ក្រុមហ៊ុនអេឡិកត្រូនិក និង ក្រុមហ៊ុនផលិតរថយន្ដខ្លះ របស់ប្រទេសជប៉ុនបានចាប់ផ្ដើមផលិតកម្មរបស់ខ្លួនឡើងវិញដែលបានត្រូវគាំងមួយរយៈចាប់តាំងពីការផែនដីរញ្ជួយ និង មហារលកស៊ូណាមី នៃថ្ងៃទី១១ ខែមីនា។ ក៏ប៉ុន្ដែនៅមានឧបសគ្គជាច្រើនដល់ក្រុមហ៊ុនជប៉ុនភាគច្រើន។
នៅថ្ងៃពុធទី២៣ខែមីនាឆ្នាំ២០១១ ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Fujitsu និង NEC បានចាប់ផ្ដើមបើករោងចក្រអេឡិកត្រូនិករបស់ខ្លួនឡើងវិញ។ តែខណៈដែលពួកគេ បើករោងចក្រឡើងវិញក្រុមហ៊ុនជាច្រើនបានបញ្ឈប់ផលិតកម្មដោយសារគេមិនអាច ទទួលបាននូវគ្រឿងបន្លះ។
ក្រុមហ៊ុន សូនី បានបញ្ឈប់រោងចក្រប្រាំរបស់ខ្លួន រាប់ទាំងរោងចក្រធ្វើទូរទស្សន៍និងម៉ាស៊ីនថត ពីព្រោះគេមិនអាចទទួលយកសម្ភារៈបានសម្រាប់គ្រឿងបន្លះអេឡិកត្រូនិក។
ក្រុមហ៊ុន តូយ៉ូតា និង ហុងដា និយាយថា គេមិនអាចផ្ដើមផលិតរថយន្ដបានទេ យ៉ាងហោចដល់អាទិត្យក្រោយ ហើយការពន្យាពេលអាចមានបន្ដទៅទៀត។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា Paul Nolasco ពន្យល់ថា។
«យើងមានការលំបាកនិងរៀបចំឲ្យមានភាពរលូន ក្នុងការទទួលយកការផ្គត់ផ្គង់ទៀងទាត់នៃគ្រឿងបន្លះអេឡិកត្រូនិក ផ្នែកកៅស៊ូ និង ផ្លាស្ទិច»។
រោងចក្រធំៗរបស់ប្រទេសជប៉ុន មានការផ្គត់ផ្គង់សម្ភារៈដ៏ស្មុគ្រស្មាញ ហើយបើមានបញ្ហាណាមូយ វាអាចបញ្ឈប់ទាំងស្រុងនូវប្រព័ន្ធទាំងមូល។
ទោះជាការរញ្ជួយផែនដី ឬ រលក ស៊ូណាមី បានធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់ក្រុមហ៊ុនអ្នកផ្ដល់ការផ្គត់ផ្គង់តែមួយចំនួនក៏ដោយ ក៏ក្រុមហ៊ុនឯទៀតមិនអាចដឹកនាំសម្ភារៈទៅឲ្យរោងចក្រ ដោយសារការបិទផ្លូវនៅទីកន្លែងរងគ្រោះ និងការខ្វះសាំងនៅភាគខាងកើតនៃប្រទេសជប៉ុន។
បញ្ហាទាំងនោះបានត្រូវដោះស្រាយខ្លះ ហើយមានភាពប្រសើរឡើងហើយនៅពេលនេះ។
ផ្លូវថ្នល់ធំ Tohoku Expressway ពីទីក្រុងតូក្យូរហូតដល់តំបន់ភាគខាងជើងប្រទេសជប៉ុន បានបើកឲ្យរថយន្ដ កាមីញ៉ុងប្រើ ហើយសមាគមប្រេងកាតជប៉ុននិយាយថា ផលិតកម្មប្រេងសាំងសមនឹងឡើងដល់ ៩០% នៃភាពធម្មតានៅចុងសប្ដាហ៍នេះ៕
ប្រែសម្រួលដោយ អ៊ូ ធួក