ប្រធានកាកបាទក្រហមអ៊ីតាលី លោក Francesco Rocca បានប្រាប់អ្នកសារព័ត៌មានថា ចាប់តាំងពីដើមឆ្នាំនេះមក មានមនុស្សជាង៣៥០០០នាក់ មកពីអាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា បានព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ ដើម្បីស្វែងរកការការពារនៅក្នុងទ្វីបអឺរ៉ុប។ មានមនុស្សប្រហែល១៨០០នាក់បានស្លាប់នៅក្នុងការធ្វើដំណើរនោះ។
ប្រទេសអ៊ីតាលី កងទ័ពជើងទឹក និងឆ្មាំសមុទ្ររបស់ខ្លួន បានស្ថិតនៅជួរមុខគេនៃវិបត្តិនេះ។ កាលពីឆ្នាំមុន ពួកគេបានសង្គ្រោះជនអន្តោប្រវេសន៍ជាង ១៦០ ០០០នាក់ពីសមុទ្រ។
លោក Rocca បាននិយាយថា ត្រូវតែមានការរកវិធីស្របច្បាប់មួយ សម្រាប់អ្នកដែលព្យាយាមរត់គេចចេញពីជម្លោះ និងការគាបសង្កត់ដែលកើតមាននៅក្នុងប្រទេសរបស់ពួកគេ។
«តើអ្នកអាចបញ្ឈប់ម្តាយម្នាក់ ដែលព្យាយាមជួយសង្គ្រោះកូនស្រីរបស់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ាបានយ៉ាងដូចម្តេច? តើអ្នកអាចបញ្ឈប់ឳពុកម្នាក់ ដែលបានបាត់បង់កូនប្រុសម្នាក់ទៅហើយនោះ ហើយកំពុងចង់ជួយកូនៗដទៃទៀតឲ្យចាកចេញពីប្រទេសស៊ីរីបានយ៉ាងដូចម្តេច?»
កិច្ចខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការបញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍បានផ្តោតទៅលើប្រទេសលីប៊ី ដែលធ្លាក់ក្នុងភាពចលាចលនយោបាយ និងជម្លោះ ដែលនេះបានបើកផ្លូវឲ្យក្រុមជួញដូរលួចនាំមនុស្សចូលទៅកាន់ទ្វីបអឺរ៉ុប។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានស្នើឲ្យបំផ្លាញទូករបស់ក្រុមជួញដូរមនុស្សទាំងនោះ នៅមុនពេលទូកទាំងនោះផ្ទុកពេញទៅដោយជនអន្តោប្រវេសន៍ ដែលជាវិធីបង្ការមួយដើម្បីបញ្ឈប់ក្រុមជួញដូរទាំងនោះ។
ប្រធានកាកបាទក្រហម លោក Rocca ហាក់ដូចជាមានមន្ទិលសង្ស័យចំពោះប្រសិទ្ធភាពនៃវិធីនេះ។
«សម្រាប់ពួកយើង ការបំផ្ទុះទូកនោះ មិនមែនជាដំណោះស្រាយទេ។ យើងត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ ពីព្រោះក្រុមជួញដូរទាំងនោះនឹងរកផ្លូវផ្សេងទៀត»។
លោកបាននិយាយថា ពួកអ្នកលួចនាំមនុស្សទាំងនោះ មិនមែនមានតែនៅប្រទេសលីប៊ីតែមួយនោះទេ ប៉ុន្តែពួកគេក៏កំពុងមានភាពសកម្មរួចទៅហើយនៅក្នុងប្រទេសអេហ្ស៊ីប ស៊ូដង់ តួកគី លីប៊ង់ និងតំបន់បាល់កង់ (Balkans)ផងដែរ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា