ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន និងម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសន្តិសុខផ្លូវនាវាចរណ៍ក្នុងទឹកប្រាក់ ២លាន ៨សែនដុល្លារដើម្បីទប់ទល់ជាមួយចិន


នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim ចាប់ដៃគ្នា​ក្នុង​កិច្ច​ប្រជុំកំពូល​ជប៉ុននិងអាស៊ាន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim ចាប់ដៃគ្នា​ក្នុង​កិច្ច​ប្រជុំកំពូល​ជប៉ុននិងអាស៊ាន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​ជប៉ុន​និង​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​បាន​ចុះ​កិច្ចព្រមព្រៀងជំនួយ​ផ្នែក​សន្តិសុខ រួមមាន​ទាំង​ជំនួយ​ឥតសំណង​មាន​ទឹក​ប្រាក់ ៤០០លាន​យេន​ ស្មើ​នឹង ២.៨លាន​ដុល្លារ​ ដើម្បី​បង្កើន​សន្តិសុខ​ផ្លូវ​នាវាចរណ៍​របស់​ម៉ាឡេស៊ី។ កិច្ចព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​ទាំង​ពីរ​នេះ​ព្យាយាម​ទប់ទល់​ជាមួយ​ចិន​ ដែល​កំពុង​មាន​ភាពក្រអឺត​ក្រទម​កាន់​តែ​ខ្លាំង។

ជប៉ុន​នឹង​ផ្ដល់​សម្ភារៈ ដូចជា​កប៉ាល់​ជួយ​សង្គ្រោះ​និង​ឧបករណ៍​ផ្សេង​ទៀត​តាម​រយៈ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ផ្លូវការ​ផ្នែក​សន្តិសុខ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរ នៅ​ទីក្រុង​តូក្យូ​ នៅ​ក្នុង​ជំនួបដាច់​ដោយ​ឡែក​មួយ​ដែលធ្វើ​ឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប ៥០ ឆ្នាំ ​នៃ​ទំនាក់​ទំនង​ជប៉ុន​ជាមួយ​និងសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ដែលហៅកាត់​ថា​ អាស៊ាន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ស្វាគមន៍​ការដំឡើង​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​ម៉ាឡេស៊ី​ដល់​កម្រិត​ «ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ជប៉ុន ​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ។

ម៉ាឡេស៊ី​និង​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដូចជា ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី​ និង​ព្រុយណេ​ បាន​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ ដែល​បាន​ទាមទារ​ផ្លូវទឹកនេះ​ស្ទើរតែ​ទាំង​អស់​ដែល​ជា​ផ្លូវនាវាចរពាណិជ្ជកម្ម​មានទឹកប្រាក់​ប្រចាំឆ្នាំ​ជាង ៣ពាន់​លាន​លាន​ដុល្លារ។ តុលាការ​សម្រប​សម្រួល​អន្តរជាតិ​បាន​កាត់សេចក្តី​កាល​ពី​ឆ្នាំ ២០១៦ ថា ការទាមទារ​របស់​ចិន​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​នោះ​ទេ។

កាល​ពី​សប្ដាហ៍​មុន ចិន​និង​ជប៉ុន​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​ការរំលោភ​លើ​ផ្លូវ​សមុទ្រ បន្ទាប់ពី​មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​ឆ្មាំ​ការពារ​ដែន​សមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​កោះ​មួយ​ចំនួន​ ដែល​ពួកគេ​បាន​ទាមទារ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត។

ការផ្ដល់​ជំនួយ​របស់​ជប៉ុន​ដល់​ម៉ាឡស៊ី​កើតមាន ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ស្រដៀងគ្នា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ហ្វីលីពីន​និង​បង់ក្លាដែស ​នៅ​ឆ្នាំ​នេះ ហើយ​វា​ក៏ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ជប៉ុន​ដែល​បាន​ប្រកាស​កាលពី​ខែ​មេសា ក្នុង​ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ពួកគេ។

នៅ​ក្នុង​ជំនួប​កំពូល​រយៈ​ពេលបីថ្ងៃ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ជប៉ុន​បាន​ស្នើផ្ដល់​ការគាំទ្រ​ដល់​សមាជិក​អាស៊ាន​ដើម្បី​បង្កើន​កម្រិត​តួនាទី​របស់​ពួក​គេ ​ក្នុង​នាម​ជា​តួអង្គ​អន្តរជាតិ​និង​ជួយ​បណ្ដា​ប្រទេស​ទាំង​នេះ​ក្នុង​ការពង្រឹង​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​ប្រទេស​ឯទៀត​ រួមមាន​ទាំង​ចិន​ផងដែរ។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ការបរទេស​ជប៉ុន។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក Kishida ​ក៏​មាន​ផែនការ​ជួប​ដាច់​ដោយឡែក​ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់ រួម​មាន​ទាំង​កម្ពុជា សិង្ហបុរី ថៃ ឡាវ និងទីម័រ​ខាងកើត​ផងដែរ៕

ប្រែសម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG