ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កាន់​អំណាច​នៃ​ប្រទេស​កូដ​ឌីវ័រ​​​​ប្រើ​មធ្យោបាយ​​ដើម្បី​បន្ដ​គ្រប់​គ្រង​ប្រទេស


ប្រធានាធិបតី​ប្រទេស កូឌីវ័រ លោក ឡូរ៉ង់ បាហ្កបូ (Laurent Gbagbo) ក៏ធ្លាប់​ពឹងផ្អែកទៅលើ​​​កងជីវពល​ដែល​មាន​មូលដ្ឋាន​​នៅ​​ភាគខាងលិច​​ ​និងភាគខាងត្បូងផងដែរ។
ប្រធានាធិបតី​ប្រទេស កូឌីវ័រ លោក ឡូរ៉ង់ បាហ្កបូ (Laurent Gbagbo) ក៏ធ្លាប់​ពឹងផ្អែកទៅលើ​​​កងជីវពល​ដែល​មាន​មូលដ្ឋាន​​នៅ​​ភាគខាងលិច​​ ​និងភាគខាងត្បូងផងដែរ។

វ៉ាស៊ីនតោន៖ ក្រុម​អ្នក​វិភាគ​ អ្នក​ការ​ទូត ​ហើយ​នឹង​អ្នក​ជំទាស់​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​កាន់កាប់អំណាច ឡូរ៉ង់ ​បាហ្កបូ (​Laurent Gbagbo)​ ​នៃ​ប្រទេស​ កូដ​ឌីវ័រ (Cote D’Ivoire)​ និយាយ​ថា​ ​លោកកំពុង​តែ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​នៅ​កាន់​អំណាច​ ​ទោះ​បី​មាន​សម្ពាធ​របស់​អន្ដរជាតិ​ហើយ​នឹង​ទណ្ឌកម្ម​ ដើម្បី​បង្ខំ​លោក​ឲ្យ​ចេញ​ពី​តំណែង​ ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​យ៉ាង​ចម្រូង​ចម្រាស់​កាល​ពី​ឆ្នាំ​ទៅ​ក៏​ដោយ។

នៅ​ថ្ងៃ​អង្គារ​ ​ការ​ប្រជុំមួយ​ចំនួន​បាន​ប្រព្រឹត្ដធ្វើ​រវាង​មេ​បញ្ជាការ​កង​ទ័ព​នៃ​ប្រទេសអាហ្វ្រិកខាង​លិច​ ​នៅ​រដ្ឋធានី​ បាម៉ាកូ (Bamako)​ ​នៃ​ប្រទេស​ម៉ាលី (Mali​) ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព ធ្វើអន្ដរាគមន៍​យោធា​ក្នុង​តំបន់​បាន។​ ព្រម​ពេល​នេះ​ដែរ​ ​ក្រុម​អ្នក​ការ​ទូត​នៅ​ទី​ក្រុង ​អាប៊ិតហ្សាន់ (Abidjan) ​និយាយថា​ ​លោក​ Raila Odinga (រ៉ាយឡា​ អូឌិងហ្កា)​ អ្នក​សម្រប​សម្រួល​នៃ​សហភាព​អាហ្វ្រិក​ ​ជា​ថ្មី​ម្ដង​ទៀត​ ​បរាជ័យមិន​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​លោក​បាហ្កបូឲ្យ​ចេញ​ពី​តំណែង ​ហើយ​ក៏​មិន​អាច​ឲ្យ​លោក​ជួប​ជា​មួយ​គូ​ប្រជែង​របស់​លោក​ដែរ។​ គូ​ប្រជែង​របស់​លោក​គឺ​លោក​ អាឡាសសាន​ វូតារ៉ា (Alassance Ouattara​) ដែល​អន្ដរជាតិ​ទទួល​ស្គាល់​ថា​ ​ជា​អ្នក​ឈ្នះ​ក្នុងការបោះឆ្នោតចុងក្រោយ​ ​កាល​ពី​ថ្ងៃ​២៨​ខែ​វិច្ឆិកា។

មាន​ការ​ប្រជុំដទៃៗទៀតមួយ​ចំនួន​ដើម្បី​ពិភាក្សា​អំពី​វិបត្ដិ​រយ:ពេល​៧​អាទិត្យ​នេះ​ ​ មាន​រាប់​ទាំង​ការ​ប្រជុំ​មួយ​រវាង​លោក​ប្រធានាធិបតី ​នីកូឡាស​ សារកូហ្ស៊ី (Nicolas Sarkozy) នៃ​ប្រទេស​បារាំង​ ​ដែល​ជា​អតីត​ប្រទេស​អាណានិគម​ ​ហើយ​និង​លោក​ប្រធានាធិបតី​ប្លែស​ កុំប៉ារេ (Blaise Compaore)​ នៃ​ប្រទេស​ Burkina Faso (បឺរគីណា​ ហ្វាសូ)​ផង​ ដែល​ជាអ្នក​សម្រប​សម្រួល​ម្នាក់​នៃ​អ្នក​សម្រប​សម្រួល​ជា​ច្រើន នៅ​ក្នុង​បញ្ហា​ជាប់​គាំង​នៃ​ប្រទេសកូដ​ឌីវ័រ​នេះ។

នៅ​ក្នុង​ការ​ប្រជុំ​នា​ពេល​ខាង​មុខ​នេះ​ ​ក្រុម​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​នៅ​ទ្វី​ប​អាហ្វ្រិក​ខាង​លិច​ ​គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍​ ​នៅ​ទី​ក្រុង​បាម៉ាកូ​ ​ដើម្បី​ពិភាក្សា​គ្នា​ ​ដោយ​ប្រសិទ្ធិភាព​អំពី​ការ​រាំង​ខ្ទប់គណនេយ្យ​របស់​រដ្ឋាភិបាល​លោក​បាហ្កបូ នៅ​ប្រទេស​កូដ​ឌីវ័រ​ ដែល​ដាក់​ទុក​នៅ​ក្នុង​ធនាគារ​តំបន់​ ​នៅ​ក្នុង​បណ្តាប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ខាង​លិច​ ​មាន​ទី​ស្នាក់​ការ​នៅ​ប្រទេស​ Senegal​ (សេណេហ្កាល់)។​ដើម​ឡើយ​ ​ការ​រាំង​ខ្ទប់នេះ​ត្រូវ​បាន​យល់​ព្រម​ ​ក៏​ប៉ុន្ដែ​នៅ​មិន​ទាន់​បាន​ប្រតិបត្ដិ​នៅ​ឡើយ​ទេ។

នៅ​ពេល​ដែលការ​ពិភាក្សា​គ្នា​ទាំង​នេះ​ប្រព្រឹត្ដធ្វើ​ឡើង​នោះ​ ​លោក​ ហ្សេ​ ភីត័រផាំ (J. Peter Pham)​ ​អ្នក​វិភាគ​កិច្ច​ការអាហ្វ្រិក​ ​និយាយ​ថា​ ​អ្នក​ដើរ​តួ​ជា​ច្រើន​នាក់​នៅ​ក្នុង​សហគមន៍​អន្ដរជាតិកំពុង​តែ​ដឹង​កាន់​តែ​ច្រើន​ឡើងៗ​អំពី​ការ​ចចេស​រឹង​រូស​របស់​លោក​បាហ្កបូ។​ ​លោកជា​អតីត​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ ​ហើយ​និងជា​សកម្មជន​ជំទាស់​ជា​យូរ​ណាស់​មក​ហើយ​ ​ដែល​បាន​លៃ​លក​ពន្យារ​ពេល​ការ​បោះឆ្នោត​៥​ឆ្នាំ​ ​ពេលការ​ចរចា​សន្ដិភាព​ជា​មួយ​ពួក​បះបោរ​នៅ​ភាគ​ខាង​ជើង​ ​បាន​ទទួល​បរាជ័យ។

«លោកមានកត្ដា២ គឺ​អត់​ធ្មត់​នឹងអ្នកនយោបាយជំទាស់​ ​ហើយនឹងក្នុងឋាន:​ជាអ្នកចេះ​ដឹង​ ​លោកមានទំនោរទៅខាងការ​ប្រើច្បាប់»។

កត្ដា​ទាំង​នោះ​មាន​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កូដឌីវ័រ បោះបង់​ចោល​សន្លឹក​ឆ្នោត​របស់​អ្នក​បះបោរ​មក​ពី​ភាគ​ខាង​ជើង​ ​ហើយ​បដិសេធ​លទ្ធផល​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ ​នោះ​ជា​ការ​ប្រកាសហួស​ពេល​ពន្យារ​តាម​ច្បាប់​អនុញ្ញាត។ ​លោក​ក៏​បាន​ជួល​ក្រុម​មេធាវី​បារាំង​ឲ្យ​ការ​ពារ​រឿង​ក្ដី​របស់​លោក​នៅ​ក្នុង​តុលាការអន្ដរជាតិ​ផង​ដែរ។

ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​វិញ​ ​លោក​បាហ្កបូ​ជំរុញ​ឲ្យ​ពាណិជ្ជករ​កាកាវ​បង់​ពន្ធ​ដារលក់​ចេញ​ជា​មុន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រឹង​ប្រែង​រក​ថវិកាដើម្បី​បើកប្រាក់​បៀវត្ស​ឲ្យ​អ្នក​រដ្ឋ​ការ​ ​ហើយ​និង​កង​កម្លាំង​រក្សា​សន្ដិភាពភាគ​ខាងត្បូង​ ដែល​ជាប្រាក់​ចំណាយ​ប្រចាំ​ខែ​ ​ដែល​គេ​វាយ​តម្លៃថា​ ​មាន​ចំនួន​ដល់​ទៅ​១០០​លាន​ដុល្លារ។

លោក​វូតារ៉ា ​ដែល​ជាប់នៅ​ក្នុង​សណ្ឋាគារ​មួយ​ ​នៅ​ក្នុង​ទីក្រុងអាប៊ិតហ្សាន់​ ​បាន​ព្រមាន​ថា​ ប្រាក់​ដែលលោក​បាហ្កបូ​បាន​ចាយ​នឹង​ត្រូវ​បង់​សង​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់​វិញ។

ប្រទេស​កូដ​ឌីវ័រក៏​ជំពាក់​ប្រាក់​ប្រទេស​ដទៃ​ទៀត​ដែរ​ ​ក៏​ប៉ុន្ដែ​ភាគី​ខាង​លោក​ បាហ្កបូ​ឲ្យ​ដឹង​ថា​ ​ដោយ​សារ​រដ្ឋាភិបាល​ខ្លួន​មិន​ត្រូវ​គេ​ទទួល​ស្គាល់​ដូច្នោះ​ ​ រដ្ឋាភិបាលនេះ​ក៏ឈប់​បង់​ការ​ប្រាក់​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាលមាន​ស្រាប់​ជា​អ្នក​បង់​នោះ។

ក្នុង​វិស័យ​ផ្លូវ​ទូត​ ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ​ការដណ្ដើមតំ​ណែងគ្នា​ ​ក៏​កំពុង​តែ​កើត​មាន​ផង​ដែរ។ ក្រុម​មន្ដ្រី​ស្ថាន​ទូត​របស់​លោក​បាហ្កបូ​ប្រចាំ​នៅ​ក្នុង​រដ្ឋធានី​មួយ​ចំនួន​នៅ​បស្ចឹម​ប្រទេស​ ​និង​ក្នុង​ទ្វីបអាហ្វ្រិក​ ត្រូវ​បាន​សុំ​ឲ្យ​ចេញ​ពី​តំណែង​ ​នោះ​ ​ហើយ​និង​ត្រូវ​ជំនួស​ដោយ​ឯក​អគ្គ​រដ្ឋទូត​ដែល​លោក​វូតារ៉ា​តែង​តាំង​វិញ។​ ក៏​ប៉ុន្ដែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ​លោក​បាហ្កបូ​បាន​ទប់​ទល់​ ​ដោយ​ពង្រឹង​ចំណង​ទាក់​ទង​ជា​មួយ​សម្ព័ន្ធ​មិត្រអាហ្វ្រិក​ ដែល​មាន​ប្រទេស​គួរ​ឲ្យ​កត់​សំគាល់​ ​បំផុត​នោះ​គឺ​ ហ្សាំបាបវេ​(Zimbabwe​) ​ហើយ​និង​ប្រទេសអង់​ហ្កូ​ឡា​ (Angola) ​ហើយ​នៅ​ពេល​នេះ​ដែរ​ ​លោក​ក៏​កំពុង​ស្វែង​រក​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ក្រុម​ប្រទេស​ទ្វីប​អាហ្វ្រិក​ខាង​លិច​អេកូវ៉ាស់ (ECOWAS)។

ក្នុង​វិស័យ​យោធា​វិញ​ ​លោក​បាហ្កបូ​បាន​ឆ្លើយ​តប​ត​ទៅនឹងការគំរាមប្រើកម្លាំងទ័ព​របស់​យោធា​នៅ​ក្រៅ​ប្រទេស​ ​ដោយ​និយាយ​ថា​ ​ការ​ធ្វើ​ដូច្នេះ​អាច​បញ្ឆេះ​ឲ្យ​មាន​ការ​ប្រល័យ​ពូជ​សាសន៍។ ​លោក​ក៏​បាន​បញ្ជូន​កង​កម្លាំង​សន្ដិសុខឲ្យ​ទៅ​ចូល​លុក​លុយ​មូលដ្ឋាន​ការពារ​រឹង​មាំរបស់​លោក​វូតារ៉ាផង​ដែរ​ ​ក្នុង​ការ​ព្យាយាម​បង្ក្រាប​ចលនា​អំណាច​ពលរដ្ឋ។

លោកដេន្ញេល​ឆ័ររ៉ូ (Daniel Chirot)​ អ្នក​ជំនាញ​ខាង​កិច្ច​ការ​ប្រទេស​កូដឌីវ័រ​មាន​មូលដ្ឋាន​នៅ​សរអា​ ​និយាយ​ថា​ ​លោក​មិន​យល់​ថា​ ​អេកូវ៉ាស់មាន​ភស្ដុភារ​ដើម្បី​ធ្វើ​កិច្ច​ប្រតិបត្ដិការប្រឆាំងលោក​បាហ្កបូ​ទេ។

«ដើម្បី​ធ្វើ​ដូច្នេះ​នៅ​ប្រទេស​កូដ​ឌីវ័របាន​ ពួក​គេ​ត្រូវ​ការ​ការ​គាំ​ទ្រ​ផ្នែក​ភស្ដុភា​ពី​កង​កម្លាំង​សំខាន់​មួយ​នៅ​ក្រៅ​ប្រទេស​នេះ​ ​ដែល​នៅ​ក្នុង​ករណី​នេះ​ ​មាន​ន័យ​ថា​ ​កង​កម្លាំង​បារាំង​ ​ហើយ​ខ្ញុំ​មិន​ជឿ​ទេ​ថា​ ​នៅ​ត្រង់​ចំណុច​នេះ​ ​ប្រទេស​បារាំង​ចង់​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ទេ»។

ក្រោយ​ពី​ការ​ជួប​ប្រជុំ​របស់​លោកនៅ​ថ្ងៃ​អង្គារ​ជា​មួយ​លោក​ប្រធានាធិបតី​ សាកូហ្ស៊ី​ ​នៃ​ប្រទេស​បារាំង​ ​លោក​ប្រធានាធិបតី​ប្លែស​ កុំប៉ារេ​នៃ​ប្រទេស​ បឺរគីណា​ហ្វាសូ​ ​និយាយ​ថា​ ​លោក​មិន​ចង់​ឲ្យ​មាន​អន្ដរាគមន៍​យោធា​នៅ​ពេល​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី​កង ​ស៊ីវន

XS
SM
MD
LG