កាលពីថ្ងៃសុក្រ លោក Ash Carter រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.បានមានប្រសាសន៍ថា កងកម្លាំងស.រ.អា.បានសម្លាប់ឈ្មោះ Hajji Iman ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់រដ្ឋឥស្លាម ដែលទទួលខុសត្រូវខាងកិច្ចការក្រៅប្រទេសរបស់ពួកភេរវជននេះដែរ។
លោក Carter បានមានប្រសាសន៍ថា «យើងបានកម្ចាត់ជាប្រព័ន្ធគណៈរដ្ឋមន្ត្រីរបស់ពួក ISIL» ដោយលោកបានប្រើអក្សរកាត់នៃឈ្មោះពួកភេរវជននេះ។
លោក Carter មិនបានមានប្រសាសន៍ថាតើឈ្មោះ Iman បានត្រូវសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ឬប្រទេសស៊ីរីទេ ហើយលោកក៏មិនបាននិយាយដែរថាតើមេដឹកនាំរដ្ឋឥស្លាមរូបនេះបានត្រូវសម្លាប់នៅក្នុងការឆ្មក់វាយប្រហារមួយឬក្នុងការវាយប្រហារតាមអាកាសទេ។
បើតាមមន្ត្រីម្នាក់ផ្នែកការពារប្រទេសស.រ.អា. ឈ្មោះ Iman «បានរៀបចំដោយសកម្មនូវផែនការវាយប្រហារភេរវកម្មនៅក្នុងបស្ចឹមប្រទេស»។ មន្ត្រីរូបនេះបាននិយាយថា ក្រុមយោធាស.រ.អា.មានជំនឿថាឈ្មោះ Iman បានផ្តល់ប្រាក់កាសដល់ពួកយុទ្ធជនបរទេសដែលខិតខំព្យាយាមអភិវឌ្ឍ និងធ្វើការវាយប្រហារស្រដៀងគ្នានឹងការវាយប្រហារក្នុងសប្តាហ៍នេះនៅក្នុងក្រុងប្រ៊ុចសែល។
លោក Carter ក៏បានប្រកាសដែរថាឈ្មោះ Abu Sara ដែលជាមេដឹកនាំម្នាក់នៃពួករដ្ឋឥស្លាម ទទួលបន្ទុកខាងការបើកប្រាក់ឱ្យពួកយុទ្ធជននៅក្នុងប្រទេសអ៊ីរ៉ាក់ក៏បានត្រូវយកធ្វើជាទីដៅនៃការវាយប្រហារដោយកងកម្លាំងស.រ.អា.ក្នុងសប្តាហ៍នេះដែរ។
មន្ត្រីម្នាក់ផ្នែកការពារប្រទេសអាមេរិកាំងបាននិយាយប្រាប់ VOA ថាឈ្មោះ Sara បានស្លាប់នៅក្នុងការវាយប្រហារមួយដោយយន្តហោះគ្មានអ្នកបើកនៅក្នុងប្រទេសអ៊ីរ៉ាក់៕