ការប្រកាសកាលពីដើមខែធ្នូ អំពីការធ្លាក់ចុះនៃអត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិក ពី៩ភាគរយមកនៅត្រឹម៨.៦ភាគរយ ត្រូវបានក្រុមអ្នកជំនាញចាត់ទុកថាជាកម្លាំងជំរុញដល់លទ្ធភាពជាប់ឆ្នោតសាជាថ្មីរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅឆ្នាំក្រោយនេះ ជាពិសេស ប្រសិនបើអត្រានៃការធ្លាក់ចុះនោះនៅតែមានទំនោរដដែល។
ការធ្លាក់ចុះនៃអត្រាអត់ការងារធ្វើ គឺជាព័ត៌មានផ្នែកសេដ្ឋកិច្ចនិងនយោបាយដ៏ប្រសើរបំផុតសម្រាប់សេតវិមាន ក្នុងរយៈពេលប៉ុន្មានខែនេះ ហើយលោកប្រធានាធិបតី អូបាម៉ា បានប្រញាប់ប្រញាល់គូសបញ្ជាក់អំពីភាពជឿនលឿនទៅមុខនេះ នៅក្នុងអំឡុងពេលនៃសុន្ទរកថាមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
«ក្នុងនាមជាប្រធានាធិបតី បញ្ហាប្រឈមដ៏បន្ទាន់បំផុតរបស់ខ្ញុំ គឺការធ្វើអ្វីៗគ្រប់បែបយ៉ាងដែលខ្ញុំអាចធ្វើបាន ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរីកលូតលាស់កាន់តែលឿន និងបង្កើតការងារធ្វើឱ្យកាន់តែច្រើនថែមទៀត»។
ក្រុមអ្នកសេដ្ឋកិច្ចថ្លែងថា តួលេខថ្មីនេះជាសញ្ញាណដ៏ល្អមួយ ប៉ុន្តែពួកគេក៏បានកត់សម្គាល់ផងដែរថា អត្រាអត់ការងារធ្វើបានធ្លាក់ចុះ មួយផ្នែកដោយសារពលរដ្ឋអាមេរិកាំងជាច្រើនបានឈប់ស្វែងរកការងារធ្វើ។
ក្រុមគណបក្សសាធារណរដ្ឋ ដោយរាប់បញ្ចូលទាំងប្រធានសភា លោក ចន បូណឺ (John Boehner) មានភាពប្រយ័ត្នប្រយែងចំពោះរឿងនេះ។
«រាល់ការបង្កើតការងារធ្វើណាមួយ គឺជាព័ត៌មានគួរជាទីស្វាគមន៍ ប៉ុន្តែអត្រាអត់ការងារធ្វើនៅក្នុងប្រទេសរបស់យើង គឺនៅតែមានកម្រិតខ្ពស់ដែលមិនអាចទទួលយកបាននៅឡើយ»។
ក្រុមអ្នកជំនាញខាងនយោបាយនិយាយថា បញ្ហាសេដ្ឋកិច្ចនិងបញ្ហានៃអត្រាអត់ការងារធ្វើ នឹងក្លាយជាបញ្ហាគន្លឹះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំក្រោយ។
អ្នកវិភាគ លោក ស្ទូអាត រ៉ូថេនប៊ឺក (Stuart Rothenberg) និយាយថា ក្រុមអ្នកបោះឆ្នោតនឹងដាក់ឲ្យលោកប្រធានាធិបតី អូបាម៉ា ទទួលខុសត្រូវ ប្រសិនបើសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ។
«លោកប្រធានាធិបតីត្រូវតែធ្វើការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពការងារ និងអារម្មណ៍ជារូមរបស់ប្រទេសនេះ ដែលមានភាពលំបាកយ៉ាងខ្លាំងនៅក្នុងការធ្វើកិច្ចការនេះ។ បើមិនដូច្នេះទេ លោកនឹងត្រូវធ្វើការផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅលើការបោះឆ្នោត ដែលការបោះឆ្នោតនោះនឹងមិនមែនអំពីការងារទេ ប៉ុន្តែអំពីថា «តើអ្នកជឿលើក្រុមអ្នកសាធារណរដ្ឋនិយមឬទេ? តើក្រុមអ្នកសាធារណរដ្ឋនិយមគួរឲ្យភ័យខ្លាចខ្លាំងដែរឬទេ?» ដូច្នេះ លោកមានឱកាសមួយ នៅក្នុងការឈ្នះឆ្នោតសារជាថ្មីម្តងទៀត»។
ក្រុមអ្នកសាធារណរដ្ឋនិយម ដោយរាប់បញ្ចូលទាំងអតីតប្រធានសភាសហរដ្ឋអាមេរិក លោក ញ៉ូវ ជីនរីឆ (Newt Gingrich) ដែលសង្ឃឹមថានឹងធ្វើការតែងតាំងបេក្ខជនសម្រាប់គណបក្សរបស់ពួកគេ និងឈរឈ្មោះតទល់ជាមួយលោក អូបាម៉ា នៅឆ្នាំក្រោយ បានផ្តោតយុទ្ធនាការរបស់ខ្លួនយ៉ាងខ្លាំង ទៅលើប្រវត្តិនៃបញ្ហាសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី។
«ប្រសិនបើលោក អូបាម៉ា ជាប់ឆ្នោតសាជាថ្មី ហើយ លោកមានការជឿជាក់ថា ភាពនិយមកែប្រែជ្រុលហួសហេតុរបស់លោក មានភាពត្រឹមត្រូវ ទោះជាមានបញ្ហាសេដ្ឋកិច្ចក្តី ទោះជាមានឱនភាពក្តី និងទោះជាមានបញ្ហាអ្វីក៏ដោយក្តី ខ្ញុំមិនអាចស្រមៃបានទេ ថាតើអាណតិ្តទីពីររបស់លោក នឹងមានលក្ខណៈយ៉ាងដូចម្តេច»។
បច្ចុប្បន្ននេះ លោក ជីនរីឆ និងអតីតអភិបាលរដ្ឋម៉ាសាជូសេត (Massachusetts) លោក មីត រ៉ូមនី (Mitt Romney) ស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ នៅក្នុងការស្ទាបស្ទង់មតិជាសាធារណៈ ដែលវាស់ស្ទង់ការគាំទ្រចំពោះអ្នកប្រកួតប្រជែងដំណែងប្រធានាធិបតីចំនួន៨នាក់ របស់គណបក្សសាធារណរដ្ឋនិយម។
លោក ស្ទីវ ម៉ាក់ម៉ាហុន (Steve McMahon) អ្នកយុទ្ធសាស្រ្តនយោបាយរបស់គណបក្សប្រជាធិបតេយ្យ ថ្លែងថា និន្នាការនៃការរីកចំរើនជាលំដាប់ នៃតួលេខអត់ការងារធ្វើ នឹងជួយផ្តល់ឳកាសយ៉ាងធំធេងដល់ការជាប់ឆ្នោតសាជាថ្មីរបស់លោកប្រធានាធិបតី។
«អ្វីដែលសំខាន់បំផុតនៅក្នុងយុទ្ធនាការសម្រាប់ដំណែងប្រធានាធិបតី នៅទីបញ្ចប់ នៅពេលនិយាយអំពីបញ្ហាសេដ្ឋកិច្ចនោះគឺថា «តើប្រជាពលរដ្ឋមានអារម្មណ៍ថា អ្វីៗនឹងកាន់តែប្រសើរឡើង ហើយស្ថិតនៅលើគន្លងមួយនៃភាពកាន់តែប្រសើរឡើង ឬតើពួកគេគិតថា អ្វីៗនៅតែដដែល ឬកាន់តែអាក្រក់ទៅ?»
លោក ម៉ាក់ម៉ាហុន និងក្រុមគណបក្សប្រជាធិបតេយ្យផ្សេងទៀត សង្ឃឹមថា លោកប្រធានាធិបតី អូបាម៉ា អាចយកគំរូតាមអតីតប្រធានាធិបតី រ៉ូណាល់ រីហ្គេន (Ronald Reagan)។ លោក រីហ្គេន ទទួលជោគជ័យយ៉ាងខ្លាំងក្លា ដោយបានជាប់ឆ្នោតសាជាថ្មីនៅឆ្នាំ១៩៨៤ ទោះបីជាអត្រាអត់ការងារធ្វើស្ថិតក្នុងកម្រិត៧.២ភាគរយ ភាគច្រើនដោយសារក្រុមអ្នកបោះឆ្នោតបានជឿថា ប្រទេសនេះត្រូវបានដឹកនាំនៅក្នុងទិសដៅដ៏ត្រឹមត្រូវ៕
ប្រែសម្រួលដោយ លី សុខឃាង