ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ទី​មួយ​ដដែល​ឬ​ទេ?​


ទង់​ជាតិ​របស់​ស.រ.អ.បក់​រវិចៗ​ពី​លើ​វិមាន​សេរីភាព​ (Statue of Liberty ) នៅ​ទីក្រុង​ញូយ៉ក​ ដែល​ជា​និមិត្ដរូប​ដ៏​ល្បីល្បាញ​នៃ​ស.រ.អ​. និង​សេរីភាព។
ទង់​ជាតិ​របស់​ស.រ.អ.បក់​រវិចៗ​ពី​លើ​វិមាន​សេរីភាព​ (Statue of Liberty ) នៅ​ទីក្រុង​ញូយ៉ក​ ដែល​ជា​និមិត្ដរូប​ដ៏​ល្បីល្បាញ​នៃ​ស.រ.អ​. និង​សេរីភាព។

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ សហរដ្ឋ​អាមេរិកបាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​សកលលោក។​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ពីរ​បី​ឆ្នាំ​នេះ​ ប្រទេស​អាមេរិក​បាន​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ដ៏​ស្ពឹក​ស្រពន់​ ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ​ ឪនភាព​ថវិកា​ដ៏​ធំ​សម្បើម​ ព្រម​ទាំង​បរិយាកាស​នយោបាយ​ដែល​បែកបាក់​គ្នា។​ កត្តា​ទាំង​អស់​នេះ​ហើយ​បាន​បង្ខំ​ឲ្យ​អ្នក​ជំនាញ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅ​បរទេស​ចោទ​សួរ​ថា​ តើ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​កំពុង​ធ្លាក់​ចុះ​ឬ​យ៉ាង​ណា។

លោក​ ចន​ បូលថុន​ (John​ Bolton)​ ជា​អតីត​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ។

«អូហ៍!​ ខ្ញុំ​គិត​ថា​ពេល​នេះ​ជា​ពេល​ឆាប់​ពេក​ក្នុង​ការ​និយាយ​បែប​នេះ។​ ចូរ!​ រក​មើល​ប្រទេស​មហា​អំណាច​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​លោក​ដែល​ចង់​ងើប​ឡើង​តទល់​ជាមួយ​យើង​ខាង​ផ្នែក​យោធា​ ហើយ​មហា​អំណាច​ទាំង​នោះ​មាន​ចំនួន​មិន​ច្រើន​ទេ។​ មាន​ប្រទេស​ដទៃ​ទៀត​ ដែល​សេដ្ឋកិច្ច​របស់​គេ​កំពុង​រីក​ដុះ​ដាល​ ប៉ុន្តែ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​មក​ នៅ​ពេល​ដែល​ទ្វីប​អឺរ៉ុប​មាន​លទ្ធភាព​ងើប​ចេញ​ពី​ភាព​ខ្ទេច​ខ្ទាំ​បំផុត​ដោយ​សារ​សង្គ្រាម​ ដូច​ដែល​ប្រទេស​ជប៉ុន​ក៏​បាន​ងើប​ឡើង​វិញ​ដែរ​នោះ​ ភាព​ងើប​ឡើង​វិញ​នោះមិន​បាន​កាត់​បន្ថយ​ឥទ្ធិពល​របស់​ប្រទេស​អាមេរិក​ទេ។​ ប្រទេស​អាមេរិក​អាច​មើល​ឃើញ​ប្រទេស​ដទៃ​ទៀត​បង្កើន​ចំណែក​របស់​ខ្លួន​នៅ​ក្នុង​ផលិតផល​សរុប​របស់​ពិភព​លោក​ ប៉ុន្តែ​ជា​ការ​ពិត​ លទ្ធផល​នោះ​គឺ​ថា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ពិភពលោក​កាន់​តែ​មាន​ធន​ធាន​ច្រើន​ឡើង​ដែរ»។

ក្រុម​អ្នក​ជំនាញ​ថ្លែង​ថា​ ប្រទេស​ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​របស់​ខ្លួន​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ទៅ​ជា​តួ​អង្គ​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ និង​ជា​គូ​ប្រជែង​ដ៏​មាន​សក្តានុពល​មួយ​របស់​សហរដ្ឋ​អាមេរិក។

លោក​ ចូសេហ្វ​ ណាយ​ (Joseph​ Nye)​ ជា​បញ្ញាវន្ត​ជាន់​ខ្ពស់​ម្នាក់​នៅ​ឯ​សាកល​វិទ្យាល័យ​ហាវើឌ​ (Harvard​ University)។

«ប្រទេស​ចិន​មាន​ការ​រីក​លូត​លាស់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បំផុត។​ ប្រទេស​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​រយ​លាន​នាក់​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​សារ​តែ​អត្រា​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្ពស់​របស់​ខ្លួន​ ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​រីក​លូត​លាស់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។​ ខ្ញុំ​គិត​ថា​ ប្រទេស​នេះ​នឹង​កាន់​តែ​ខិត​ជិត​ទាន់​សហរដ្ឋ​អាមេរិក​ ផ្តល់​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ឃើញ​ថា​ ប្រទេស​នេះ​អាច​ឡើង​ហួស​សហរដ្ឋ​អាមេរិក​ឡើយ»។

