ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កាល​បរិច្ឆេទ​នៃ​ការ​ដង្ហែ​សព​លោក កែម ឡី ត្រូវ​ពន្យាររ​ពេល


ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ​​ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ចំពោះ​កាល​បរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ដង្ហែ​សព​លោក កែម ឡី នឹង​ត្រូវ​កំណត់​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រួសារ​សព និង​មហាជន​ទូទៅ។

សព​របស់​អ្នក​វិភាគ​សង្គម លោក កែម ឡី ដែល​គ្រោង​នឹង​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ នា​ថ្ងៃ​អាទិត្យ​ទី ១៧ ខែ​ កក្កដា ខាង​មុខ​នេះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​ទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិក​មួយ​រូប​នៃ​គណៈកម្មាការ​រៀបចំ​បុណ្យ​សព​លោក កែម ឡី និង​អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី នៅ​ក្នុង​ទំព័រ Facebook របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​សុក្រ ទី ១៥ ខែកក្កដា កន្លង​ទៅ​នេះ។

ការ​ប្រកាស​ពី​ការ​ប្តូរ​ថ្ងៃ​ដង្ហែ​សព​ភ្លាមៗ​នេះ ធ្វើ​ឡើង​បន្ទាប់​មាន​ការ​សំណូមពរ​ពី​មតិ​មហាជន​ទូទៅ​ឲ្យ​បន្ត​តម្កល់​សព​លោក កែម ឡី ក្នុង​វត្ត​ចាស់​រហូត​ដល់​គណៈកម្មការ​រៀបចំ​បុណ្យ​សព​សម្រេច​កំណត់​នូវ​កាល​បរិច្ឆេទ​ច្បាស់លាស់​មួយ​នា​ពេលក្រោយ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​មាន​សង្ឃ​ដីកា​ថា៖

«គណៈកម្មការ​មាន​អត្មាភាព​ជា​អ្នក​រៀបចំ​ក្នុង​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន សម្រេចចិត្ត​សុំ​ផ្លាស់ប្តូរ​កម្មវិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា វេលា​ម៉ោង ៧ ព្រឹក​នោះ ត្រូវ​បាន​ពន្យារ​ហើយ ដោយសារ​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការ​ស្នើ​សុំ​យ៉ាង​ទទូច‍ ហើយ​សព​លោក​បណ្ឌិត កែម ឡី គឺ​ជា​មរតក​របស់​មហាជន​ខ្មែរ ដូច្នេះ​ការ​ធ្វើ​អ្វីៗ​គឺ​សម្រេចចិត្ត​ទៅ​តាម​មហាជន​ខ្មែរ»។

ចំពោះ​កាល​បរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ដង្ហែ​សព​លោក កែម ឡី នឹង​ត្រូវ​កំណត់​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​គ្រួសារ​សព និង​មហាជន​ទូទៅ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ព្រះតេជគុណ ប៊ុត ប៊ុនតិញ។

«ការ​សម្រេចចិត្ត​យ៉ាងណាៗ​ផ្អែក​លើ​មនុស្ស​ពីរ​ប្រភព។ ប្រភព​ទី​មួយ គ្រួសារ​សព ដែល​ជា​រឿង​សំខាន់​ជាង​គេ ឲ្យ​អាទិភាព ហើយ​អាទិភាព​ទីពីរ​ទៀត គឺ​មហាជន ពីព្រោះ​បណ្ឌិត កែម ឡី ជា​មរតក​របស់​មហាជន។ វា​ឆ្លង​ផុត​ពី​ការសម្រេចចិត្ត​របស់​គណៈកម្មការ​តែ​ឯង​ហើយ ឆ្លង​ផុត​ពី​ការ​សម្រេចចិត្ត​របស់​គ្រួសារ​សព​តែ​ឯង​ហើយ​ ដូច្នេះ​ការ​សម្រេចចិត្ត​ត្រូវតែ​ជា​ការ​សម្រេច​ចិត្តជា​ឯកច្ឆន្ទ»។

អ្នកស្រី ប៊ូ រចនា ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ពន្យារ​ពេល​ដង្ហែ​សព​របស់​ស្វាមី​អ្នកស្រី គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​ដែល​ធ្វើ​ទៅ​តាម​មតិ​ប្រជាពលរដ្ឋ​ទូទៅ ដែល​សំណូមពរ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នេះ។ «ការ​ពន្យារ​ពេល​នេះ ជា​ការ​ពេញចិត្ត​របស់​ខ្ញុំ​ដែរ។ មតិ​ភាគ​ច្រើន គឺ​បងប្អូន​គាត់​ចង់​ឲ្យ​យើង​ពន្យារ​ឲ្យ​បាន​វែង​បន្តិច‍»។

លោក កែម ឡី ដែល​មនុស្ស​ទូទៅ​មាន​ការ​គោរព​ស្រឡាញ់​យ៉ាង​ច្រើន​នោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ ខណៈ​ពេល​ដែល​លោក​កំពុង​ផឹក​កាហ្វេ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ស្តុប​បូកគោ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១០ ខែ​កក្កដា កន្លង​ទៅ​នេះ​ ដែលបាន​ធ្វើ​ឲ្យ​សាធារណជននៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការ​ឈឺចាប់ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង។​

ជនល្មើស​ឈ្មោះ អឿត អាង ​ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន និង​បទ​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

លោក កែម ឡី គឺ​ជា​វាគ្មិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ដែល​បាន​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​តាម​បណ្តាញ​ព័ត៌មាន​ផ្សេងៗ​ជា​ប្រចាំ។ លោក​គឺ​ជា​ស្ថាបនិក​គណបក្ស​លទ្ធិប្រជាធិបតេយ្យ​មូលដ្ឋាន ប៉ុន្តែ​ក្រោយ​មក​លោក​បាន​បដិសេធ​មិន​ចូលរួម​កាន់​តួនាទី​ជា​ផ្លូវការ​នៅ​ក្នុង​គណបក្ស​នេះ​នោះ​ទេ ក្រោយ​ពី​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង។

នៅ​ថ្ងៃ​ដែល​លោក កែម ឡី ត្រូវ​បាន​គេ​សម្លាប់ បន្ទាប់ពី​មាន​ការ​ប្រឈម​យ៉ាង​តឹងតែង​ជាមួយ​នឹង​ប៉ូលីស​រួច​មក អ្នក​គាំទ្រ​ជាច្រើន​ពាន់​នាក់​បាន​ដង្ហែ​សព​របស់​លោក កែម ឡី កាត់​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​វត្ត​ចាស់ ដែល​នៅ​ទីនោះ អ្នក​កាន់​ទុក្ខ​ជា​ច្រើន​បាន​ទៅ​គោរព​សព​របស់​លោក​ហូរហែរ​ជា​រៀងរាល់​ថ្ងៃ។

លោក ទឹម ម៉ាល័យ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​ក្នុង​គណៈកម្មការ​រៀបចំ​ក្បួន​ដង្ហែ​សព​លោក កែម ឡី រំពឹង​ថា មនុស្ស​ប្រហែល ១ លាន នាក់ នឹង​ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែ​សព​នៅ​ថ្ងៃ​ខាង​មុខ​នេះ។

តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មួរ សុខហួរ បាន​មាន​ប្រសាសន៍​ថា សមាជិក​គណបក្ស​សង្គ្រោះជាតិ​មិន​ចាំបាច់​ប្រមែប្រមូល​អ្នកគាំទ្រ​ដើម្បី​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ​នោះ​ទេ ដោយហេតុថា​ប្រជាពលរដ្ឋ​ទូទៅ​មាន​ឆន្ទៈ​ចង់​ចូលរួម​ដោយ​ខ្លួនឯង។

លោកស្រី សុខហួរ បាន​និយាយ​បន្ត​ថា លោកស្រី​នៅ​តែ​មាន​ក្តីបារម្ភ​អំពី​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ពិធី​នោះ ប៉ុន្តែ​លោកស្រី​ជឿជាក់​ថា ភាគី​ទាំង​សងខាង​បាន​ប្តេជ្ញា​ថា​នឹង​ចៀសវាង​អំពើ​ហិង្សាឲ្យ​បាន។

អ្នកនាំពាក្យ​ស្នងការ​ប៉ូលីស​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​ការ​ចាប់អារម្មណ៍​អំពី​ការ​ចូលរួម​របស់​មនុស្ស​ទូទៅ​នៅ​ក្នុង​ក្បួន​ដង្ហែ​សព​នោះ​ទេ។ អ្វី​ដែល​លោក​ត្រូវ​ខ្វល់​នោះ គឺ​ការ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​អ្នក​ចូលរួម​ប៉ុណ្ណោះ៕

XS
SM
MD
LG