សាកសពរបស់អ្នកវិភាគនយោបាយ និងជាសកម្មជនខ្មែរមួយរូប លោក កែម ឡី នឹងត្រូវដង្ហែរាប់សិបគីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ក្នុងការពិធីដង្ហែសពដែលគណៈកម្មាធិការរៀបចំបុណ្យសពរំពឹងថា នឹងមានហ្វូងអ្នកគាំទ្រចូលរួមហែសពយ៉ាងច្រើនកុះករ។
លោក ឡី ដែលជាបុគ្គលដែលសាធារណជនទទួលស្គាល់ទូលំទូលាយ ត្រូវបានគេបាញ់សម្លាប់ខណៈពេលដែលលោកផឹកកាហ្វេពេលព្រឹកនៅហាងចាក់ប្រេងឥន្ធនៈមួយកន្លែងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ដែលបានធ្វើឲ្យសាធារណជននៅទូទាំងប្រទេសកម្ពុជាមានក្តីទុក្ខសោក ខកបំណង និងខឹងសម្បារយ៉ាងខ្លាំង។
ជនល្មើសឈ្មោះ អឿត អាង ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋឃាតកម្មកាលពីថ្ងៃពុធ។
លោក ឡី គឺជាវាគ្មិនដ៏មានឥទ្ធិពលមួយរូប ដែលបាននិយាយអំពីបញ្ហានយោបាយដោយមិនខ្លាចក្រែងតាមវិទ្យុជាប្រចាំ។ លោកគឺជាស្ថាបនិកគណបក្សលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែក្រោយមកលោកបានបដិសេធមិនចូលរួមកាន់តួនាទីជាផ្លូវការនៅក្នុងគណបក្សនេះនោះទេ ក្រោយពីគណបក្សនេះត្រូវបានបង្កើតឡើង។
លោក ទឹម ម៉ាល័យ ដែលជាប្រធានបណ្តាញយុវជនកម្ពុជា និងជាអ្នករៀបចំក្បួនដង្ហែសពបាននិយាយថា «យើងនឹងប្រារព្ធពិធីបុណ្យធំមួយនៅវត្តចាស់ ហើយយើងនឹងចាប់ផ្តើមហែសពទៅកាន់ភូមិកំណើតរបស់លោកនៅម៉ោង៧ព្រឹក»។
លោក ម៉ាល័យ ទស្សន៍ទាយថា នឹងមានមនុស្សប្រហែល១លាននាក់ចូលរួមដង្ហែសព ដោយចេញដំណើរពីផ្ទះរបស់លោក ឡី ទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានសម្រេចពន្យារពេលប្រារព្ធខួបលើកទី៤របស់ខ្លួនដែលបានគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមក្នុងពិធីដង្ហែសព ហើយលោកស្រីក៏បានបន្ថែមថា សមាជិកគណបក្សសង្គ្រោះជាតិមិនមានអារម្មណ៍ថា ត្រូវប្រមែប្រមូលអ្នកគាំទ្រដើម្បីចូលរួមហែសពនោះឡើយ។
លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងនឹងមិនអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមនោះទេ ពីព្រោះថា ពួកគេនឹងមកចូលរួមដោយខ្លួនឯង យើងមិនចាំបាច់អំពាវនាវនោះទេ»។
លោកស្រី សុខហួរ បាននិយាយបន្តថា នៅតែមានក្តីបារម្ភអំពីអំពើហិង្សាដែលអាចកើតមានឡើងនៅក្នុងពិធីនោះ ប៉ុន្តែលោកស្រីជឿជាក់ថា ភាគីទាំងសងខាងត្រូវតែប្តេជ្ញាថានឹងចៀសវាងអំពើហិង្សាឲ្យបាន។
អ្នកគាំទ្រលោក ឡី ដែលខឹងសម្បារនិយាយថា ការទទួលខុសត្រូវទៅលើការស្លាប់របស់លោក ឡី បានធ្លាក់ដល់ក្រុមមេដឹកនាំគណបក្សកាន់អំណាច ហើយការចូលរួមដង្ហែសពពីមនុស្សច្រើនកុះករនៅថ្ងៃអាទិត្យនេះ អាចបង្កជាភាពតានតឹងខ្លាំងជាមួយនឹងអាជ្ញាធរ។
អ្នកនាំពាក្យស្នងការប៉ូលិសជាតិ លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា លោកមិនមានការព្រួយបារម្ភអំពីវត្តមានរបស់អ្នកចូលរួមនោះទេ។
លោកបាននិយាយយ៉ាងដូច្នេះថា «យើងគ្រាន់តែបារម្ភអំពីសន្តិសុខនិងសុវត្ថិភាពប៉ុណ្ណោះ។ នេះគឺជាបញ្ហារបស់យើង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមិនគិតថានឹងមានមនុស្សចូលរួមកាន់ទុក្ខច្រើនកុះករនោះទេ ប៉ុន្តែលោកក៏បាននិយាយថា បើក្រុមគ្រួសារសពទទួលបានការអនុញ្ញាតឲ្យធ្វើពិធីហែសព នោះពួកគេនឹងអាចហែសពបាន។
លោកបាននិយាយយ៉ាងដូច្នេះថា «ពួកគេមានសិទ្ធិហែសព ពីព្រោះវាជាប្រពៃណីទំនៀមទម្លាប់។ ប៉ុន្តែលោកគិតថា សាលារាជធានីភ្នំពេញនឹងសម្របសម្រួលពិធីហែសពនេះ ប៉ុន្តែលោកមិនដឹងថា ពួកគេបានទទួលការអនុញ្ញាតហើយឬនៅនោះទេ។ យើងមិនអាចទាក់ទងសាលារាជធានីភ្នំពេញដើម្បីសុំការបំភ្លឺបាននោះទេ៕