អ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបាញ់ឆ្លងកាត់ព្រំដែនកាលពីពេលថ្មីៗនេះ នៅពេលដែលការភ័យខ្លាចនៃជម្លោះក្នុងតំបន់បានរីកកាន់តែធំឡើង បន្ទាប់ពីអ៊ីស្រាអែលបានប្រាប់ឱ្យដឹងថា ខ្លួនបានអនុម័យផែនការសម្រាប់ការវាយប្រហាររបស់លីបង់ ហើយពួកជនសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់បានសន្យានឹងបាញ់ស្រោចគ្រាប់រ៉ុក្កែតទៅលើសត្រូវរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ចូលក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការសងសឹកការវាយប្រហារតាមអាកាសដ៏ប្រល័យនៅក្នុងប្រទេសលីបង់ភាគខាងត្បូង ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់ភ្នាក់ងារម្នាក់របស់ក្រុមនោះ។ ក្រុម Hezbollah ក៏បានអះអាងពីការវាយប្រហារជាច្រើនទៅលើកងទ័ពនិងទីកន្លែងអ៊ីស្រាអែលក្នុងរយៈពេលមួយថ្ងៃនោះ។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារកន្លែងផ្ទុកអាវុធ ២ កន្លែងនិងទីតាំងផ្សេងទៀតជាច្រើន ដែលជារបស់ក្រុម Hezbollah ហើយថា ខ្លួនបានបាញ់គ្រាប់កាំភ្លើងត្បាល់ដើម្បី «បំបាត់ការគំរាមកំហែងនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់»។
ទើបតែមុនពាក់កណ្តាលយប់ កងទ័ពបាននិយាយថាខ្លួនបាន «បាញ់ស្កាត់ប្រកបដោយជោគជ័យនូវការបាញ់ពីអាកាសឆ្លងពីប្រទេសលីបង់។
កាលពីព្រឹកថ្ងៃសុក្រ បណ្តាញព័ត៌មានលីបង់បានរាយការណ៍ពីការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលនៅក្នុងតំបន់ខាងត្បូងរបស់ប្រទេសនោះ។
ក្រុមអ្នកជំនាញមានការខ្វែងគំនិតគ្នាអំពីទិដ្ឋភាពនៃសង្គ្រាមកាន់តែធំឡើង ដែលមានរយៈពេលជិត ៩ ខែ នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល ដើម្បីកម្ចាត់ពួកហាម៉ាស់ដែលជាសម្ពន្ធមិត្តរបស់ក្រុម Hezbollah ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយ នៅក្នុងតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់អ៊ីស្រាអែលបានស្វះស្វែងរារាំងការពង្រីកអរិភាពនៅតាមបណ្តោយព្រំដែន។
នៅក្នុងជំនួបមួយជាក្រុមមន្ត្រីអ៊ីស្រាអែលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ពី៖ «សារៈសំខាន់នៃការបញ្ចៀសការរាលដាលបន្តទៀត នៅក្នុងប្រទេសលីបង់ ហើយបានឈោងដល់ដំណោះស្រាយការទូតមួយដែលអនុញ្ញាតឱ្យក្រុមគ្រួសារអ៊ីស្រាអែលនិងលីបង់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ»។ នេះបើតាមសេចក្តីថ្លែងការណ៍៕
វេទិកាបញ្ចេញមតិ