ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខេត្ត​សៀមរាប​ខ្លះ​ចង់​ឱ្យ​អន្តរជាតិ​ស៊ើប​អង្កេត​លើ​ការ​សម្លាប់​លោក ​កែម ឡី


ឯក អ៊ាម ដែលជាឪពុកមារបស់ អឿត អាង ជន​សង្ស័យ​​សម្លាប់លោក កែម ឡី បានផ្ដល់បទសម្ភាសន៍ជាមួយ VOA កាលពីថ្ងៃព្រហស្បត៌ ទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ (ឡេង ឡែន/VOA)

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ​ជួយ​វែក​មុខ​ជន​ដៃ​ដល់​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​ដ៏​សាហាវ​ពៃផ្សៃ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​កន្លង​មក​នេះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប​បង្ហាញ​ពី​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​គឺ​លោក ​កែម ​ឡី។

ពួក​គេ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ​ជួយ​វែក​មុខ​ជន​ដៃ​ដល់​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​ដ៏​សាហាវ​ពៃផ្សៃ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​កន្លង​មក​នេះ។

លោក​ កែម ​ឡី ​ត្រូវ​បាន​ជន​សង្ស័យ​ ដែល​ហៅ​ខ្លួន​ឯង​ថា​ ជួប ​សម្លាប់ ​បាញ់​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ហាង​ Star Mart ​របស់​ស្ថានីយ៍​កាល់តិច​ក្នុង​រាជធានី​ភ្នំពេញ។ ជួប ​សម្លាប់​ ដែល​គេ​ស្គាល់​ឈ្មោះ​ក្នុង​អត្តសញ្ញាបណ្ណ​ថា​ អឿត ​អាង ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​ក្លីប​មួយ​ដែល​ត្រូវ​បាន​ បង្ហោះ​តាម​បណ្តាញ​សង្គម​ ថា​ ខ្លួន​សម្លាប់​លោក ​កែម ​ឡី ​ដោយ​សារ​តែ​លោក​ កែម​ ឡី​ ជំពាក់​លុយ​ខ្លួន​៣០០០​ដុល្លារ​ មិន​ព្រម​សង​ដែល​ការ​អះអាង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក​ កែម​ ឡី ​ជឿ​នោះ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ឈ្មោះ ​ជួប​ សម្លាប់​ ឬ​ អឿត ​អាង​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា ​មុន ​និង​ពី​បទ​រក្សា​ទុក​អាវុធ​ដោយ​ខុស​ច្បាប់។

លោក ​ កែម ​ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​បកស្រាយ​ ទៅលើ​របាយការណ៍​របស់​អង្គការ​ Global Witness តាម​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ដែល​របាយ​ការណ៍​នោះ​បាន​បង្ហាញ​ពី​អាជីវកម្ម​មាន​តម្លៃ​២រយលាន​ដុល្លារ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា។

នៅក្នុង​បទស​ម្ភាសន៍ជាមួយ VOA កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្ដដា ឆ្នាំ២០១៦ អ្នករត់ម៉ូតូរ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបលោក ជាង មុនីសម្ដែងការសោកស្ដាយដែលអ្នកវិភាគឯករាជ្យ លោកកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ (ឡេង ឡែន/VOA)
នៅក្នុង​បទស​ម្ភាសន៍ជាមួយ VOA កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្ដដា ឆ្នាំ២០១៦ អ្នករត់ម៉ូតូរ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបលោក ជាង មុនីសម្ដែងការសោកស្ដាយដែលអ្នកវិភាគឯករាជ្យ លោកកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ (ឡេង ឡែន/VOA)

