ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូដឌឺវ័រកំពុងប៉ះពាល់ដល់វិស័យជំនួញនៅក្នុងប្រទេសផលិតកាកាវយ៉ាងធំមួយនៅក្នុងពិភពលោក។ ប៉ុន្តែរដ្ឋាភិបាលដែលកំពុងកាន់អំណាចបច្ចុប្បន្នមានលទ្ធភាពបើកប្រាក់បៀវត្សរ៍ឲ្យទាហាននិងមន្ត្រីរដ្ឋការបន្ទាប់ពីធ្វើជាតូបនីយកម្មធនាគារបរទេស។
មានមន្ត្រីរដ្ឋការរាប់ពាន់នាក់ ឈរតម្រង់ជួរនៅតាមបណ្តោយផ្លូវ Rue des Banques នៃទីក្រុងអាប៊ីហ្សានដោយរង់ចាំបើកប្រាក់បៀវត្សរ៍ខែកុម្ភៈរបស់ពួកគេ។ នៅពេលដែលធនាគារបរទេសបានបិទទ្វារកាលពីខែមុនដោយសារតែទណ្ឌកម្មរបស់តំបន់ទៅលើលោកប្រធានាធិបតីបច្ចុប្បន្នឡូរ៉ង់ បាកបូ (Laurent Gbagbo) រដ្ឋាភិបាលរបស់លោក បានប្រឈមមុខទៅនឹងបញ្ហាលំបាកខាងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងការស្វែងរកប្រាក់សុទ្ធដើម្បីបើកឲ្យបុគ្គលិក ជាពិសេសទាហាន។
រដ្ឋាភិបាលរបស់លោកបាកបូបានកាន់កាប់បន្តទៅលើធនាគារទាំងអស់នោះយ៉ាងឆាប់រហ័សហើយបើកធនាគារនោះឡើងវិញក្នុងសប្តាហ៍នេះដែលចំពេលការបើកប្រាក់បៀវត្សរ៍ចំនួន៨០ភាគរយនៃប្រាក់បៀវត្សរ៍ធម្មតារបស់មន្ត្រីរដ្ឋការទាំងអស់។
«កិច្ចការនោះជោគជ័យយ៉ាងខ្លាំង។ ខ្ញុំជឿជាក់ថា ពួកគេនឹងអាចធ្វើកិច្ចការនោះបាន»។
លោកអ៊ីប្រាហ៊ីម កាឡូ (Ibrahim Kalo) គ្រូបង្រៀនភាសាអង់គ្លេសនិយាយថាវិធានការរបស់ធនាគារកណ្តាលក្នុងតំបន់ដើម្បីកាត់ផ្តាច់ពីរដ្ឋាភិបាលរបស់លោកបាកបូគឺជាបញ្ហាប្រឈមមួយចំពោះប្រជាពលរដ្ឋកូដឌឺវ័រទាំងអស់នោះជាបញ្ហាប្រឈមមួយដែលកំពុងតែជួបប្រទះ។
«ខ្ញុំគិតថា នេះជាប្រតិបត្តិការមួយដើម្បីធ្វើឲ្យរដ្ឋាភិបាលកូដឌឺវ័រ (Cote d'Ivoire) ជួបគ្រោះថ្នាក់។ ប៉ុន្តែ ខ្ញុំគិតថា ពួកគេអាចបើកប្រាក់បៀវត្សរ៍ឲ្យយើង។ ដូច្នេះហើយទើបឥឡូវនេះយើងឈរតម្រង់ជួរ។ អ្នកអាចមើលឃើញមនុស្សឈរជាជួរយ៉ាងវែង នៅតាមធនាគារទាំងអស់នៅទីនេះ ដើម្បីរង់ចាំបើកប្រាក់បៀវត្សរ៍ ហើយពួកគេនឹងត្រូវទទួលប្រាក់នោះ។ អ្នកអាចប្រាកដក្នុងចិត្តចំពោះការបើកប្រាក់នោះ។ គ្មានបញ្ហាអ្វីទេ»។
លោក វីនសេឡាស អាភីយ៉ា (Winceslas Appia) ជាអ្នកគ្រប់គ្រងទូទៅ របស់ធនាគារផ្តល់ហិរញ្ញវត្ថុដល់កសិកម្មនៅទីក្រុងអាប៊ីហ្សាន។
លោក អាភីយ៉ា និយាយថា មានប្រាក់គ្រប់គ្រាន់ល្មម ដើម្បីបើកឱ្យអ្នកទាំងអស់គ្នា។ ដូច្នេះគេ គ្រប់រូប គួររក្សាភាពស្ងប់ស្ងៀម។ លោកថ្លែងថា ធនាគារ បានដាក់ចេញវិធានការជាច្រើនដើម្បីពង្រឹងបុគ្គលិករបស់ពួកគេ ដូច្នេះពលរដ្ឋគ្រប់រូប នឹងត្រូវបានផ្តល់សេវាជូន។
ការដកប្រាក់ផ្ទាល់ខ្លួន ត្រូវកម្រិតនៅត្រឹមប្រហែល៤២៥ដុល្លារក្នុងមួយថ្ងៃ។ លោក ដេសៀ ដាឡូ (Desire Dallo) រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់លោកបាកបូ បានឲ្យដឹងថា ការដាក់កម្រិតទាំងនោះសំដៅជួយឲ្យប្រព័ន្ធធនាគារអាចសងបំណុលបាន។
លោក ដាឡូ កំពុងស្នើសុំឲ្យពលរដ្ឋកុំដកប្រាក់ទាំងអស់របស់ពួកគេ ដោយសារតែប្រព័ន្ធធនាគារ អាចដំណើការបាន លុះណាតែមានតុល្យភាពរវាងប្រាក់បញ្ញើ និងប្រាក់កម្ចី។ លោក ដាឡូ ថ្លែងទៀតថា វាច្បាស់ណាស់ថា ពលរដ្ឋមានការព្រួយបារម្ភថា ធនាគារនឹងបិទទ្វារម្តងទៀត។ ប៉ុន្តែ លោកនិយាយថា ឥឡូវនេះ ធនាគារទាំងនេះគ្រប់គ្រងដោយរដ្ឋ ដែលនឹងមិនដួលរលំទេ ដូច្នេះម្ចាស់គណនេយ្យធនាគារ មិនគួរភ័យស្លន់ស្លោរ ហើយដកសាច់ប្រាក់របស់ពួកគេទាំងអស់នោះឡើយ ដោយសារតែថា ការធ្វើបែបនោះនឹងមិនអាចជួយស្រោចស្រង់ទេ។
ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឡើងសំដៅបណ្តេញលោកបាកបូ ចេញពីអំណាច បន្ទាប់ពីលោកបានអះអាងពីការឈ្នះឆ្នោតឡើងវិញ នៅក្នុងការបោះឆ្នោតតំណែងប្រធានាធិបតីដ៏ចម្រូងចម្រាស់កាលពីខែវិច្ឆិកាមុន។ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានទុកជាមោឃៈនូវសន្លឹកឆ្នោតជិត១០ភាគរយ ដែលថាមានការបន្លំនោះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់កូដឌឺវ័រ និងអង្គការសហប្រជាជាតិ បានបញ្ជាក់លទ្ធផលថា លោកអតីតនាយករដ្ឋមន្ត្រី អាឡាសាន វ៉ាត់តារ៉ា (Alassane Ouattara) បានឈ្នះការបោះឆ្នោតនោះ។
ការអំពាវនាវរបស់លោក វ៉ាត់តារ៉ា ដែលសុំឲ្យមានការហាមឃាត់ការនាំចេញកាកាវ បានធ្វើឲ្យឧស្សាហកម្មនោះភាគច្រើនបំផុត ជាប់គាំង ដោយបានរាំងខ្ទប់រដ្ឋាភិបាលលោក បាកបូ នូវប្រភពប្រាក់ចំណូលពន្ធដ៏សំខាន់។ ទណ្ឌកម្ម បានធ្វើឲ្យខ្វះខាតឧស្ម័នសម្រាប់ចម្អិនអាហារ និងការដួលរលំនៃដំណើការផ្ទេរសាច់ប្រាក់និងកាតឥណទាន ដោយបណ្តាលឲ្យ កូដឌឺវ័រ ក្លាយជាសេដ្ឋកិច្ចពឹងផ្អែកលើសាច់ប្រាក់សុទ្ធ។
លោក មួគតារ បាហ៍ (Mouctar Bah) អ្នកជំនួញជាតិសេណេហ្កាល់ លក់ទូរស័ព្ទចល័ត នៅសង្កាត់ត្រេឆវៀល (Treichville) នៃទីក្រុងអាប៊ីហ្សាន។
លោក បាហ៍ និយាយថា ក្រុមអ្នករកស៊ីជាតិសេណេហ្កាល់ ស្ថិតនៅក្នុងប្រទេសកូដឌឺវ័រ នៅពេលមានស្ថានភាពល្អប្រសើរ។ ឥឡូវនេះ គ្មានអ្វីដំណើការសោះ។ គ្មានភ្នាក់ងារវេសស្ទើនយូញៀន (Western Union) ឬធនាគារដើម្បីផ្ទេរប្រាក់ឡើយ។ លោក បាហ៍ ថ្លែងទៀតថា អ្នករកស៊ី មិនមែនអ្នកនយោបាយទេ ដូច្នេះនៅពេលជំនួញមិនដំណើការទេ ពួកគេក៏ចាកចេញទៅ។
នៅឯស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ នៅតាមបណ្តោយមហាវិថី ឧត្តមសេនីយ៍ឌឺហ្គោល (du General DeGaulle) អ្នកបើកបរយានយន្ត មិនត្រូវបានអនុញ្ញាតឲ្យទិញប្រេងដាក់ប៊ីដុងទេ។ នោះជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការកើនឡើងខ្លាំង ក្នុងខណៈដែលរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងអាប៊ីហ្សាន កំពុងកាត់បន្ថយការផលិត ដោយសារតែរោងចក្រនេះ កំពុងមានបញ្ហាក្នុងការទិញប្រេងឆៅ។
ក្រុមគាំទ្រលោក វ៉ាត់តារ៉ា និយាយថា ទណ្ឌកម្មទៅលើលោក បាកបូ កំពុងមានប្រសិទ្ធភាព បើទោះជាទណ្ឌកម្មនោះហាក់មានសភាពយឺតជាងការរំពឹងទុកក៏ដោយ។
លោក បាមបា ម៉ាសានី (Bamba Massany) សមាជិកសភាគាំទ្រលោក បាកបូ មានប្រសាសន៍ថា ពលរដ្ឋកូដឌឺវ័រ នឹងគ្មានការព្រួយបារម្ភដោយសារតែសហគមន៍អន្តរជាតិនោះឡើយ។
លោក ម៉ាសានី បានឲ្យដឹងទៀតថា ទណ្ឌកម្មទៅលើរដ្ឋាភិបាលរបស់លោក បាកបូ ជាអំពើអមនុស្សធម៌ និងមិនសមហេតុផល។ ឥឡូវនេះគឺជាពេលសម្រាប់ប្រជាពលរដ្ឋក្នុងការជួយរដ្ឋាភិបាលដូចដែលលោក ម៉ាសានី បាននិយាយថារដ្ឋាភិបាលកំពុងធ្វើការដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កូដឌឺវ័រ៕
ប្រែសម្រួលដោយ លី សុខឃាង