ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម ISIS-K ថា​ខ្លួន​ជា​អ្នក​វាយ​ប្រហារ​សណ្ឋាគារ​មាន​ជនជាតិ​ចិន​ស្នាក់នៅ​ក្នុង​ក្រុង​កាប៊ុល


ផ្សែង​ខ្មៅ​ហោះ​ឡើង​ចេញ​ពី​កន្លែង​មួយ​ដែល​មាន​ការ​វាយប្រហារ​កើតឡើង​នៅ​ Shar-e Naw ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម​ធំ​មួយ​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​និង​កាំភ្លើង​លើ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​ឱ្យ​អ្នក​វាយ​ប្រហារ​យ៉ាង​តិច ៣ នាក់​ស្លាប់​និង​មនុស្ស ២១ នាក់​ផ្សេង​ទៀត​រង​របួស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជន​បរទេស​ពីរ​នាក់​ផង​ដែរ។

សណ្ឋាគារ​កម្ពស់​ច្រើន​ជាន់​នេះ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​អាជីវកម្ម Shar-e Naw ក្នុង​កណ្ដាល​ក្រុង​កាប៊ុល ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ផ្សេង​ទៀត​ដែល​មាន​ជនជាតិ​ចិន​ជា​ច្រើន​រស់នៅ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​តាលីបង់ ​លោក Zabihullah Mujahid បាន​និយាយ​ថា ខ្មាន់​កាំភ្លើង ៣ នាក់​បាន​សម្រុក​ចូល​ទៅ​ក្នុង​សណ្ឋាគារ​នោះ​នៅ​ពេល​រសៀល​មុន​ពេល​កង​កម្លាំង​សន្តិសុខ​បាន​ទប់ទល់​ភ្លាមៗ​និង​សម្លាប់​ខ្មាន់​កាំភ្លើង​ទាំង ៣ នាក់​នោះ។ លោក​បាន​បន្ថែម​ថា មិន​មាន​ជន​បរទេស​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​នោះ​ទេ។

លោក Mujahid បាន​បញ្ជាក់​ដោយ​មិន​រៀបរាប់​លម្អិត​ថា៖ «ប៉ុន្តែ ​ភ្ញៀវ​បរទេស​២​នាក់​បាន​រង​របួស​នៅ​ពេល​ដែល​ពួកគេ​លោត​ចេញ​ពី​បង្អួច​ដើម្បី​ឱ្យ​រួច​ផុត​ជីវិត»។

អង្គការ​ EMERGENCY ​ដែល​ជា​អង្គការ​មនុស្សធម៌​អន្តរជាតិ ​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​និង​រង​របួស​ច្រើន​ជាង​នេះ ដោយ​បាន​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។

អង្គការ​ផ្តល់​មូលនិធិ​ដោយ​អ៊ីតាលី​នេះ​បាន​បញ្ជាក់​នៅ​លើ Twitter ដោយ​មិន​រៀបរាប់​លម្អិត​ថា៖ «មក​ទល់​នឹង​ពេល​នេះ យើង​ទទួល​បានអ្នក​ស្លាប់​និង​រង​របួស ២១ នាក់ ដោយ​ក្នុង​នោះ​៣ ​នាក់​បាន​ស្លាប់​នៅ​ពេល​មកដល់​មន្ទីរ​ពេទ្យ»។

ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​បញ្ជាក់​ថា អ្នក​វាយ​ប្រហារ​ទាំង ៣ នាក់​នោះ​គឺ​ជា​សមាជិក​នៃ​ក្រុម​សម្ព័ន្ធភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​មាន​ឈ្មោះ​ថា ISIS-K និង​ថា​ក្រុម​នេះ​មាន​គោលដៅ​វាយ​ប្រហារ​លើ «ជន​កុម្មុយនីស្ត​ចិន​និង​ក្រុម​តាលីបង់»។

ការ​វាយ​ប្រហារ​នេះ​បាន​កើតឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ក្រុម​តាលីបង់​បាន​និយាយ​ថា​ប្រទេស​ចិន​បាន​ស្នើ​ពួកគេ​ឱ្យ «យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​សន្តិសុខ» របស់​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​កាប៊ុល។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការវាយ​ប្រហារ​នោះ​ ដោយ​ទទូច​ឲ្យ​ពួក​តាលីបង់​គោរព​តាម​ការប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម៕

XS
SM
MD
LG