ប្រហែលជាដោយសារតែលទ្ធិប្រជាធិបតេយ្យឥណ្ឌូនេស៊ីនៅក្មេងខ្ចីនៅឡើយ ដោយទើបតែមានអាយុ១៩ឆ្នាំ ទើបបានជាពលរដ្ឋឥណ្ឌូនេស៊ីហាក់ដូចជារំភើបទៅលើការទទួលបានឱកាសបោះឆ្នោត។ ប្រទេសនេះផ្តល់សិទ្ធិបោះឆ្នោតទៅឲ្យពលរដ្ឋដែលនៅដាច់ស្រយាល។ សូម្បីតែអ្នកជាប់ពន្ធនាគារនៅក្នុងប្រទេសនេះក៏បានបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់តំបន់នៅទូទាំងប្រទេសកាលពីថ្ងៃពុធកន្លងទៅនេះដែរ។ ការបោះឆ្នោតនោះក៏រួមមាន ការបោះឆ្នោតជ្រើសរើសអភិបាលទីក្រុងហ្សាការតាផងដែរ។
ថ្វីដ្បិតតែយោធាមិនអាចបោះឆ្នោតបាននៅក្នុងប្រទេសឥណ្ឌូនេស៊ី អ្នកជាប់ពន្ធនាគារដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារតិចជាង៥ឆ្នាំ អាចបោះឆ្នោតបាន។ អ្នកជាប់ពន្ធនាគាររាប់ពាន់នាក់បានបោះឆ្នោតតាមលំដាប់លំដោយមានលក្ខណៈអធិកអធម និងមានបន្ទប់បោះឆ្នោត នៅក្នុងពន្ធនាគារនៅទូទាំងទីក្រុងហ្សាការតាកាលពីថ្ងៃពុធ។ ការបោះឆ្នោតរបស់ពួកគេបង្ហាញពីការបែងចែកសន្លឹកឆ្នោតសរុបនៅក្នុងការបោះឆ្នោតនៅទីក្រុងហ្សាការតា ដែលអភិបាលក្រុងបច្ចុប្បន្នលោក Basuki Tjahaja Purnama ឬ Ahok ទទួលបានជ័យជម្នះប្រមាណ៤៣ភាគរយ អតីតរដ្ឋមន្ត្រី លោក Anies Baswedan ទទួលបានសំឡេងគាំទ្រប្រមាណ៤០ភាគរយ ហើយលោក Agus Yudhoyono ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីទទួលបានសំឡេងឆ្នោតគាំទ្រដែលនៅសេសសល់១៧ភាគរយ។ ដោយសារតែគ្មាននរណាទទួលបានជ័យជម្នះយ៉ាងហោចណាស់៥០ភាគរយ លោក Ahok និងលោក Baswedan នឹងត្រូវបន្តទៅប្រកួតប្រជែងគ្នាទៀតនៅខែមេសាខាងមុខនេះ។ នេះបើយោងតាមបទបញ្ញត្តិបោះឆ្នោតរបស់ទីក្រុងហ្សាការតា៕