លោក ជាង​ មុនី​ ជា​ប្រជារដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​សៀមរាប ​បាន​មាន​ប្រសាសន៍​ប្រាប់ ​VOA ​កាល​ពី​ សប្តាហ៍​មុន​ថា៖ «វា​ហាក់​ដូច​ជា​ខុសប្លែក ​ក្រោយ​ពី​គាត់​មាន​ការ​វិភាគ​ទៅ​លើ​របាយការណ៍​អង្គការ​ Global Witness ដែល​បាន​ចេញ​ផ្សាយ​ហ្នឹង​មក​ហើយ​ ខ្ញុំ​ស្តាប់​គាត់​ទៅ​ វា​ហាក់​ដូច​ជា​វា​ស៊ី​ចង្វាក់​នឹង​សាច់​រឿង ​ដែល​មន្ត្រី​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​យក​ទៅ​ចាយ​វាយ​ជា​ថវិកា។ល។ ​និង​ ។ល ។​ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ ក្រោយ​ពី​គាត់​មាន​ការ​វិភាគ​នៅ​អាស៊ី​សេរី​ និង​វីអូអេ ​ឃើញ​មាន​ ការ​បាញ់​សម្លាប់​គាត់​តែ​ម្តង‍»។

លោក​មាន​ប្រសាសន៍​ថា​ វា​មាន​ការ​ចំាបាច់ ​ដែល​សហគមន៍​អន្តរជាតិ​ចូលរួម​ការ​ស៊ើប​អង្កេត​ឯករាជ្យ ​មួយ​ ដើម្បី​ស្វែង​រក​ឃាតករ​ពិត។

«ខ្ញុំ​ចង់​ឱ្យ​អន្តរជាតិ ​សហរដ្ឋ​អាមេរិក ​រួម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​គួរ​តែ​តាមដាន​ និង​ ឃ្លាំ​មើល​ ព្រោះ​រឿង​នេះ ​ខ្ញុំ​គិត​ថា​ វា​ច្រើន​ពេក​ ហើយ​ការ​បាញ់​សម្លាប់​ហ្នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​វា​ដូចជា​ ផុយ​ស្រួយ​តាំង​ពី​តារា​សម្តែង ពិសិដ្ឋ ​ពិលីកា​ អ្នក​ចម្រៀង ពៅ​ បញ្ញាពេជ្រ​ និង​ ទូច ​ស្រីនិច​ និង​តារា​សម្តែង តាត​ម៉ារីណា ​។ល។​និង ​។ល។ គឺ​មាន​ការ​បាញ់​បោះ​សេរី​រហូត​មក​ដល់​លោក ​ឈុត​ វុទ្ធី ​លោក ​កែម ​ឡី ​ដូច​ជា​ការ​គប់​គ្រាប់​បែក​នៅ​វិមាន​ឯករាជ្យ»។

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​រក​ឱ្យ​ឃើញ​ជន​ដៃ​ដល់​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ ​ដើម្បី​ស្តារ​កិត្តិយស​ប្រទេស។

«នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ឱ្យ​រដ្ឋាភិបាល​របស់​គាត់ ​និង​អណត្តិ​របស់​គាត់​មិន​ចង់​ខូច​មុខ​មាត់។ គាត់​ចង់​បាន​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ ខ្ញុំ​ចង់​ឱ្យ​គាត់​ស្រាវជ្រាវ​រក​ឃាតករ​ពិត​ និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង ​ដើម្បី​ស្តារ​មុខមាត់​រដ្ឋាភិបាល​ទីមួយ។ ទីពីរ ​ដើម្បី​ស្តារ​ប្រទេស​ជាតិ ​យើង ដើម្បី​ឱ្យ​មាន​មុខមាត់​ទៅ​លើ​ឆាក​អន្តរជាតិ»។

យាន ​ថា ​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប​ដែរ​នោះ​ បាន​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មិន​ចង់​ឱ្យ​គាត់​ស្លាប់​នោះ​ទេ​ ពី​ព្រោះ​គាត់​ជា​អ្នក​ស្នេហា​ជាតិ ​ហើយ​ណា​មួយ ​គាត់​ធ្វើ​អ្វី ​ដែល​ពិត​ ប្រាកដ​ចំពោះ​ខ្លួន​គាត់។ ​អាច​ផ្តល់​ឱ្យ​ប្រជាជន​ យើង​ឱ្យ​បាន​ចេះ​ច្រើន។ គេ​បាញ់​គាត់​សម្លាប់​ អីចឹង​គាត់​មិន​គួរ​ណា​អាយុ​ខ្លី​ដល់​ម្លឹង​ទេ»។

លោក​បាន​បន្ត​ថា ​បក្ស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​គួរ​ជួយ​គ្នា​ក្នុង​ការ​ស្រាវជ្រាវ​រក​អ្នក​បញ្ជា​ពី​ក្រោយ​ការ​សម្លាប់​នេះ។

«រដ្ឋាភិបាល​ខ្មែរ​យើង​ទាំង​អស់​គ្នា ​មិន​ថា​ គណបក្ស​ណា​ ឬ​គណបក្ស​ណា​ទេ ​បង​ដើម្បី​ឱ្យ​ដេញ​ចាប់​ ឃាតករ​ដែល​សម្លាប់​គាត់​ឱ្យ​បាន​ជា​បន្ទាន់។ ខ្ញុំ​ចង់​ អីចឹង​តែ​ម្តង​ឱ្យ​បាន​ឆាប់ៗ»។

លោក ​នីវ ​ដែល​ធ្លាប់​ចូល​រួម​សិក្ខាសាលា​ជាមួយ ​លោក ​កែម ​ឡី ​បាន​និយាយ​ថា ​លោក​តែងតែ​មើល ​និង​ស្តាប់​លោក ​កែម​ ឡី ​នៅ​ពេល​ដែល​ លោក​ កែម​ ឡី​ ធ្វើ​ការ​បកស្រាយ​ទៅ​លើ​បញ្ហា​ផ្សេងៗ។

«ខ្ញុំ​គិត​ថា ​លោក​ពូ ​កែម ​ឡី ​ជា​មនុស្ស​ក្លាហាន ​ហើយ​ហ៊ាន​បក​ស្រាយ​រឿង​ទាំង​អស់។ ហើយ​រឿង​ ដែល​គាត់​និយាយ​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន ​ហើយ​និយាយ​ចំៗ ​មិន​មាន​ការ​រអាក់​រអួល​ក្នុង​ការ​និយាយ​ ឬ​ការ​ភ័យខ្លាច។​ គាត់​ជា​មនុស្ស​ក្លាហាន»។

នៅក្នុង​បទស​ម្ភាសន៍ជាមួយ VOA កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្ដដា ឆ្នាំ២០១៦ អ្នករត់ម៉ូតូរ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបលោក ស ឡៅ សម្ដែងការសោកស្ដាយដែលអ្នកវិភាគឯករាជ្យ លោកកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ (ឡេង ឡែន/VOA)
នៅក្នុង​បទស​ម្ភាសន៍ជាមួយ VOA កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្ដដា ឆ្នាំ២០១៦ អ្នករត់ម៉ូតូរ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបលោក ស ឡៅ សម្ដែងការសោកស្ដាយដែលអ្នកវិភាគឯករាជ្យ លោកកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ (ឡេង ឡែន/VOA)

លោក​ ស ​ឡៅ ​ដែល​តែងតែ​មើល ​និង​ស្តាប់​លោក​ កែម ​ឡី ​តាម​ប្រព័ន្ធ​បណ្តាញ ​សង្គម​ Facebook​ បាន​និយាយ​ថា ​លោក​ក៏​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ផង​ដែរ។

«ខ្ញុំ​ថា​មិនមែន​ទេ។ ឃាតករ​នោះ​ធ្វើ​ដោយ​ខ្លួន​ឯង​ខ្ញុំ​អត់​ជឿ។ ប្រហែល​ជា​មាន​អ្នក​បញ្ជា។​ មាន​តែ ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដូច​ជា ​អឺរ៉ុប​ ​អូស្ត្រាលី ​អាមេរិកកាំង ​សូម​ឱ្យ​គាត់​ជួយ​រក​យុត្តិធម៌​ឱ្យ​ល្បង ​កែម ​ឡី ​ផង»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រី​កម្ពុជា​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ ​និង​ឯករាជ្យ​ដោយ​អះអាង​ថា​ ប្រទេស​នេះ​មិន​អាចឲ្យ​បរទេស​ស៊ើប​អង្កេត​បាន​ទេ។ ក្រុម​មន្ត្រី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជឿជាក់​លើ​អាជ្ញាធរ​ផង​ដែរ។

សាក​សព​របស់​លោក ​កែម​ ឡី​ នឹង​ត្រូវ​គេ​ដង្ហែ​ទៅ​ខេត្ត​តាកែវ ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ៕

XS
SM
MD
LG