ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រឡង​ចៅក្រម​ជំទាស់​​លទ្ធផល​ហើយ​សុំ​លោក​ហ៊ុន​ សែន​អន្តរាគមន៍


រូបថតឯកសារ៖​ ចៅក្រុម​ចំនួន​៥៥នាក់​ថ្មី ដែលត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​ព្រះ​មហាក្សត្រ នៅ​ឆ្នាំ​២០១៥។

បេក្ខជន​មួយ​រូប​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍​​​ បាន​ប្រាប់​ VOA ថា ​លោក​មិន​អាច​ទទួល​យក​ការ​បកស្រាយ​ពី​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​​សិស្ស​ចៅក្រម​បាន​ទេ ដោយ​សារ​តែ​ការ​លាក់​លៀម​មិន​បង្ហាញ​ពិន្ទុ និង​ចំណាត់​ថ្នាក់​​របស់​បេក្ខជន​ជា​សាធារណៈ។

បេក្ខជន​ប្រឡងសិស្ស​ចៅក្រម​ចំនួន​៥​នាក់​ បាន​ស្វះស្វែង​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅ​ក្រម​ជំនាន់​ទី១០។ នេះ​បើ​យោង​តាម​លិខិត​មួយ​របស់​ក្រុម​បេក្ខជន​ដែល​ VOA ​ទទួល​បាន​នៅ​ក្នុង​សប្តាហ៍​នេះ។

បេក្ខជន​ប្រឡង​សិស្សចៅក្រម​ចំនួន​ ០៥​នាក់​ ដែល​ក្នុង​នោះ​មាន​ពីរ​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ បាន​លើក​ឡើង​ពី​ការ​កើតទុក្ខ​មិន​សុខ​ចិត្ត​លើ​លទ្ធផល​ស្ថាពរ​នៃ​ការ​ប្រឡងប្រជែង​ជ្រើស​សិស្ស​ចៅក្រម​ជំនាន់​ទី១០។

លោក គង់ ប៊ុនរិទ្ធ ​បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន បាន​ប្រាប់​ VOA ថា ​លោក​មិន​អាច​ទទួល​យក​ការ​បកស្រាយ​ពី​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡងប្រជែង​ជ្រើសរើសសិស្ស​ចៅក្រម​បាន​ទេ ដោយ​សារ​តែ​ការ​លាក់​លៀម​មិន​បង្ហាញ​ពិន្ទុ និង​ចំណាត់​ថ្នាក់របស់​បេក្ខជន​ជា​សាធារណៈ។

លោក ​គង់ ប៊ុនរិទ្ធ​ បន្ថែម​ថា៖ «ខ្ញុំ​មែនទែន​ទៅ ខ្ញុំ​សូម​សារភាព​ថា ខ្ញុំ​មិន​ទទួលស្គាល់​ចំពោះ​ការ​ឲ្យ​ពិន្ទុ​បែប​នេះ​ទេ។ ហើយ​ហេតុអ្វី? ដោយសារ​តែ​ជំនួប​ទីពីរ​ជាមួយ​គណៈកម្មការ​នាយក​នោះ គាត់​បាន​ធ្វើ​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា មូល​ហេតុ​ដែល​គាត់​មិន​បង្ហាញ​ពិន្ទុ​ជា​សាធារណៈ​ គឺ​ដោយសារ​តែ​ពិន្ទុ​នៃ​ការ​ប្រឡង​នោះ​ទាបៗ​ពេក»។

បេក្ខជន​ចៅក្រម​រូប​នេះ​បន្ថែម​ថា​ ​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡង​បាន​និយាយ​ថា ប្រសិនបើ​មាន​ការ​ប្រកាស​លទ្ធផល​ជា​សាធារណៈ​នោះ​ វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សាធារណជន ​ក៏ដូចជា​ អារម្មណ៍​របស់​បេក្ខជន​ដែល​បាន​ជាប់​ជា​ស្ថាពរ​ចំពោះ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រឡង។ លោក​បានបន្ត​ថា​ កាល​ពី​ពេល​មុនៗ រាល់​លទ្ធផល​នៃ​ការ​ប្រឡង​ក្នុង​មុខវិជ្ជា​នីមួយៗ​ និង​ចំណាត់ថ្នាក់​របស់​បេក្ខជន​ប្រឡង​ត្រូវ​បាន​បង្ហាញ​ជាក់​លាក់​ និង​គ្មាន​ការ​លាក់​បាំង​នោះ​ទេ។

នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​អន្តរាគមន៍​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនោះ​ បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ខាង​លើ​នេះ​បាន​អះអាងថា រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ពុំ​បាន​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡងនោះ​ទេ។

ក្រុម​បេក្ខជន​ប្រឡង​សិស្ស​ចៅ​ក្រម​ ដែល​ជំទាស់​នឹង​លទ្ធផល​ប្រឡង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ ​ថា នៅ​ក្នុង​ជំនួប​លើក​ទី​មួយ​ដើម្បី​ជម្រះ​ការ​តវ៉ា​នឹង​លទ្ធផល​ប្រឡង​ ដែលមាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​បាន​ផ្តល់​ក្រដាស​លទ្ធផល​ដល់​ពួកគេ​ចំនួន​មួយ​ច្បាប់​ម្នាក់ ដោយ​ក្នុង​នោះ​មាន​តែ​ឈ្មោះ​និង​លទ្ធផល​ពិន្ទុ​សរុប​របស់​បេក្ខជន​តែមួយ​រូប​ប៉ុណ្ណោះ ​ហើយ​អ្វី​ក្រៅ​ពី​នោះ​ត្រូវ​បាន​លុប​ចេញ។

ពួកគេ​លើកឡើង​ទៀត​ថា​ ក្រោយមក​ជំនួប​លើក​ទី​ពីរ​ក៏​ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដូចគ្នា។ ក្នុង​ជំនួប​ចុងក្រោយ​នេះ គណៈកម្មការ​នាយក​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី ១០ បាន​ប្រាប់​ពួកគេ​ថា គណៈកម្មការ​នាយក​ពុំ​អាច​បំពេញ​តាម​ការ​ស្នើសុំ​បាន​ទេ ដោយ​ហេតុ​ថា ពុំ​មាន​វិធាន​និង​នីតិវិធី​ណាមួយ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រៀបធៀប​ និង​ផ្ទៀងផ្ទាត់​ដូចការស្នើសុំ។

លោក​ កេង សុម៉ារិទ្ធ​ នាយក​សាលា​ភូមិន្ទ​ចៅក្រម​ មិន​ផ្តល់​ការ​អធិប្បាយ​ ដោយសារ​តែ​លោក​មិន​បាន​ដឹង​ពីការ​តវ៉ា​ របស់​ក្រុម​បេក្ខជន​ដែល​កើតទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​ប្រឡង ដែល​បានចេញ​ជា​ផ្លូវកាល​ពីថ្​ងៃទី​១៩​ ​ខែ​ធ្នូ​កន្លងទៅ​នោះ។​

ក្រុម​បេក្ខជន​ដែល​ជំទាស់​នឹង​លទ្ធផល​ប្រឡង​ទាំង​ប្រាំ​នាក់​ដដែល​នេះ​ បាន​ធ្វើ​ការ​ទាមទារ​ឲ្យមាន​ការ​បង្ហាញ​តម្លាភាព​លើ​រាល់​វិញ្ញាសា​ប្រឡង​ និង​ផ្ទៀងផ្ទាត់​ចម្លើយ​វិញ្ញាសា​សរសេរ​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​ចំនួន ៥០​រូប​។

បេក្ខជន​ដែល​អាច​ដាក់​ពាក្យ​ប្រឡង​ចូលរៀន​ ដើម្បី​ធ្វើជា​ចៅក្រម​បាន​នោះ​ ត្រូវ​មានចំណេះដឹង​ផ្នែក​ច្បាប់​ និង​មាន​សញ្ជាតិ​ខ្មែរ​ ហើយ​ត្រូវ​មាន​អាយុ​ ក្រោម​៣៥ឆ្នាំ​។ នេះ​បើយោង​តាម​អ្នកជំនាញ​ច្បាប់​។

លោក សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ប្រាប់ ​VOA​ ថា ​តំណែង​ជា​ចៅក្រម​ជា​តំណែង​សំខាន់​មួយ ​ហើយ​រាល់​ភាព​មិនប្រក្រតី​នានា​អាច​ប៉ះពាល់ទៅ​លើ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​។

«បើ​យើង​ពិនិត្យ​មើល​តួនាទី​ចៅ​ក្រម​នេះ​ជា​តួនាទី​សំខាន់​ណាស់ ហើយ​បើ​សិន​ចាប់​ផ្តើម​ការ​ប្រឡង​លើ​និស្សិត​ចៅក្រម​ ហើយ​មាន​បញ្ហា​ចម្រូងចម្រាស​របៀប​នេះ​ហើយ​វា​ធ្វើ​ឲ្យ​មាន​ការ​បាត់​ទំនុក​ចិត្ត​ពី​សាធារណជន​ ពិសេស​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​រឿងរ៉ាវ​របស់​គាត់​ដែល​តម្រូវ​ឲ្យ​ខាង​ចៅក្រម​កាត់​សេចក្តី​ហ្នឹង​ត្រូវ​តែ​ជា​អ្នក​ដែល​មាន​ចំណេះដឹង ​សមត្ថភាព​ច្បាស់លាស់​ ហើយ​មាន​ភាព​ស្អាតស្អំ​មុន​នឹង​ចេញ​ទៅ​ប្រឡូក​ក្នុង​កិច្ច​ការងារ​ជា​ចៅក្រម​ហ្នឹង​ណា​បាទ»។

លោក សឹង សែន​ករុណា​ បាន​សង្ឃឹម​ថា ប្រមុខរដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធាន​ដោះស្រាយ​រក​ខុសត្រូវ​ និង​តម្លាភាព​នៅ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ដែល​មានគុណ​សម្បតិ្ត​គ្រប់​គ្រាន់​ឲ្យ​ធ្វើ​ជា​ចៅក្រម។

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បារម្ភ​ថា ​នឹង​មាន​ការ​ប៉ះ​ពាល់​ទៅ​លើ​យុត្តិធម៌​ក្នុង​សង្គម ​ប្រសិន​បើ​មាន​ការ​ផ្តល់​តំណែង​ ឬ​ក៏​ការ​ជ្រើសរើសចៅក្រម​តាម​រយៈ​ភាព​មិន​ប្រក្រតី​និង​កង្វះ​តម្លាភាព​ណាមួយ។

លោក​សន ជ័យ​បាន​បន្ថែម​ថា៖ «ការ​បាន​តំណែង​ដោយ​កង្វះ​តម្លាភាព​ ឬ​មាន​ការ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ណាមួយ​ យើង​បារម្ភ​ពី​ការ​ផ្តល់​យុត្តិធម៌​ទៅ​ដល់​មនុស្ស​នៅ​ក្នុង​សង្គម​ មាន​ទាំងអស់​ ទាំង​ពលរដ្ឋ​សាមញ្ញ អ្នកនយោបាយ និង​ដល់​សង្គម​ស៊ីវិល​ទៀត»។

យោង​តាម​ការ​វាយតម្លៃ​លើ​ប្រព័ន្ធ​យុត្តិធម៌នៅ​កម្ពុជា​កន្លង​មក​ ដោយ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ប្រទេស​កម្ពុជា​ស្ថិតនៅ​ស្ទើរតែ​ក្រោម​គេ​បំផុត​ខាង​ផ្នែក​នីតិរដ្ឋ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២២។ អង្គការ​នេះ​ឱ្យ​ដឹង​ថា​ អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្នុង​ចំណោម​ចំណុច​អវិជ្ជមាន​ខ្លាំង​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​លំដាប់​ថ្នាក់អាក្រក់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ខាង​យុត្តិធម៌​សម្រាប់​ជន​ស៊ីវិល៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG