នៅក្នុងការបោះឆ្នោតគណៈបក្សសារជាថ្មីមួយនៅថ្ងៃចន្ទ លោក យ៉ូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុនបានឈ្នះលោក បាន់រី កៃអេដា (Banri Kaieda) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីលើកក្រោយរបស់ប្រទេស។
អ្នកនយោបាយជើងចាស់ម្នាក់អាយុ ៥៤ឆ្នាំ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានត្រៀមជាស្រេចដើម្បីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុននៅថ្ងៃអង្គារ។
លោក Yoshihiko Noda ត្រូវបានជ្រើសដោយសមាជិកភាគច្រើននៃសភាតំណាងរាស្ត្រពីខាងគណៈបក្សប្រជាធិបតេយ្យរបស់ប្រទេសជប៉ុនដែលបានបោះឆ្នោតកាលពីថ្ងៃចន្ទនៅទីក្រុងតូក្យូ។
សេចក្តីប្រកាសតាមផ្លូវការនៃគណៈបក្សនៅក្នុងការបោះឆ្នោតសារជាថ្មីឲ្យដឹងថាលោក Noda បានទទួលសន្លឹកឆ្នោត ២១៥សម្លេង នៅពេលលោក Banri Kaieda រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួល ១៧៧សម្លេង។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក ស៊ៃជី ម៉ាអេហារ៉ា (Seiji Maehara) ដែលការស្ទង់មតិបានបញ្ជាក់ថាលោកជាមនុស្សដែលសាធារណៈជនចូលចិត្តនៅក្នុងការប្រកួតនោះ បានជាប់លេខបីក្នុងចំណោមបេក្ខជន៥នាក់នៅក្នុងការបោះឆ្នោតលើកដំបូងរបស់គណៈបក្សនៅថ្ងៃចន្ទ។
គណៈបក្សប្រជាធិបតេយ្យរបស់ប្រទេសជប៉ុន គ្រប់គ្រងសម្លេងភាគច្រើននៅក្នុងសភាជាន់ទាបដ៏មានអំណាចខ្លាំងរបស់រដ្ឋសភា ហេតុដូច្នេះលោក Noda ប្រាកដជាមានជ័យជំនះនៅក្នុងការបោះឆ្នោតថ្ងៃអង្គារដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។
លោក Noda ពេញចិត្តនឹងការតម្លើងពន្ធដារដើម្បីយកទៅដោះស្រាយជាមួយនឹងបំណុលរបស់ប្រទេសជប៉ុន និងដើម្បីធ្វើឲ្យសេដ្ឋកិច្ចដែលជិតស្លាប់ បានរស់ឡើងវិញ គឺជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីបីរបស់ពិភពលោក។
និយាយទៅកាន់ក្រុមអ្នកតាក់តែងច្បាប់ភ្លាមៗក្រោយពីការបោះឆ្នោតរបស់លោកជាប្រធានគណៈបក្ស លោក Noda បានសន្យាប្រយុទ្ធនឹងបញ្ហាឥវ៉ាន់ចុះថ្លៃ និងទប់ការឡើងឥតឈប់នៃរូបិយវត្ថុជប៉ុន ដែលធ្វើឲ្យខូចលក្ខណៈជាអ្នកប្រកួតប្រជែងរបស់ប្រទេសជប៉ុន។
លោក Noda បានសន្យាថានឹងបន្ថែមកិច្ចប្រឹងប្រែងជាពីរដងឡើងវិញទៀតដើម្បីជួយប្រទេសជប៉ុនឲ្យងើបពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះមហន្តរាយនុយក្លេអ៊ែរនៃពាក់កណ្តាលខែមិនា។
សេចក្តីភិតភ័យបានណែនាំឲ្យមានការធ្លាក់ចុះនៃបុរសដែលលោក Noda នឹងស្នងគឺលោក ណៅតូ ខាន់ (Naoto Kan) នាយករដ្ឋមន្ត្រីចេញពីតំណែង។ លោកបានចុះពីតំណែងជាប្រធានគណៈបក្សកាលពីថ្ងៃសុក្រ ក្រោយពីបាននៅកាន់ការិយាល័យតិចជាង១៥ខែដែលបើកផ្លូវឲ្យមានការបោះឆ្នោតរបស់គណៈបក្សប្រជាធិបតេយ្យនៃប្រទេសជប៉ុន។ ប្រជាប្រិយភាពរបស់លោក Kan បានធ្លាក់ចុះនៅពេលដែលរដ្ឋាភិបាលរបស់លោកបានព្យាយាមដោះស្រាយជាមួយគ្រោះមហន្តរាយមិនធ្លាប់មានពីមុន បីដងផ្ទួនៗ ដែលបានយាយីមកលើប្រទេសជប៉ុននៅថ្ងៃទី១១ខែមិនា គឺការរញ្ជួយផែនដីមានកម្រិត៩កណ្តក់សញ្ញាសូន្យដែលធ្វើឲ្យកើតមានព្យុះរលកយក្ស tsunami និងការរលាយម៉ាស៊ីនបង្កើតកំដៅដែលកើតមានឡើងតាមកោ្រយមកទៀតនៅរោងចក្រឋាមពលនុយក្លេអ៊ែរ Fukushima-1 នៅតាមឆ្នេរសមុទ្រ។ មហន្តរាយទាំងនេះបានបណ្តាលឲ្យមនុស្សប្រមាណពីរម៉ឺននាក់ស្លាប់និងបាត់ខ្លួន។
ទោះជាយ៉ាងណា ក៏មានការរំពឹងទុកតិចតួចណាស់ថា អ្នកស្នងលោក Kan នឹងឋិតនៅក្នុងការិយាល័យក្នុងរយៈពេលយូរនោះ។ លោក Noda នឹងក្លាយជាអ្នកដឹកនាំប្រទេសជប៉ុនទី៦ ចាប់តាំងពីលោក យូណូជីរ៉ូ គយហ្ស៊ូមី (Junuchiro Koizumi) បានចេញពីតំណែងនៅក្នុងខែកញ្ញាឆ្នាំ២០០៦មក។
គណៈបក្សប្រជាធិបតេយ្យរបស់ប្រទេសជប៉ុនត្រូវបានរំខានឥតឈប់ឈរដោយសារជម្លោះនយោបាយផ្ទៃក្នុង។ អ្នកវិភាគខ្លះទាយថាគណៈបក្សអាចនឹងបែកគ្នាក្នុងប៉ុន្មានខែទៀតនេះ។ អ្នកខ្លះទៀតរំពឹងថានឹងមានការបោះឆ្នោតទូទៅមួយនៅឆ្នាំក្រោយនេះ ដែលនឹងនាំឲ្យក្រុមអ្នកអភិរក្សនៃគណៈបក្សប្រឆាំង the Liberal Democratic Party គឺគណៈបក្សប្រជាធិបតេយ្យសេរីនិយមត្រឡប់មកកាន់អំណាចវិញ។ គណៈបក្ស LDP នេះ បានគ្រប់គ្រងប្រទេសជប៉ុន នៅក្នុងពេលភាគច្រើននៃយុគក្រោយសង្គ្រាមលោកលើកទីពីរ។
ប្រែសម្រួល ដោយ នុច សារីតា