កើតចេញ​ពី​រូបថតឯកសារ​ក្នុង​កាលបរិច្ឆេទផ្សេងគ្នា​នៅឆ្នាំ២០១១ បង្ហាញ​ជនសង្ស័យ​ប្រាំមួយរូប​ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិលើ​អំពើ​ហិង្សា​ក្រោយការ​បោះឆ្នោត​នៅ​កេនយ៉ា ក្នុង​សវនាការ​នៅហាគ ប្រទេស​ហូល្លង់។
រូបភាព​ផ្គុំចូលគ្នា​ដែល​បង្កើតចេញ​ពី​រូបថតឯកសារ​ក្នុង​កាលបរិច្ឆេទផ្សេងគ្នា​នៅឆ្នាំ២០១១ បង្ហាញ​ជនសង្ស័យ​ប្រាំមួយរូប​ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិលើ​អំពើ​ហិង្សា​ក្រោយការ​បោះឆ្នោត​នៅ​កេនយ៉ា ក្នុង​សវនាការ​នៅហាគ ប្រទេស​ហូល្លង់។

រដ្ឋាភិបាល កេនយ៉ា (Kenya) បាន​បង្កើតក្រុមមេធាវីដែល​មានចំនួន​១០រូប ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល ស្តីពី​ថាតើ​ត្រូវ​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​កាលពី​ថ្ងៃច័ន្ទ របស់​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ។ តុលាការ ​បាន​ឲ្យ​ដឹងថា ជនជាតិ កេនយ៉ា ឆ្នើមៗ​ចំនួន៤រូប ដោយរាប់​បញ្ចូល​ទាំង ​ឧបនាយក​រដ្ឋមន្រ្តី​មួយ​រូប​ផង ត្រូវតែ​ទទួល​ការកាត់ទោស ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ តាម​ការ​ចោទ​ប្រកាន់។ មាន​ការពិភាក្សា​ស្តីពី​ការបង្កើតរចនាសម្ព័ន្ធ​មួយ នៅក្នុង​ប្រព័ន្ធ​តុលាការ​របស់​ កេនយ៉ា ដើម្បី​ដោះស្រាយ​ជាមួយជនជាតិ​ កេនយ៉ា​ដទៃទៀត ដែល​ត្រូវបាន​ចោទប្រកាន់ថាមានតួនាទី នៅក្នុង​អំពើ​ហិង្សាក្រោយការបោះឆ្នោត​ឆ្នាំ​២០០៧-២០០៨​របស់​ប្រទេស​នេះ។

លោក ហ្គីធូ មីហ្គៃ (Githu Muigai) អគ្គរដ្ឋអាជ្ញា​ បាន​បង្ហើបឱ្យដឹង​ថា រដ្ឋាភិបាល កេនយ៉ា ប្រហែលជាពិចារណាអំពី​ការ​ជំទាស់​សេចក្តីសម្រេច​របស់​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICC ដោយ​ឈរ​លើហេតុផល​ថា សកម្មភាព​របស់​តុលាការ ICC ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ កេនយ៉ា។

លោក មីហ្គៃ និយាយសំដៅ​ទៅលើ​សំណុំ​រឿងមួយ ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ដាក់ជូន​ទៅតុលាការ ICC កាលពី​ខែមីនា​មុន​ និង​បណ្តឹង​ឧទ្ធរណ៍​ជា​បន្តបន្ទាប់ ដោយ​ជំទាស់​ទៅនឹងភាព​អាច​ទទួល​យកបាន​នៃ​រឿងក្តី​ទាំង​នោះ។ លោក ​ផ្តល់​ទឡ្ហីករណ៍​ថា ​ប្រទេស កេនយ៉ា មាន​ការទទួល​ខុសត្រូវជាចម្បង និង​មាន​លទ្ធភាពក្នុងការ​ដោះស្រាយ​ ​រឿងក្តី​ព្រហ្មទណ្ឌ​។

អនុលោម​តាមលក្ខន្តិកៈ​ក្រុង​រ៉ូម (Rome Statute) ​សន្ធិសញ្ញា​ដែល​បានបង្កើត​តុលាការឧក្រិដ្ឋ​កម្ម​អន្តរជាតិ រដ្ឋ​ទាំងឡាយ ​អាច​ជំទាស់​ទៅនឹង​ភាព​អាច​ទទួល​យក​បាន​និង​ដែន​យុត្តាធិការ​ទៀត​ផង។

