ក្រុមសកម្មជនសិទ្ធិមនុស្សនិងក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់អាហ្រ្វិកនិយាយថា ប្រធានាធិបតីថ្មីនៃប្រទេសកូតឌីវ័រ លោក អាឡាសសាន វ៉ាត់តារ៉ា (Alassane Ouattara) ប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងលំបាកនិងប្រហែលជាប្រកបដោយការប្រកួតប្រជែងនៅក្នុងការបន្តស្វែងរកការផ្សះផ្សានិងយុត្តិធម៌ បន្ទាប់ពីការបែងចែកអស់ជាច្រើនឆ្នាំនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ។
នៅឯសន្និសីទមួយកាលពីថ្ងៃទី២៩ខែមេសា នៅឯវិទ្យាស្ថានសហរដ្ឋអាមេរិកសម្រាប់សន្តិភាពនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ក្រុមវាគ្មិនបាននិយាយថា លោក វ៉ាត់តារ៉ា មានជម្រើសជាច្រើនដែលអាចជាន់គ្នា ដែលរួមមានការបន្តស្វែងរកយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការដែលមានកម្រិតរបស់ប្រទេសកូតឌីវ័រ នៅទីបញ្ចប់ប្រគល់សំណុំរឿងទាំងឡាយទៅឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បង្កើតតុលាការកូនកាត់មួយរវាងអន្តរជាតិនិងកូតឌីវ័រ ក៏ដូចជាការបង្កើតគណៈកម្មការស្វែងរកការណ៍ពិតនិងការផ្សះផ្សា។
អ្នកជំនាញមួយរូបលើនយោបាយអាហ្រ្វិកមកពីសាកលវិទ្យាល័យចច វ៉ាស៊ីនតោន (George Washington University) ជីណា ឡែមប្រាយត៍ (Gina Lambright) និយាយថា វាគឺជាសមីការដ៏ស្មុគស្មាញមួយដែលនឹងត្រូវតែធ្វើឱ្យពេញចិត្តដល់ប្រជាពលរដ្ឋ កូតឌីវ័រដើម្បីធានាឱ្យបាននូវអនាគតមួយប្រកបដោយស្ថិរភាពនិងភាពរុងរឿង។
«គំនិតនេះគឺថា អ្នកមិនមែនគ្រាន់តែព្យាយាមនាំយកមនុស្សមកទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងព្យាយាមកសាងនូវការព្រមព្រៀងដោយទូលំទូលាយមួយទាំងអំពីប្រវត្តិសាស្រ្តប៉ុន្តែក៏ត្រូវគិតផងដែរអំពីប្រទេស ដែលកំពុងតែដើរទៅមុខ និងថាតើការពណ៌នានោះនឹងនិយាយអំពីអ្វី»។
ក្រុមវាគ្មិនបាននិយាយថា ប្រជាពលរដ្ឋ កូតឌីវ័រ ក៏ត្រូវសម្រេចចិត្តផងដែរទៅលើពេលវេលា ដែលនឹងត្រូវពិនិត្យមើលឡើងវិញ។ អំពើហិង្សានយោបាយបានកើនឡើងស្របពេលដែលមានរដ្ឋប្រហារមួយនៅក្នុងឆ្នាំ១៩៩៩ ប្រទេសបានបែងចែកជាពីរបន្ទាប់ពីមានការបះបោររបស់ក្រុមឧទ្ទាមមួយនៅក្នុងឆ្នាំ២០០២ និងនៅបន្តទៀត បន្ទាប់ពីមានការបោះឆ្នោតប្រកបដោយជម្លោះកាលពីឆ្នាំទៅ។ អំពើហិង្សានាពេលថ្មីៗបំផុតរួមមាន ការវាយប្រហារទាំងឡាយប្រឆាំងនឹងជនស៊ីវិល នៅក្នុងទីក្រុង អាប៊ីហ្សង់ (Abidjan) ដ៏សំខាន់និងនៅក្នុងតំបន់ទាំងឡាយដែលមានភាពតានតឹងរវាងក្រុមជាតិពន្ធុផ្សេងៗ។
នាយកផ្នែកតស៊ូមតិសម្រាប់តំបន់អាហ្រ្វិកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ចូណាថាន អ៊ីលៀត (Jonathan Elliot) បានចោទប្រកាន់លោក បាកបូ (Gbagbo) ថាបានព្យាយាមបង្កើតស្ថានភាពវឹកវរ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវក្នុងការបន្តស្ថិតនៅកាន់អំណាច បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំទៅ ដែលអង្គការសហប្រជាជាតិនិយាយថា លោកបានចាញ់ឆ្នោត។
«គាត់បានបង្កឱ្យមានការបែងចែកជាតិសាសន៍ ជម្លោះដោយការប្រកាន់ជំនឿសាសនានិយមតាមនិកាយផ្សេងៗ និងការបែកបាក់ផ្សេងៗទៀត នៅក្នុងសង្គមកូតឌីវ័រដើម្បីប្រយោជន៍របស់គាត់ដូច្នេះការសម្លាប់ដែលបានកើតមានឡើងនៅក្នុងទីក្រុងអាប៊ីហ្សង់ មិនមែនជាការសម្លាប់ដោយចៃដន្យនោះទេ វាជាការសម្លាប់ដែលមានការគ្រោងទុកជាមុន»។
នៅទីបញ្ចប់ អតីតប្រធានាធិបតីរូបនេះត្រូវបានចាប់ខ្លួនដោយអតីតក្រុមឧទ្ទាម ដែលគាំទ្រលោកវ៉ាត់តារ៉ា នៅឯវិមានប្រធានាធិបតី នៅថ្ងៃទី១១ ខែមេសា។
ប៉ុន្តែ លោក អ៊ីលៀតបាននិយាយថា វាមានសារៈសំខាន់ណាស់ ដែលដំណើរការយុត្តិធម៌និងដំណើរការផ្សះផ្សាជាតិ មិនត្រូវធ្វើឱ្យទៅជាមានអ្នកឈ្នះនិងអ្នកចាញ់នោះទេ។ លោកបាននិយាយថា អតីតក្រុមឧទ្ទាមក៏គួរត្រូវបានដាក់ឱ្យទទួលខុសត្រូវផងដែរ ដែលរួមទាំងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក ហ្គីលូមេ សូរ៉ូ (Guillaume Soro)។ លោក អ៊ីលៀតបានរាយបញ្ជីអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយក្រុមឧទ្ទាម នៅក្រោមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ដោយរួមមានទាំងការប្រយុទ្ធគ្នានៅក្នុងជួរថ្នាក់ដឹកនាំរបស់ក្រុមឧទ្ទាមផងដែរ។
«ឧទាហរណ៍ ការដាក់អ្នកទោសនៅក្នុងទ្រុងកុងទីន័រសម្រាប់ដឹកជញ្ជូន ហើយទុកពួកគេចោលនៅទីនោះរហូតដល់ពួកគេស្លាប់ ការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធច្បាប់ជាដើម។ ប៉ុន្តែ វាក៏មានការជាប់ពាក់ព័ន្ធផងដែរនៅខាងលិចប្រទេស នៅចុងខែមីនា មុនពេលដែលជម្លោះនេះបានបញ្ចប់។ យើងបានឃើញមានការសម្លាប់រង្គាលជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តឡើងដោយកងកម្លាំងដែលគាំទ្រដោយលោក វ៉ាត់តារ៉ា នៅភាគខាងលិចនៃប្រទេស ដែលត្រូវបានគេជឿថា ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោក សូរ៉ូ ប៉ុន្តែក៏ស្ថិតនៅក្រោមការបញ្ជារបស់មេបញ្ជាការជាច្រើនផ្សេងទៀត និងកងជីវពលមូលដ្ឋាន ដែលច្រើនតែសំដៅលើក្រុមជនជាតិ ហ្គឺរេ»។
