ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ហ្វីលីពីន​ប្រកាស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទប់ទល់​នឹង​គម្រោង BRI របស់​ចិន


ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr. ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​មន្ត្រី​ដទៃ​ទៀត​នៅ​សេតវិមាន ថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២៤។
ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr. ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​មន្ត្រី​ដទៃ​ទៀត​នៅ​សេតវិមាន ថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២៤។

អស់​រយៈពេល​ជាច្រើន​ខែ​បន្ទាប់ពី​ប្រទេស​ហ្វីលីពីន​បាន​ដកខ្លួន​ចេញ​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​មក សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​នេះ​ជា​គំនិត​ផ្តួចផ្តើម​ជា​លើក​ដំបូង​បង្អស់​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​នានា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ដែល​គេ​ស្គាល់​ថា​ច្រករបៀង PGI Luzon ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅពេល​លោក​ទទួល​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

គម្រោង​ផ្ដួចផ្ដើម PGI ដែល​ពាក្យ​ពេញ​មាន​ន័យ​ថា «ភាព​ជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​វិនិយោគ​សាកល» ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ២០២១ ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដៃគូ​នានា​នៃ​ក្រុម​ប្រទេស G-7 ដោយ​មាន​ឈ្មោះ​ថា «គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឱ្យ​ប្រសើរ (B3W)»។ គម្រោង​នេះ​ត្រូវបាន​បង្កើត​ឡើង​ជា​ជម្រើស​មួយ​ក្នុង​ការ​ទប់ទល់​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន។

លោក Biden បាន​និយាយ​ថា៖ «គម្រោង​នេះ​មាន​ន័យ​ថា​នឹង​មាន​ការងារ​កាន់តែ​ច្រើន​ថែមទៀត​សម្រាប់​មនុស្ស​នៅ​ទូទាំង​តំបន់ និង​ការ​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​លើ​វិស័យ​ដែល​មាន​សារៈសំខាន់​ចំពោះ​អនាគត​របស់​យើង​ដូចជា​ថាមពល​ស្អាត កំពង់ផែ ផ្លូវ​រថភ្លើង កសិកម្ម និង​វិស័យ​ជាច្រើន​ផ្សេងទៀត»។

លោក Marcos ត្រូវបាន​គេ​មើល​ឃើញ​ថា​ងាក​កាន់តែ​ជិត​ទៅ​រក​សហរដ្ឋ​អាមេរិក​ជាង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​កាន់​តំណែង​មុន​លោក។ កាលពី​ឆ្នាំ​មុន លោក​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​នៅក្នុង​រដ្ឋធានី​ប៉េកាំង​នោះទេ ដែល​កិច្ចប្រជុំ​នេះ​គឺជា​ការ​ប្រារព្ធ​ខួប ១០ ឆ្នាំ​នៃ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរជាតិ​របស់​ចិន​ដែល​មាន​ទឹកប្រាក់​មួយ​លាន​លាន​ដុល្លារ​នេះ៕

XS
SM
MD
LG