អាជ្ញាធរតាលីបង់បាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយនៅភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សជាង ១.០០០នាក់ និងរាប់រយនាក់ទៀតរងរបួស។ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា តួលេខជនរងគ្រោះដោយសារការរញ្ជួយដីដែលនៅព្រឹកព្រលឹមថ្ងៃពុធ ទំនងជានឹងកើនឡើងបន្ថែមទៀត។
អនុរដ្ឋមន្ត្រីតាលីបង់ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ លោក Mawlawi Sharafuddin Muslim បានប្រាប់សន្និសីទសារព័ត៌មានក្នុងរដ្ឋធានីកាប៊ុលថា ការបំផ្លិចបំផ្លាញភាគច្រើនបានកើតឡើងនៅខេត្ត Paktika និងខេត្ត Khost ភាគអាគ្នេយ៍ប្រទេសដែលជាប់ព្រំដែនប៉ាគីស្ថាន។
មន្ទីរភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (U.S. Geological Survey) បាននិយាយថា គ្រោះរញ្ជួយដីកម្លាំងរំញ័រកម្រិត ៦,១លើជញ្ជីងរ៉ិចទ័រ ឋិតនៅចម្ងាយប្រហែល ៤៤ គីឡូម៉ែត្រពីទីរួមខេត្ត Khost ។
អ្នកកាសែត និងសាក្សីក្នុងស្រុកបានរាយការណ៍ថា ចំនួនមនុស្សស្លាប់អាចឡើងដល់ ២.៥០០នាក់។
លោក Mohammad Amin អភិបាលខេត្តនេះបានប្រាប់ VOA ថា គ្រាន់តែក្នុងស្រុកចំនួន ២ នៃខេត្ត Paktika មានមនុស្សយ៉ាងហោចណាស់ ១.០០០ នាក់បានស្លាប់ និង ១.៥០០ នាក់បានរងរបួស។
វីដេអូបង្ហោះលើបណ្ដាញសង្គមបានបង្ហាញពីផ្ទះបាក់បែកនិងកម្ទេចថ្ម។ ការរញ្ជួយដីក៏បានរញ្ជួយដល់ទីក្រុងកាប៊ុលផងដែរ។
អាជ្ញាធរតាលីបង់បាននិយាយថា មនុស្សនៅជាប់ក្នុងគំនរបាក់បែកនៅឡើយ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលគាំទ្រដោយឧទ្ធម្ភាគចក្រ កំពុងដំណើរការ។ ពួកគេក៏បានជំរុញឱ្យអង្គការជំនួយទាំងអស់ដែលធ្វើការក្នុងប្រទេសអាហ្វហ្គានីស្ថានជួយក្នុងប្រតិបត្តិការសង្គ្រោះនេះ។
លោក Ramiz Alakbarov អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់អាហ្វហ្គានីស្ថានបានបង្ហោះតាម Twitter ថា បេសកកម្មរបស់លោកគឺ «វាយតម្លៃតម្រូវការនិងការឆ្លើយតបក្រោយការរញ្ជួយដី» ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបង្ហោះតាម Twitter ថា ខ្លួនកំពុងបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបន្ថែមទៅកាន់មន្ទីរពេទ្យចំនួនបីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី ដើម្បីឱ្យក្រុមគ្រូពេទ្យអាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកាប៊ុល ដែលបច្ចុប្បន្នប្រតិបត្តិការចេញពីទីក្រុងដូហា (Doha) រាជធានីនៃប្រទេសកាតា (Qatar) បាននិយាយថា៖ «យើងមានភាពក្រៀមក្រំយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការរញ្ជួយដីនៅភាគខាងកើតអាហ្វហ្គានីស្ថាន។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកទាំងអស់គ្នាដែលបានរងគ្រោះក្នុងព្រឹត្តិការណ៍ដ៏មហន្តរាយនេះ»។
មជ្ឈមណ្ឌលសិក្សាសណ្ឋានរញ្ជួយដីអឺរ៉ុបមេឌីទែរ៉ាណេ (European Mediterranean Seismological Center) បានឱ្យដឹងថា រំញ័រពីការរញ្ជួយដីនេះត្រូវបានគេរាយការណ៍ថា មានចម្ងាយជាង ៥០០ គីឡូម៉ែត្រក្នុងប្រទេសអាហ្វហ្គានីស្ថាន និងឆ្លងទៅដល់ប៉ាគីស្ថាន និងឥណ្ឌា។
អ្នកស្រុកនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន និងទីក្រុង Peshawar ភាគពាយ័ព្យប្រទេសក៏បាននិយាយផងដែរថា ពួកគេបានជួបរំញ័ពីការរញ្ជួយដីនេះ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីមនុស្សស្លាប់និងរបួសនោះទេ។ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានចូលរួមរំលែកទុក្ខដល់ប្រទេសអាហ្វហ្គានីស្ថានចំពោះការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការរញ្ជួយដីនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា៖ «អាជ្ញាធរ និងស្ថាប័នរបស់យើងកំពុងធ្វើការដើម្បីផ្តល់ជំនួយចាំបាច់ដល់ប្រទេសអាហ្វហ្គានីស្ថានដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ»៕