ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​សម្រាប់​ការពិភាក្សា​ទ្វេភាគី


នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga ក្រោយពី​បាន​ដាក់​កម្រងផ្កា​នៅ​ឯ​វិមាន​រំឭក​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី ហូ ជីមិញ នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga ក្រោយពី​បាន​ដាក់​កម្រងផ្កា​នៅ​ឯ​វិមាន​រំឭក​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី ហូ ជីមិញ នៅក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ចាប់តាំង​ពី​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មក លោក Yoshihide Suga បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម។

ភាគី​ទាំង​ពីរ​ បាន​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ។

លោក Suga បាន​ឡើង​កាន់​តំណែង​បន្ត​ពី​លោក Shinzo Abe ដែល​បាន​លាលែង​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc មក លោក Suga បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​មួយ ដែល​ប្រទេស​ជប៉ុន​នឹង​នាំ​ចេញ​សម្ភារ:​យោធា​ទៅកាន់​ប្រទេស​វៀតណាម ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

លោក Suga បាន​ប្រាប់​អ្នក​កាសែត​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា «ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ផ្នែក​សន្តិសុខ​សម្រាប់​ប្រទេស​ទាំង​ពីរ ដែល​យើង​បាន​សម្រេច​ជា​គោលការណ៍​នៅ​ក្នុង​ការ​ផ្ទេរ​ឧបករណ៍​យោធា និង​បច្ចេកវិទ្យា»។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​លើ​សារៈសំខាន់​នៃ​ការ​រក្សា​សន្តិភាព សន្តិសុខ និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Phuc បាន​និយាយ​ថា៖ «ប្រទេស​វៀតណាម​ស្វាគមន៍​ប្រទេស​ជប៉ុន ដែល​ជា​មហា​អំណាច​ពិភពលោក​មួយ ដើម្បី​បន្ត​រួម​ចំណែក​យ៉ាង​សកម្ម​ចំពោះ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក»។

លោក Suga បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ផង​ដែរ​នៅ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ដើម្បី​បើក​ទីផ្សារ​សេដ្ឋកិច្ច​ឡើងវិញ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Suga បញ្ជាក់​ដូច្នេះ​ថា៖ «ថ្ងែ​នេះ យើង​បាន​ឯកភាព​លើ​ការ​បើក​ឡើង​វិញ​នៃ​ការ​ធ្វើ​ដំណើរ​ដើម្បី​ជំនួញ ក៏​ដូចជា​ការ​ធ្វើ​ដំណើរ​ធម្មតា​តាម​យន្តហោះ​រវាង​ប្រទេស​ទាំងពីរ»៕

XS
SM
MD
LG