តំណាងអ្នកផលិតស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញភូមិសាស្ត្រទើបទទួលស្គាល់ និងការពារដោយសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ និងការមិនពេញចិត្ត ចំពោះការប្រឈមនឹងការសម្រេចរបស់សហភាពអឺរ៉ុបអំពីការដកកម្ពុជា ជាបណ្តោះអាសន្នចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» Everything But Arms ឬ (EBA)។
ស្ករត្នោតកំពង់ស្ពឺនៃប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីការពារនិងទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុបកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ ស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខ្មែរទីពីរបន្ទាប់ពីម្រេចកំពតត្រូវបានចុះបញ្ជីការពារដោយសហភាពអឺរ៉ុបកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ VOA ក្រោយការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុបថា លោកមិនចង់ឃើញក្រុមអ្នកនយោបាយណាមួយ ធ្វើឲ្យកម្ពុជាបាត់បង់ ឋានៈអនុគ្រោះពន្ធ EBA ដែលអនុញ្ញាតឲ្យអ្នកនាំស្ករត្នោតកំពង់ស្ពឺ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយមិនបាច់បង់ពន្ធគយនោះទេ។
លោកនិយាយថា ការបាត់បង់ឋានៈអនុគ្រោះពន្ធនេះនឹងបង្កផលប៉ះពាល់ដល់អ្នកផលិតស្ករត្នោតកំពង់ស្ពឺផងដែរ។
«ត្រូវតែពាក់ព័ន្ធ ត្រូវតែប៉ះពាល់ក្មួយ។ បើសិនជាអឺរ៉ុបឃ្លុំហ្នឹងវា ក៏យើងស្នើសុំដែរ សុំថា ធ្វើម៉េចឲ្យដើម្បីជួយដល់ប្រជាជនកម្ពុជា។ យើងត្រូវថា កុំធ្វើអ្វីដែលមិនគួរនឹងធ្វើទីមួយ។ ទីពីរ កុំធ្វើទៅតាមបុគ្គលមួយនាក់ ពីរនាក់ ស្នើសុំទៅហើយ សុទ្ធតែនិយាយអ៊ីចេះ អ៊ីចុះ។ អាហ្នឹងគឺខ្ញុំអត់សប្បាយចិត្តទេ។ សម្រាប់ប្រជាជនយើង ទីមួយ គឺអ្នកដែលស្នើសុំទៅពាក់ព័ន្ធអ្នកស្នើសុំ អ្នកដែលនិយាយអត់ហេតុផលនោះ។ អត់ដឹងថា ប្រជាជនកម្ពុជារង់ចាំយ៉ាងម៉េចទេ»។
លោក សំ សារឿន លើកឡើងបន្តទៀតថា៖
«កន្លងទៅបានលើកលែងពន្ធ គឺប្រជាជនកម្ពុជាសប្បាយចិត្តណាស់ ក៏ប៉ុន្តែដល់ពេលអស់លោកមួយក្តាប់តូច ដែលតូចបំផុតហ្នឹង មិនដឹងជាប្រជាជនយ៉ាងម៉េច មិនដឹងស្រុកខ្មែរយ៉ាងម៉េចផងស្រែកទៅអ៊ីចេះ ស្រែកទៅអ៊ីចុះ ធ្វើឲ្យមានបញ្ហាកើតឡើង»។
តំណាងកសិករផលិតស្ករត្នោតកំពង់ស្ពឺ មកពីបីស្រុកក្នុងប្រទេសកម្ពុជា ស្នើដល់ភាគីពាក់ព័ន្ធឲ្យពិចារណា ការពារកុំឲ្យបាត់បង់ឋានៈអនុគ្រោះពន្ធដ៏មានសារៈសំខាន់នេះ៖
«ក្នុងនាមខ្ញុំជាប្រធានសមាគមតំណាងឲ្យកសិករ បីស្រុកក្នុងតំបន់សមាគមនេះ គឺសុំប្រឆាំងដាច់ខាត ចំពោះជន... ដែលធ្វើឲ្យមានការជាប់ពន្ធនៅក្នុងការនាំចេញផលិតផលកសិករ ព្រោះកសិកររបស់ខ្ញុំមិនមែនធ្វើតែត្នោតទេ គាត់មានធ្វើស្រែ គាត់មានធ្វើអីៗ។ ជួនកាល គាត់ធ្វើ កូនគាត់ធ្វើកម្មកររោងចក្រអីអ៊ីចឹងទៅ អាហ្នឹងជាបញ្ហាមួយដែរ ណាប្អូន!»។
ក្រុមអ្នកការពារសិទ្ធិកម្មករនានាមើលឃើញថា បញ្ហាឋានៈអនុគ្រោះពន្ធ EBA គឺជាវិបត្តិមួយ ដែលផ្សាភ្ជាប់ជាមួយនឹងការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន ដោយហេតុគណបក្សប្រឆាំងសង្គ្រោះជាតិ ដែលត្រូវបានតុលាការខ្មែររំលាយចោលកាលពីឆ្នាំ២០១៧នោះ មិនទាន់ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យវិលមករកឆាកនយោបាយកម្ពុជាវិញ។
ការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារផ្សេងទៀត ក៏ជាផ្នែកមួយ ដែលអាចនឹងធ្វើឲ្យកម្ពុជា បានបាត់បង់ឋានៈអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះចំណេញប្រាក់ប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗពីការនាំចេញទំនិញដោយមិនបង់ពន្ធ។
ការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននាំឲ្យគណៈកម្មការសហភាពអឺរ៉ុប ប្រកាសការចាប់ផ្តើមដំណើរការជាផ្លូវការពីការដែលអាចដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធ EBA ដដែលនេះពីប្រទេសកម្ពុជា។
សហគមន៍អឺរ៉ុបប្រកាសពីដំណើរនៃការដកហូតការអនុគ្រោះនេះកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានផ្តល់ហេតុផលត្រួសៗថា កម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាចម្បងៗមួយចំនួន ក្នុងនោះមានការច្រានចោលសិទ្ធិនយោបាយ សកម្មភាពរឹតបន្តឹងនានាទៅលើសង្គមស៊ីវិល សហជីព ការរិតត្បិតសេរីភាពសារព័ត៌មាន និងការដោះស្រាយបញ្ហាផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលផ្តោតជាពិសេសលើដីដែលប្រើប្រាស់សម្រាប់បម្រើដល់ការផលិតស្ករស។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel ដែលជាអ្នកនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី ដូចជាកូរ៉េ និងជប៉ុនសុំមិនធ្វើការអធិប្បាយចំពោះបញ្ហា EBA។ តែលោកជឿថា រដ្ឋាភិបាលកម្ពុជា នឹងរកមធ្យោបាយដោះស្រាយបញ្ហានេះ ដើម្បីសម្រួលដល់ការព្រួយបារម្ភរបស់អ្នកបញ្ជាទិញ ក៏ដូចជាកសិករ។
ជំនួសឲ្យការបារម្ភនឹងលទ្ធភាពនៃការបាត់បង់ឋានៈអនុគ្រោះពន្ធ EBAនេះ លោក ហ៊ឹម ពិសិដ្ឋ អះអាងថា ក្រុមហ៊ុនលោកនឹងបង្កើនការទិញស្ករត្នោតកំពង់ស្ពឺមួយជាពីរ ឬមួយជាបីដងនៅឆ្នាំ២០២០ខាងមុខនេះ។
លោក ពិសិដ្ឋ បញ្ជាក់ប្រាប់ VOA ថា៖ «យើងនឹង នឹងបង្កើនការទិញហ្នឹងឲ្យបានមួយជាពីរ ទៅមួយជាបីដង»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម យល់ថា កម្ពុជានៅមានសក្តានុពលគ្រប់គ្រាន់ ក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សាររបស់សហគមន៍អឺរ៉ុប បើទោះបីជាសហគមន៍នេះ ដកឋានៈអនុគ្រោះពន្ធ EBA នេះ ចេញពីកម្ពុជាជាបណ្តោះអាសន្នក៏ដោយចុះ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះអះអាងថា ការកែទម្រង់ជាច្រើន ដូចជា ការកាត់បន្ថយរបាំងពាណិជ្ជកម្ម ដែលរដ្ឋាភិបាលបានធ្វើរួចមកហើយ និងដែលកំពុងបន្តធ្វើទៀតនោះនឹងបើកផ្លូវឲ្យអ្នកជំនួញមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារសហភាពអឺរ៉ុប។
ជាងនេះទៅទៀត ការលក់ទំនិញ GI ឬទំនិញសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប នឹងនៅមានភាពប្រកួតប្រជែងច្រើនដដែល ដោយសារតែទំនិញនេះលក់បានក្នុងតម្លៃមួយខ្ពស់ជាងទំនិញដទៃ៖
«ទំនិញ GI ឧទាហរណ៍ ម្រេចអ៊ីចឹង នៅអឺរ៉ុបហ្នឹង លក់បានថ្លៃ ដូច្នេះ គាត់មានលទ្ធភាពប្រកួតប្រជែង ជាមួយហ្នឹងគេ អ៊ីចឹងស្ករត្នោត ខ្ញុំសង្ឃឹមថា ដូចអ៊ីចឹងដែរ។ តែមាន GI គាត់អាចលក់នៅអឺរ៉ុបបានថ្លៃ តែបានថ្លៃ បានន័យថា បានចំណេញច្រើនអំពី [ការ]នាំចេញពីកម្ពុជាទៅ។ ដូច្នេះ បើសិនជាមិនមាន EBA ក៏គាត់មានកម្លាំងប្រកួត។ ប៉ុន្តែបើសិនជាមាន ចំណេញបានច្រើនជាង អាអត់មាន»។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានបញ្ជាក់ទៀតថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាទំនិញសម្គាល់ភូមិសាស្ត្រដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១០។ បន្ទាប់មក ស្ករត្នោតដែលមានលក្ខណៈពិសេសនេះ ក៏ត្រូវបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រនៅប្រទេសថៃ និងវៀតណាម មុនពេលដែលសហភាពអឺរ៉ុបចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាទំនិញភូមិសាស្ត្រ និងដែលត្រូវបានការពារផងនោះ។
ចាប់តាំងពីការចងក្រងសមាគមក្នុងឆ្នាំ២០០៨មកនោះ សមាគមនេះ មានសមាជិកដែលជាអ្នកផលិត និងទិញស្ករត្នោតចំនួន១៨៧នាក់។ សមាគមនេះ អាចផលិតស្ករត្នោតបានប្រមាណ ២០០តោន នៅឆ្នាំ២០១៨ ប៉ុន្តែស្ករដែលអាចលក់ក្នុងឋានៈជាទំនិញសម្គាល់ភូមិសាស្ត្របាន គឺមានតែ៨០តោនប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនខ្លះមិនចង់ប្រើស្លាកសញ្ញាទំនិញសម្គាល់ភូមិសាស្ត្រ។
ស្ករត្នោតកំពង់ស្ពឺ ដែលបានក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រ ចុះបញ្ជីការពារនៅសហគមន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ មានប្រភពដើមមកពីស្រុកចំនួនបី គឺស្រុកឧត្តុង្គ ស្រុកសំរោងទងរបស់ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលរបស់ខេត្តកណ្តាល៕