លោកសាស្រ្តាចារ្យ វីលលៀម ហ្សាតមែន (William Zartman) នៃសាកលវិទ្យាល័យ ចនស៍ ហបឃិន (Johns Hopkins University) បានមានប្រសាសន៍ថា លោកមិនជឿថាទោះបីជាមានការអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ការស្វែងរកយុត្តិធម៌នឹងអាចឈានទៅដល់ដំណាក់កាលវែងឆ្ងាយបែបនោះបានទេ។
«ប្រការដែលល្អប្រសើរបំផុត ដែលមនុស្សម្នាក់អាចសង្ឃឹមទទួលបាន ហើយដែលវានឹងមិនធ្វើឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សពេញចិត្តនោះទេ។ ប្រការដែលល្អប្រសើរបំផុត ដែលមនុស្សម្នាក់អាចសង្ឃឹមទទួលបានគឺថា វានឹងមានមនុស្សមួយចំនួនពីភាគីរបស់លោក វ៉ាត់តារ៉ា ដែលនឹងត្រូវនាំយកមកកាត់ទោស។ ប៉ុន្តែ ប្រសិនបើចង់លូកឱ្យដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃចលនារំដោះជាតិមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នោះនឹងមិនអាចប៉ះពាល់បានទេ»។
ការប្រយុទ្ធគ្នារវាងកងកម្លាំងដែលគាំទ្រលោក វ៉ាត់តារ៉ា បានបន្តនៅក្នុងសប្តាហ៍នេះ ដោយមានការសម្លាប់អតីតមេដឹកនាំឧទ្ទាមផ្តាច់ខ្លួនមួយរូប គឺលោក អ៊ីប្រាហ៊ីម គូលីបាលី (Ibrahim Coulibaly)។ សមាជិកក្រុមអ្នកប្រយុទ្ធរបស់លោកមួយចំនួន ដែលកំពុងត្រូវបានឃុំខ្លួននៅឯជំរំអាប៊ីហ្សង់មួយ បាននិយាយថា ពួកគេត្រូវបានធ្វើទារុណកម្ម។
រហូតមកដល់ពេលនេះ ការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌមួយ ត្រូវបានចាប់ផ្តើមធ្វើឡើងប្រឆាំងនឹងអតីតប្រធានាធិបតី បាកបូ និងប្រពន្ធរបស់លោកគឺលោកស្រី ស៊ីម៉ូន (Simone) ដែលអាចមានជាប់ពាក់ព័ន្ធទៅនឹងកងអត្តឃាតនៅក្នុងកំឡុងពេលនៃអាណត្តិប្រធានាធិបតីរបស់ប្តីលោកស្រី និងសហការីជិតដិត១០០នាក់ផ្សេងទៀត ដែលត្រូវបានឃុំឃាំងឬស្ថិតនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ។ ក្រុមវាគ្មិនបាននិយាយថា វាសនារបស់មេដឹកនាំកងជីវពលយុវជន ឈ្មោះ ឆាលស៍ ប្លឺហ្គូដ (Charles Ble Goude)ដែលគាំទ្រលោក បាកបូ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ប៉ុន្តែប្រសិនបើលោកត្រូវបានរកឃើញថានៅរស់ ពួកគេសង្ឃឹមថា លោកក៏នឹងត្រូវបាននាំយកមកកាត់ទោសផងដែរ។
តួអង្គនយោបាយសំខាន់ៗទាំងអស់ នៅក្នុងអំពើហិង្សាក្នុងប្រទេសកូតឌីវ័រ បានបដិសេធរាល់ការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងឡាយ ទៅនឹងការកាប់សម្លាប់ឬអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា៕
ប្រែសម្រួល ដោយ ឌី ខាំបូលី