«បញ្ហា ​បន្ត​កើត​មាននៅ​ឡើយ​ ​ទាក់ទង​ទៅនឹង​បទប្បញ្ញតិ​របស់លក្ខន្តិកៈ​ក្រុង រ៉ូម ហើយ​រដ្ឋាភិបាល​កេនយ៉ា នឹង​ផ្តល់​ប្រឹក្សាខាង​ផ្លូវច្បាប់ ទៅលើ​សំណួរ​ថាតើ​បញ្ហា​ទាំងនោះ នឹងត្រូវអនុវត្ត​បន្ត​ទៅទៀតដែរ​ឬ​ទេ»។

លោក ​បាន​និយាយ​ទៀតថា ជនសង្ស័យ​ទាំងបួន​រូប ដែល​បីរូប​ ជា​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល កំពុង​ត្រូវបាន​តំណាងក្នុង​នាម​ជាបុគ្គល​ឯកជន​របស់​ពួកគេ ហើយ​ថា នៅក្នុង​ពាក្យសំដី​របស់​លោក «រដ្ឋាភិបាល​ មិន​អាច​និយាយជំនួសពួកគេ​ ស្តីពី​ថាតើពួកគេនឹង​ធ្វើ​ឬ​មិនគួរធ្វើនោះទេ»។

ការ​អត្ថាធិប្បាយ​របស់​លោក មីហ្គៃ ត្រូវបាន​ធ្វើឡើង​មួយ​ថ្ងៃបន្ទាប់ពី​តុលាការ​ដែល​មាន​មូលដ្ឋាន​នៅទីក្រុង ឡាអេ បាន​សម្រេច​ថា រឿងក្តី​ទាក់​ទង​នឹងឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ នឹង​អនុវត្ត​បន្ត​សម្រាប់​ករណី​របស់ លោក អ៊ូហ៊ូរុ កេនយ៉ាតតា (Uhuru Kenyatta)​ឧបនាយក​រដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ លោក វីលៀម រុតូ (William Ruto) រដ្ឋមន្រ្តី​កសិកម្មនិង​ឧត្តម​សិក្សា លោក ហ្រ្វង់ស៊ីស ម៉ូថូរ៉ា (Francis Muthaura) ប្រធាន​សេវាកម្ម​ស៊ីវិល​ និង​លោក ចូស្សូ សាង (Joshua Sang) អ្នក​អត្ថាធិប្បាយវិទ្យុ។

លោក កេនយ៉ាតតា និង រុតូ ជាបេក្ខជន​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោតនាពេល​ខាង​មុខ ដែល​នឹង​ត្រូវ​ធ្វើឡើងមុនខែមីនា​ឆ្នាំ​ក្រោយ។

​ជនសង្ស័យ​ពីរូប​ទៀត លោក ម៉ូហាមេដ ហ៊ូសេន អាលី (Mohammed Hussein Ali) អគ្គនាយក​ប្រៃសណីយ៍​និង​ស្នងការ​ប៉ូលីស និង លោក ហែនរី កូសហ្គេយ (Henry Kosgey) ​រដ្ឋមន្រ្តី​ ​ឧស្សាហូបនីយកម្ម​ដែល​ត្រូវបាន​ផ្អាក​ពី​ដំណែង​ជាបណ្តោះ​អាសន្ន ត្រូវបាន​បដិសេធ​ចោល។

លោក មីហ្គៃ និយាយថា ជនសង្ស័យ​ចំនួន​បួននាក់​ដែល​នៅសល់ នឹង​ប្តឹង​ឧទ្ធរណ៍​ទៅលើសេចក្តី​សម្រេច​របស់​តុលាការ ICC។

នៅឯសន្និសីទ​សារព័ត៌មាន​មួយ​ក្នុងទីក្រុង ឡាអេ លោក ល្វីស៍ ម៉ូរេណូ អូកាមប៉ូ (Luis Moreno-Ocampo) ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ ICC ​បាន​និយាយ​ថា រដ្ឋាភិបាល កេនយ៉ា មាន​សិទ្ធិ​ជំទាស់​ជាមួយតុលាការ។

«ទោះជាយ៉ាងនេះក្តី នៅក្នុង​ការជំទាស់ភាពអាច​ទទួល​យក​បាន ដំបូង ​អ្នក​ត្រូវតែ​បង្ហាញថា សំណុំរឿង​នៅ​កេនយ៉ា ជា​រឿងក្តី​របស់មនុស្ស​ដដែល សម្រាប់ហេតុការ​ដដែល​ សម្រាប់​ឧក្រិដ្ឋកម្ម​ដដែល​ ហើយ​បន្ថែមពី​នេះទៀត អ្នក​ត្រូវតែ​បង្ហាញ​ថា វា​ជា​សំណុំរឿងក្តីពិតប្រាកដ​មួយ»។

