ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​​សន្យា​​គាំទ្រ​​ការ​​ស្តារ​​ប្រទេស​​អ៊ុយក្រែន​​ឡើង​វិញ


នាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal និងនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ចូលរួម​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈ​រួមគ្នា​ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោក Denys Shmyhal និងនាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ចូលរួម​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈ​រួមគ្នា​ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បានសន្យា​គាំទ្រ​ដល់ការស្តារ​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ ​នៅក្នុង​សន្និសីទមួយនៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុងរាជធានី​តូក្យូ ប្រទេស​ជប៉ុន​ ដែល​មាន​ការចូលរួម​ពីមេដឹកនាំរដ្ឋាភិបាលនិង​ធុរកិច្ច​នៃ​ប្រទេសទាំង​ពីរជាច្រើន​រយ​នាក់។

លោក Kishida ថ្លែង​ថា៖ ​«សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​តែ​បន្តនៅ​ឡើយ​ក្នុង​ពេល​នេះ​ ហើយ​ស្ថានភាពក៏​កំពុង​មានការ​លំបាក​ខ្លាំង។ ទោះ​បី​យ៉ាង​នេះ​ក្តី​ ក៏​ការលើក​កម្ពស់​ការស្តារឡើងវិញ​នៃ​វិស័យ​សេដ្ឋកិច្ច​ មិន​មែន​ជា​ការវិនិយោគ​តែ​មួយ​ប៉ុណ្ណោះសម្រាប់អនាគត​នៃប្រទេសអ៊ុយក្រែន​ ប៉ុន្តែ​ក៏​ជា​ការវិនិយោគ​ក្នុង​ប្រទេស​ជប៉ុន​និង​ក្នុង​ពិភពលោក​ទាំង​មូល​ផង​ដែរ»។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​ក៏​បាន​សន្យា​សម្រួល​ដល់​ទិដ្ឋាការ​ចូល​ក្នុងប្រទេស​ជប៉ុន​ និង​បាន​ប្រកាស​ថា ប្រទេស​លោក​នឹង​បើក​ការិយាល័យ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេសនៅ​ក្នុងរដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន​ផងដែរ។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Denys Shmyhal និយាយ​ថា ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាង ៥០ ដែល​រួម​មាន​អនុសញ្ញា​អន្តរ​រដ្ឋាភិបាល​មួយ​ស្តីពី​ការ​ជៀស​វាងការ​យក​ពន្ធ​ជាន់​គ្នា ដែល​មាន​សារៈសំខាន់​ជា​ខ្លាំង​ដល់​ក្រុមហ៊ុន​ជប៉ុន​ ដែល​កំពុងរៀប​ចំគម្រោង​ថ្មីៗ​ក្នុង​ប្រទេស​អ៊ុយក្រែន។

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Shmyhal បាន​បង្ហោះ​លើ​បណ្តាញ​សង្គម X ថា​៖ «ដោយ​រួម​បញ្ចូល​នូវ​អំណាច​របស់​យើង​ យើង​អាចផ្លាស់​ប្តូរការ​ប្រឈម​នេះ ទៅ​ជា​ឱកាស​មួយ​សម្រាប់​ការរីកចម្រើននិង​វិបុលភាពក្នុង​ពេល​អនាគត។ បទ​ពិសោធន៍​របស់​ជប៉ុន​ក្នុង​ការស្តារឡើង​វិញ​ពី​សង្គ្រាម​លោក​លើក​ទី​ ២ និងសេដ្ឋកិច្ច​ខ្លាំងរបស់​ប្រទេស​នេះ​ នឹងផ្តល់​ឱ្យ​យើង​នូវ​ការ​ជំរុញលើក​ទឹកចិត្ត»។

ជប៉ុនបាន​សន្យា​ផ្តល់​ជំនួយដែល​មាន​ផ្តល់ប្រាក់​ជាង ​១០ ពាន់លាន​ដុល្លារ​ ដល់​ប្រទេស​អ៊ុយក្រែន​ ចាប់តាំង​ពី​រុស្ស៊ីចូលឈ្លានពាន​ប្រទេស​នេះកាល​ពី​ពីរឆ្នាំ​មុន​មក។ ជំនួយ​ជប៉ុន​ភាគ​ច្រើនបំផុត​ គឺជា​ជំនួយ​ហិរញ្ញប្បទាននិង​មនុស្សធម៌។

ធនាគារ​ពិភពលោក​ សហភាពអឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ​ បានប៉ាន់ប្រមាណក្នុង​របាយការណ៍​ ដែល​ចេញ​ផ្សាយ​កាល​ពីសប្តាហ៍មុន​ថា​ ប្រទេស​អ៊ុយក្រែននឹង​ត្រូវការ​ជំនួយចំនួន ​៤៨៦ ពាន់​លាន​ដុល្លារ​ ក្នុង​កិច្ចប្រឹងប្រែងស្តារប្រទេស​ឡើង​វិញ​ ក្នុង​រយៈពេលមួយ​ទសវត្សរ៍​ខាង​មុខ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG