ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Jill Biden នឹង​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​ស្ត្រី​អន្តរជាតិ​នៃ​ភាព​ក្លាហាន​នៅ​សេតវិមាន


រូបឯកសារ៖ លោកស្រី Jill Biden ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​​ស្ត្រី​អន្តរជាតិ​នៃ​ភាព​ក្លាហានលើក​ទី ១៦ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ លោកស្រី Jill Biden ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​​ស្ត្រី​អន្តរជាតិ​នៃ​ភាព​ក្លាហានលើក​ទី ១៦ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២។

លោកស្រី Jill Biden ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​តែ​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ស្ត្រី​ដែល​មាន​ស្នាដៃ​ការងារ​យ៉ាង​ធំធេង ដោយ​លោកស្រី​នឹង​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​ស្ត្រី​នៃ​ភាព​ក្លាហាន​អន្តរជាតិ (International Women of Courage Awards) នៅ​សេតវិមាន​ជា​លើក​ដំបូង​បង្អស់។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​លោកស្រី Biden ដែល​បាន​បញ្ជាក់​ប្រាប់ VOA កាលពី​ថ្ងៃ​សុក្រ​ទី ៣ ខែ​មីនា​កន្លង​ទៅ​នេះ។

លោកស្រី Biden បាន​ប្រាប់ VOA តាម​អ៊ីមែល​កាលពី​ថ្ងៃ​ទី ៣ ខែ​មីនា​ថា គោលបំណង​គឺ​ដើម្បី «ពាំនាំ​រឿង​រ៉ាវ​របស់​ស្ត្រី​ដ៏​អស្ចារ្យ​ទាំង​នេះ​ទៅ​កាន់​ឆាក​ដ៏​ធំ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ដែល​នោះ​គឺ​នៅ​សេតវិមាន»។

ពានរង្វាន់ដែល​ផ្ដល់​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ​ទទួល​ស្គាល់​ស្ត្រី​ដែល​បាន​បង្ហាញ​នូវ​អ្វី​ដែល​គេ​ពណ៌នា​ថា​ជា «ភាព​ក្លាហាន ភាព​រឹងមាំ និង​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ» នៅ​ក្នុង​កិច្ចការ​របស់​ពួកគេ​ដើម្បី​បុព្វហេតុ​សន្ដិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាព​យេនឌ័រ និង​បុព្វហេតុ​ផ្សេងៗ​ជាច្រើន​ទៀត។

ស្ត្រី​ជាង ១៨០ នាក់​មក​ពី​ប្រទេស​ចំនួន ៨០ ត្រូវ​បាន​ផ្ដល់​ពានរង្វាន់​នេះ​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក។ ជ័យលាភី​ពានរង្វាន់​នេះ​មក​ពី​បណ្ដា​ប្រទេស​ដែល​សិទ្ធិ​របស់​ស្ត្រី​ត្រូវ​បាន​រឹតត្បិត​ដោយ​សារ​បទដ្ឋាន ជម្លោះ ឬ​ច្បាប់​ដូចជា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន បួគីណាហ្វាសូ ប៉ាគីស្ថាន សូម៉ាលី ស៊ីរី និង​ប្រទេស​ជាច្រើន​ទៀត។ ក្រោយពី​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​ចប់​សព្វគ្រប់ ជ័យលាភី​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ពី​អង្គការ American Women for International Understanding។

កាលពី​ឆ្នាំ​មុន ជ័យលាភី​ពានរង្វាន់​នេះ​គឺ​ជា​ស្ត្រី​ដែល​មកពី​ប្រទេស​បង់ក្លាដែស ប្រេស៊ីល មីយ៉ាន់ម៉ា កូឡុំប៊ី អ៊ីរ៉ាក់ លីបេរីយ៉ា លីប៊ី ម៉ុលដាវី នេប៉ាល់ រ៉ូម៉ានី អាហ្វ្រិកខាងត្បូង និង​វៀតណាម។

បញ្ជី​ឈ្មោះ​ជ័យលាភី​ពានរង្វាន់​ឆ្នាំ​នេះ​នឹង​ប្រកាស​នៅ​មុន​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ ដែល​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ ទី ៨ ខែមីនា​ខាង​មុខនេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG