ទីក្រុងអាប៊ីហ្សង់៖ ប្រធានាធិបតីកំពុងកាន់តំណែងរបស់រដ្ឋាភិបាលប្រទេសកូឌីវ័រ បានធ្វើការច្រានចោលការអំពាវនាវឲ្យបន្ថែមកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយនិយាយថា កងកម្លាំងទាំងអស់គួរតែចាកចេញពីប្រទេសនេះ ពីព្រោះកងកម្លាំងទាំងនោះកំពុងតែបំពានលើភាពអព្យាក្រិត្យរបស់ខ្លួន។
ការបដិសេធនេះ ធ្វើឡើងក្រោយពីមានការអំពាវនាវរបស់នាយកកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលចង់បានកងរក្សាសន្តិភាពចំនួន២.០០០នាក់បន្ថែមទៀតនៅក្នុងប្រទេសកូឌីវ័រ ក្នុងរយៈពេលពីរ បីសប្តាហ៍ទៀតនេះ ដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ។
ក៏ប៉ុន្តែ ប្រធានាធិបតីកំពុងកាន់តំណែងលោក ឡូរ៉ង់ បាហ្កបូ (Laurent Gbagbo) មានប្រសាសន៍ថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទាំងអស់ដែលមានចំនួនជិត ១០.០០០នាក់ ដែលកំពុងឋិតនៅក្នុងប្រទេសកូឌីវ័រ ត្រូវតែចាកចេញពីប្រទេសនេះ ពីព្រោះពួកគេបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត និងបានចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។
លោក អាល់ស៊ីដេ ចេចចេ (Alcide Djedje) ជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់រដ្ឋបាលលោកបាហ្កបូបានមានប្រសាសន៍ថាបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកូឌីវ័រ បានប្រាសចាកពីតួនាទីដើមរបស់ខ្លួន ហើយឥឡូវនេះកំពុងធ្វើខ្លួនជាអ្នកចូលដៃជាមួយក្រុមបះបោរ។ លោក ចេចចេថ្លែងថា រដ្ឋាភិបាលរបស់លោក បាហ្កបូ មិនអាចទទួលបញ្ហានោះបានទេ ហើយក៏លែងមានទំនុកចិត្តលើកងរក្សាសន្តិភាពផងដែរ ដូច្នេះពួកគេត្រូវតែចាកចេញពីប្រទេសនេះ។
កងរក្សាសន្តិភាពទាំងនោះខ្លះកំពុងយាមសណ្ឋាគារនាមណ្ឌលកំសាន្តមួយក្នុងទីក្រុងអាប៊ីហ្សង់ដែលលោក អាឡាសាន់ វ៉ាត់តារ៉ា (Alassane Ouattara) មិនបានចាកចេញតាំងពី គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសកូឌីវ័រ បានប្រកាសថា លោកជាអ្នកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកានោះមក។ ក្រុមអតីតអ្នកបះបោរ ដែលគាំទ្រលោក វ៉ាត់តារ៉ា ក៏ឋិតនៅក្នុងសណ្ឋាគារនោះដែរ ដែលលោក ចេចចេ បានថ្លែងថា នោះជាការគំរាមកំហែងដល់សន្តិសុខ។
លោក ចេចចេ មានប្រសាសន៍ថា កងយោធាមិនអាចអត់ទ្រាំនឹងវត្តមាននៃកងកម្លាំងប្រយុទ្ធ ប្រដាប់ដោយអាវុធយ៉ាងច្រើនចំនួន ៣០០នាក់ នៅឯសណ្ឋាគារ ដែលនៅយ៉ាងជិតនឹងទីកន្លែងស្នាក់នៅរបស់លោកបាហ្កបូបានទេ។លោកថ្លែងថា ការបិទផ្លូវមិនឲ្យចេញចូលសណ្ឋាគារនោះ គឺជាវិធានការសន្តិសុខមួយ ដែលនឹងដកចេញវិញ បើសិនណាក្រុមបះបោរទាំងនោះវិលត្រលប់ទៅទីតាំងរបស់ពួកគេនៅភាគខាងជើងវិញ។
លោក បាហ្កបូ បានយល់ព្រមបញ្ឈប់ការបិទផ្លូវ និងចូលរួមចរចាថែមទៀតដោយគ្មានការដាក់លក្ខខណ្ឌក្រោយការចរចាជាមួយក្រុមមេដឹកនាំប្រទេសនៅអាហ្វ្រិកខាងលិច។ តែក្រុមសម្ព័ន្ធមិត្តក្នុងតំបន់និយាយថា ការប្តេជ្ញានោះ មិនអាចធ្វើឲ្យពួកគេដកចេញនូវការគំរាមរបស់ពួកគេឡើយ ដែលថា ពួកគេនឹងប្រើកម្លាំងទ័ពដកលោក បាហ្កបូចេញ បើសិនលោក នៅតែមិនព្រមប្រគល់អំណាចទៅឲ្យលោក វ៉ាត់តារ៉ា ទេនោះ។
លោក ចេមស៍ បេហូ (James Gbeho) ជានាយកនៃសម្ព័ន្ធភាព ECOWAS ក្នុងតំបន់បានមានប្រសាសន៍ថា៖
«បើសិនណាការដោះស្រាយតាមសន្តិវិធីមិនអាចសម្រេចបានទេនោះ នោះការប្រើកម្លាំងយោធា អាចត្រូវលើកយកមកពិចារណាដើម្បីទុកជាមធ្យោបាយមួយសម្រាប់ដោះស្រាយឲ្យបានចីរភាព នៃវិបត្តិក្នុងប្រទេសកូឌីវ័រ»។
លោកបេហូ មានប្រសាសន៍ថា មេដឹកនាំអាហ្រ្វិកខាងលិចយល់ អំពីភាពគ្រោះថ្នាក់នៃការបន្ថែមកងកម្លាំងទ័ព ខណៈដែលលោក បាហ្កបូ គ្រប់គ្រងកងទ័ពជាតិដូចនេះ។
ក៏ប៉ុន្តែលោកវ៉ាត់តារ៉ាបានប្រាប់ទូរទស្សន៍បារាំងមួយថា ការអន្តរាគមពីយោធា ក្នុងតំបន់ នឹងមិននាំឲ្យមានសង្រ្គាមស៊ីវិលជាថ្មីទេ ហើយលោកជឿថា មេដឹកនាំអាហ្វ្រិកខាងលិច នឹងប្រើអ្វីៗទាំងអស់ រួមទាំងកងកម្លាំងស្របច្បាប់ផង ដើម្បី ដកលោក បាហ្កបូ ចេញពីតំណែង។
លោកឆាលស៍ ប្លេ ហ្កូដ (Charles Ble Goude) ជារដ្ឋមន្រ្តីក្រសួងយុវជនរបស់រដ្ឋបាលលោក បាហ្កបូបានថ្លែងនៅក្នុងការប្រមូលផ្តុំមួយក្នុងទីក្រុង អាប៊ីហ្សង់ ថា ការណ៍ដែលលោកវ៉ាត់តារ៉ាជឿថា កងទ័ពបរទេសនឹងមកប្រទេសកូឌីវ័រដើម្បីធ្វើឲ្យលោកក្លាយជាប្រធានាធិបតីនោះគឺជាការយល់ខុសមួយ។
លោក ហ្កូដនិយាយថា គ្មានកងទ័ពណា ទោះជា មានឥទ្ធិពលខ្លាំង ប៉ុណ្ណាអាចមកកូឌីវ័រ ដើម្បីដកលោក ឡូរ៉ង់ បាហ្កបូ ចេញពីតំណែង ហើយប្រគល់តំណែងជាប្រធានាធិបតីទៅឲ្យលោកវ៉ាត់តារ៉ាទេ។ គេមិនត្រូវប្រើកម្លាំងទ័ពទេ ជាពិសេសនៅទីក្រុងអាប៊ីហ្សង់ពីព្រោះក្រុមអ្នកគាំទ្រលោក បាហ្កបូ នឹងមិនព្រមឡើយ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់