ទិវាបញ្ចប់ទាសភាព (Juneteenth) បានក្លាយជាថ្ងៃឈប់សម្រាកជាតិនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតទិវានេះឲ្យក្លាយទៅជាច្បាប់កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៩ ខែមិថុនា តាំងពីឆ្នាំ ១៨៦៥ មកម៉្លេះ ដែលនៅពេលនោះ ពលរដ្ឋស្បែកខ្មៅដែលជាទាសករចុងក្រោយបង្អស់បានដឹងថាពួកគេមានសេរីភាពរួចផុតពីទាសភាព។ ពួកគេបានដឹងដូច្នេះក្នុងពេលពីរឆ្នាំកន្លះក្រោយមក បន្ទាប់ពីលោកប្រធានាធិបតី Abraham Lincoln ចុះហត្ថលេខាលើសេចក្ដីប្រកាសស្ដីពីការរួចផុតពីទាសភាព (Emancipation Proclamation)។
ទិវានេះក៏ជាថ្ងៃមួយដើម្បីឆ្លុះបញ្ចាំងអំពីការតស៊ូជម្នះរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដើម្បីសេរីភាពនិងយុត្តិធម៌ និងជាថ្ងៃដើម្បីបង្រៀនអំពីប្រវត្តិសាស្ត្រដ៏សំខាន់ដល់កូនចៅជំនាន់ក្រោយផងដែរ។
អ្នកស្រី Kelly Elaine Navies ដែលជាអ្នកជំនាញខាងសារមន្ទីរនិងជាប្រវត្តិវិទូម្នាក់នៅសារមន្ទីរជាតិប្រវត្តិសាស្ត្រនិងវប្បធម៌ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានពន្យល់ថា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៨៦៥ លោកនាយឧត្តមសេនីយ៍ Gordon Granger បានធ្វើដំណើរទៅដល់ទីក្រុង Galveston រដ្ឋ Texas ដោយអមដំណើរដោយកងទ័ពរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក (The Union) ចំនួន ១.៨០០ នាក់ ដែលភាគច្រើនគឺជាកងកម្លាំងចម្រុះជាតិសាសន៍ និងបានប្រកាសនូវបទបញ្ជាលេខ ៣ របស់មេបញ្ជាការយោធា ដែលជូនដំណឹងដល់ពលរដ្ឋនៅរដ្ឋ Texas ថា ទាសករទាំងអស់រួចផុតពីទាសភាព។
អ្នកស្រី Navies ថ្លែងថា៖ «[សេចក្ដីប្រកាសនោះ] ចង់បញ្ជាក់ថា ទាសភាពត្រូវបញ្ចប់តាមផ្លូវច្បាប់ ហើយទាសករមានសេរីភាពឡើងវិញ។ រឿងនេះគឺសំខាន់ ដោយសារតែទោះបីជាសេចក្ដីប្រកាសរបស់ប្រធានាធិបតីស្ដីពីការរួចផុតពីទាសភាពត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៨៦៣ ក៏ដោយ ក៏សេចក្ដីប្រកាសនេះត្រូវបានអនុវត្តតែនៅក្នុងបណ្ដារដ្ឋភាគខាងត្បូង (The Confederacy) ណាដែលមានវត្តមានកងទ័ពរដ្ឋាភិបាលសហព័ន្ធតែប៉ុណ្ណោះ»។
អ្នកស្រី Navies បានរំឭកឡើងវិញនូវពេលដែលអ្នកស្រីនៅជាកុមារថា ឪពុករបស់អ្នកស្រី ដែលជាអ្នកអប់រំម្នាក់ តែងតែប្រារព្ធទិវាបញ្ចប់ទាសភាពនេះ ដែលគេស្គាល់ផងដែរថាជា «ទិវាសេរីភាព»។
អ្នកស្រី Navies ថ្លែងថា៖ «គាត់ [ឪពុកអ្នកស្រី] មិនត្រឹមតែអញ្ជើញសិស្សរបស់គាត់នៅវិទ្យាល័យ Berkeley ប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងអញ្ជើញមិត្តភក្ដិនិងក្រុមគ្រួសាររបស់គាត់ ក៏ដូចជាសមាជិកសហគមន៍ផងដែរ។ យើងតែងតែអាំងសាច់ពេញមួយយប់ ហើយតាំងពីក្មេងមក ការងាររបស់ខ្ញុំគឺត្រូវចិញ្ច្រាំខ្ទឹមបារាំងនិងដំឡូងបារាំង»។
អ្នកស្រីបានថ្លែងទៀតថា៖ «យើងមានកម្មវិធីមួយសម្រាប់មនុស្សទាំងចាស់ទាំងក្មេង។ ក្មេងៗត្រូវសម្ដែងនិងអានកំណាព្យ បញ្ចេញក្បាច់រាំ និងបើកក្បាលមីក្រូ។ ចំណែកឯចាស់ៗវិញត្រូវនិទាននិងចែករំលែករឿងរ៉ាវរបស់ខ្លួនក្នុងនាមជាពលរដ្ឋស្បែកខ្មៅរស់នៅក្នុងសហរដ្ឋអាមេរិក»។
ទិវាបញ្ចប់ទាសភាពនេះបានក្លាយជាថ្ងៃឈប់សម្រាប់នៅក្នុងរដ្ឋជិត ៥០ នៅទូទាំងសហរដ្ឋអាមេរិក និងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ កាលពីឆ្នាំមុន បន្ទាប់ពីមនុស្សរាប់លាននាក់បាននាំគ្នាតវ៉ាប្រឆាំងនឹងភាពអយុត្តិធម៌ជាតិសាសន៍នៅក្រោយហេតុការណ៍សម្លាប់លោក George Floyd នាង Breonna Taylor និងអ្នកផ្សេងទៀតមក ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបានព្យាយាមធ្វើឲ្យសភាទទួលស្គាល់ទិវាបញ្ចប់ទាសភាពនេះជាថ្ងៃឈប់សម្រាករបស់ជាតិ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គឺក្នុងរយៈពេលជាង ១៥០ ឆ្នាំក្រោយមក ទិវាបញ្ចប់ទាសភាពនេះត្រូវបានលោកប្រធានាធិបតី Biden ចុះហត្ថលេខាជាផ្លូវការទទួលស្គាល់ជាថ្ងៃឈប់សម្រាករបស់ជាតិនៅក្នុងពិធីមួយនៅសេតវិមាន បន្ទាប់ពីសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតទិវានេះត្រូវបានសភាអនុម័តបានប៉ុន្មានថ្ងៃមក។
លោក Justin Hansford សាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Howard បាននិយាយថា ទិវាបញ្ចប់ទាសភាពនេះគឺមិនគ្រាន់តែជាការអបអរអំពីការមានសេរីភាពឡើងវិញរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្ងៃនៃការចងចាំនិងការអប់រំផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា