ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​និង​ព្រះរាជអាជ្ញា​ជួប​គ្នា​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​មុន​សវនការ​នៃ​សំណុំ​រឿង​០០២


លោក​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ ស៊ីហ្គហ្វ៊ិដ ប៊្លុង្គ (Siegfried Blunk) ​បាន​ប្រាប់​វីអូអេខ្មែរ​កាល​ពី​ខែ​មុន​ថា​ សំណុំ​រឿង​នេះ​នឹង​មិន​ត្រូវ​បាន​បោះបង់​ចោល​នោះ​ទេ។
លោក​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ ស៊ីហ្គហ្វ៊ិដ ប៊្លុង្គ (Siegfried Blunk) ​បាន​ប្រាប់​វីអូអេខ្មែរ​កាល​ពី​ខែ​មុន​ថា​ សំណុំ​រឿង​នេះ​នឹង​មិន​ត្រូវ​បាន​បោះបង់​ចោល​នោះ​ទេ។

ចៅក្រម​អន្ដរជាតិ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​បានរំឭក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​អំពី​តួនាទី​មិន​លម្អៀង​របស់​ក្រុម​ចៅក្រម​សម្រាប់​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​កម្ពុជា​ ខណៈ​ដែល​ចៅក្រម​រូប​នោះ​បាន​និយាយ​យោង​ដល់​សំណុំ​រឿង​០០៣ និង​០០៤ ​ដ៏​ចម្រូង​ចម្រាស់។

និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១០​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ដែល​នឹង​ដំណើរការ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ដើម្បី​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​ចាំ​បាច់​មួយ​ចំនួន​ លោកស្រី ស៊ីលវៀ ខាតរ៉ៃត៍ (Sylvia Cartwright) អនុប្រធាន​កិច្ចប្រជុំ​ពេញ​អង្គ​នេះ​ មាន​ប្រសាសន៍​ថា​ក្រុម​ចៅក្រម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពីការ​ជ្រៀតជ្រែក​នានា​ ក្នុង​ដំណើរ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​កម្ពុជា។

«យើង​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។ ការណ៍​នេះ​ត្រូវ​ការ​សេចក្ដី​ក្លាហាន និង​ការ​សម្រេច​ចិត្ត​ដែល​ក្រុម​ចៅក្រម​នឹង​ពិនិត្យ​យ៉ាង​ពេញ​លេញ​នូវ​ភស្ដុតាង និង​ការ​ប្រតិបត្តិ​តាម​ផ្លូវ​ច្បាប់ ហើយនឹង​ធ្វើ​សេចក្ដី​សម្រេច​ដែល​មិន​ចំណុះ​ឲ្យ​ឥទ្ធិពល​ខាង​ក្រៅ ឬ​ចំណុះ​ឲ្យ​ភាពលម្អៀង​ជា​លក្ខណៈ​បុគ្គល​នោះ»។

សាលាក្ដី​ខ្មែរក្រហម​បាន​ចាប់​ដាក់​ឃុំឃាំង និង​ចោទ​ប្រកាន់​ជនសង្ស័យ​ដែល​ជា​អតីត​មេ​ដឹកនាំ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​នេះ​សរុប​ចំនួន​ប្រាំ​នាក់ ដែល​ក្នុង​នោះ​មាន ឌុច អៀង សារី ខៀវ សំផន នួន ជា និងអៀង ធីរិទ្ធ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដែល​បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​ជិត​២​លាន​នាក់​នៅ​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។

ទាំង​លោក​ស្រី ស៊ីលវៀ ខាតរ៉ៃត៍ និង​ទាំង​លោក​ចៅក្រម​គង់ ស្រ៊ីម ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ និង​ជា​ប្រធានកិច្ចប្រជុំ​ពេញអង្គ​សុទ្ធតែ​បាន​បង្ហាញ​ថា​ ការ​កាត់ទោស​សំណុំ​រឿង​០០២​ នឹង​មក​ដល់​នៅ​ក្នុង​អំឡុង​ចុងឆ្នាំ​នេះ។ មន្ដ្រី​ផ្លូវការ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ឲ្យ​ដឹង​ថា​ ការ​កាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១១​នេះ។ ក៏ប៉ុន្ដែ​មាន​ការ​លើក​ឡើង​អំពី​កង្វល់​ជាច្រើន​ ដែល​ខ្លាច​ថា​សំណុំ​រឿង០០៣ និង​សំណុំ​រឿង​០០៤ ត្រូវ​បាន​បោះ​បង់​ចោល។​ លោក​សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ ស៊ីហ្គហ្វ៊ិដ ប៊្លុង្គ (Siegfried Blunk) ​បាន​ប្រាប់​វីអូអេខ្មែរ​កាល​ពី​ខែ​មុន​ថា​ សំណុំ​រឿង​នេះ​នឹង​មិន​ត្រូវ​បាន​បោះបង់​ចោល​នោះ​ទេ។

មាន​ការ​រិះគន់​អំពី​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​រដ្ឋាភិបាល​លើ​សំណុំរឿង​០០៣ និង​សំណុំ​រឿង​០០៤​នេះ ហើយ​ក៏​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ភាព​លម្អៀង​ផ្នែកនយោបាយ​ ជាពិសេស​សំដៅ​លើ​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហ​ម។

លោកស្រី ស៊ីលវៀ ខាតរ៉ៃត៍ មាន​ប្រសាសន៍​ថា ការ​អធិប្បាយ​ជា​សាធារណៈ​ទាក់​ទង​ទៅ​នឹង​ការងារ​របស់​សាលាក្ដី​ខ្មែរក្រហម​មិនមែន​ជា​ទម្លាប់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នោះ​ទេ។

ក្រុមចៅក្រម និង​សហ​ព្រះរាជអាជ្ញា​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​ ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​និតិវិធី​ដែល​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ការធ្វើ​បណ្ដឹង​ឧទ្ធរណ៍​ភ្លាមៗ​ចំពោះ​មុខ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។ នេះ​បើផ្អែក​តាម​លោក​ចៅក្រម​ គង់ ស្រ៊ីម។ តែ​បើ​ផ្អែកតាម​លោកស្រី​ចៅក្រម​ ស៊ីលវៀ ខាតរ៉ៃត៍ វិញ ការ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​នេះ​នឹង​ធានា​ដល់​តុល្យភាព​ដល់​សិទ្ធិ​នៃ​ភាគី​នានា​ ជាពិសេស​សិទ្ធិ​របស់​ជន​ជាប់ចោទ៕

XS
SM
MD
LG