នេះ​មានន័យ​ថា តុលាការ ICC ត្រូវតែផ្តល់​ភាពជឿជាក់​ថា ប្រទេស កេនយ៉ា មាន​រចនាសម័្ពន្ធ​ច្បាប់​សមរម្យ មានសមត្ថភាព សេចក្តី​ប្រាថ្នា និង​ភាពសុចរិត ក្នុង​ការកាត់ទោស​ជនសង្ស័យ​ដដែល ចំពោះបទ​ចោទប្រកាន់ដដែល។

កាលពី​ថ្ងៃច័ន្ធ លោក មីហ្គៃ ​អគ្គរដ្ឋអាជ្ញា និយាយ​ថា លោក ​បាន​ស្នើសុំ​ឱ្យ​មាន​ការជួប​ប្រជុំ​ ​ជាមួយ​គណៈកម្មការ​សេវាកម្ម​តុលាការ​របស់​ប្រទេស កេនយ៉ា ដើម្បី​បង្កើតអង្គភាព​តុលាការ​ជាន់ខ្ពស់​ពិសេស​មួយ ដែល​នឹង​ដោះស្រាយ​ទាំងស្រុង​ជាមួយ​រឿងក្តីអំពើហិង្សា​ក្រោយ​ការបោះឆ្នោត។

ហើយ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល ​បានផ្តល់​ទឡ្ហីករណ៍ថា រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស កេនយ៉ា បាន​ពង្រីក​សមត្ថភាព​របស់​ប្រទេសនេះ ដើម្បី​កាត់ទោស​ជនសង្ស័យ​ក្នុងអំពើ​ហិង្សា​ក្រោយ​ការបោះឆ្នោត។

ប៉ុន្តែ ប្រភព​មួយពី​អង្គការ​សង្គម​ច្បាប់កេនយ៉ា (Law Society of Kenya) បានប្រាប់​វីអូអេ​ថា រចនាសម្ព័ន្ធ​ទាំងនេះ​ នឹង​ត្រូវតែត្រៀម​រួច​ជា​ស្រេច ហើយ​ដាក់​ឲ្យ​ដំណើរការយ៉ាងពេញលេញ មុនពេលការជំទាស់​ត្រូវបាន​លើក​ឡើង ដែល​មិនមែន​ជាការឆ្លើយតប​ទៅនឹង​សេចក្តី​សម្រេច​នោះទេ។

នៅ​ចុងឆ្នាំ​២០០៧​និង​ដើម​ឆ្នាំ​២០០៨ ប្រទេសនេះ ​បាន​ផ្ទុះឡើងអំពើ​ហិង្សា​ខាង​ជាតិសាសន៍ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ដំណែងប្រធានាធិបតី​ប្រកប​ដោយ​ជម្លោះ​យ៉ាង​ជូរចត់​ កាល​ពីឆ្នាំ​២០០៧។ ប្រជាពលរដ្ឋ​ជាង​បីសែន​នាក់ ​ត្រូវ​បាត់​បង់​ទី​ជម្រកនៅក្នុង​អំពើ​ហិង្សានេះ ហើយ​ប្រជាពលរដ្ឋប្រមាណ​១ពាន់ ៣០០​នាក់​ផ្សេង​ទៀត ​ត្រូវបាន​សម្លាប់។

ដោយមាន​ជំនួយ​ពី លោក កូហ្វី អាន់ណាន់ (Kofi Annan) អ្នកសម្រុះសម្រួល​ និងជា​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អ៊ឹមវៃ គីបាគី (Mwai Kibaki) និង លោក រ៉ាលៀ អូឌីងហ្គា (Ralia Odinga) គូ​ប្រកួតប្រជែង​សម្រាប់​ដំណែង​ប្រធានាធិបតី បានបង្កើត​រដ្ឋាភិបាលចែករំលែក​អំណាច​មួយ ដែល​បាន​ធ្វើការ​ជាមួយគ្នា ទោះបី​ជាកើតមានឡើង​ភាពតានតឹងក៏​ដោយ។ លោក អូឌីងហ្គា បានប្រកាស​ថា លោក ​នឹង​ឈរឈ្មោះ​សម្រាប់​ដំណែង​ប្រធានាធិបតី នៅក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ៕

XS
SM
MD
LG