ចំណែក​លោក​ អាឡិន​ ម៉េលហ្សឺ​ (Alan​ Meltzer)​ សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ ខាណឺហ្គី​ ម៉េឡុន​ (Carnegie​ Mellon​ University)​ វិញ​ ពិត​ជា​ជឿ​ជាក់​ថា​សហរដ្ឋ​អាមេរិក​គឺ​ជា​មហា​អំណាច​មួយ​ដែល​កំពុង​ធ្លាក់​ចុះ។​ លោក​មាន​ប្រសាសន៍​ថា​ហេតុផល​មួយ​នោះ​គឺ​ថា ​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់​មក​ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ត្រូវ​ការ​ផល​ប្រយោជន៍​ពី​អាមេរិក​កាន់​តែ​តិច​ទៅៗ​ ដោយ​សារ​តែ​ពួកគេ​មិន​ត្រូវ​ការ​ទីក្រុង​វ៉ាស៊ីនតោន​ខ្លាំង​ដូច​ដែល​ពួក​គេ​ធ្លាប់​ត្រូវ​ការ​ក្នុង​អំឡុង​ពេល​មាន​ការ​គំរាម​កំហែង​ពី​សហភាព​សូវៀត​នោះ​ទេ។

ហើយ​ លោក​ ម៉េលហ្សឺ​ ថ្លែង​ថា​មាន​ហេតុ​ផល​មួយ​ទៀត​ទាក់​ទង​នឹង​ការ​ធ្លាក់​ចុះ​របស់​ប្រទេស​អាមេរិក។

«សហរដ្ឋ​អាមេរិក​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ថវិកា​របស់​ខ្លួន​បាន​ ហើយ​ប្រទេស​មួយ​ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ថវិការបស់​ខ្លួន​ឯង​បាន​ផង​ មិន​អាច​ទៅ​ប្រាប់​អ្នក​ផ្សេង​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​នោះ​ឡើយ»។

កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ និង​មេ​ដឹកនាំ​រដ្ឋសភា​ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ដើម្បី​បង្កើន​កម្រិត​ប្រាក់​បំណុល​អតិបរមា​របស់​ប្រទេស​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​យោបល់​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់​មួយ​ចំនួន។

លោក​ ចូសេហ្វ​ ណាយ​ (Joseph​ Nye)​ នៃ​សាកល​វិទ្យាល័យ​ហាវើឌ​ មាន​ប្រសាសន៍​ថា​ បរិយាកាស​នយោបាយ​បែក​ខ្ញែក​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។​ «ពិភព​ខាង​ក្រៅ​មើល​ឃើញ​ដំណើរ​ការ​នយោបាយ​ដ៏​រញ៉ិម​រញ៉ាំ​បំផុត​ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ដំណើរការ​នេះ​បង្ហាញ​ថា​អាមេរិក​កំពុង​ធ្លាក់​ចុះ។​ ប៉ុន្តែ​ ប្រសិន​បើ​អ្នក​ត្រឡប់​ទៅ​មើល​ប្រវតិ្តសាស្រ្ត​ពី​មុន​មក​ គឺ​ជន​ជាតិ​អាមេរិកាំង​តែង​តែ​មាន​ដំណើរ​ការ​នយោបាយ​ដ៏​រញ៉ិម​រញ៉ាំ​យ៉ាង​ដូច្នេះ​ជា​ដរាប។​ បិតា​ស្ថាបនិក​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Founding​ Fathers​ ធ្លាប់​ជួប​ប្រទះ​នយោបាយ​ប្រកាន់​គណបក្ស​ដ៏​ជូរ​ចត់​បំផុត​ក្នុង​ចំណោម​ពួក​គេ។​ ខ្ញុំ​គិត​ថា ​យើង​កំពុង​ឆ្លង​កាត់​រយៈពេល​ដ៏​អាក្រក់​នៃ​នយោបាយ​បែក​ខ្ញែក​នេះ​ ប៉ុន្តែ​យើង​ធ្លាប់​ឆ្លង​ផុត​រឿង​រ៉ាវ​បែប​នេះ​ កាល​ពី​មុន​រួច​មក​ហើយ»។

ហើយ​លោក​ ណាយ​ មាន​ប្រសាសន៍​ថា​ គ្មាន​អ្វី​ថ្មី​ទេ​នៅ​ក្នុង​ការ​ពិភាក្សា​នា​ពេល​បច្ចុប្បន្ន​នេះ​ ស្តី​ពី​បញ្ហា​ថា​តើ​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់​ចុះ​ឬ​ក៏​អត់​ទេ។

«យើង​បាន​ឆ្លង​កាត់​វដ្ត​បែប​នេះ​រៀង​រាល់​ទសវត្សរ៍​ ឬ​ក៏​ពីរ​ទសវត្សរ៍​ម្តង។​ បន្ទាប់​ពី​មាន​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​ឈ្មោះ​ ស្ពូត​នីក ​(Sputnik)​ ចូល​ទៅ​ដាក់​នៅ​លើ​គន្លង​តារា​វិថី​របស់​ផែនដី​ក្នុង​ឆ្នាំ​១៩៥៧​ យើង​បាន​គិត​ថា​ ជន​ជាតិ​រុស្សី​ម្នាក់ៗ​ មាន​កំពស់​ប្រហែល​ជា​១០​ហ្វីត​គឺ​ស្មើ​និង​ ៣,០៤៨​ ម៉ែត្រ។​ នៅ​ទសវត្សរ៍​១៩៨០​ យើង​បាន​គិត​ថា​ ជន​ជាតិ​ជប៉ុន​មាន​កម្ពស់​ប្រហែល​ជា​១០​ហ្វីត​ដែរ។​ សព្វ​ថ្ងៃ​នេះ ​អ្នក​គ្រប់គ្នា​កំពុង​អះអាង​ថា ​ជន​ជាតិ​ចិន​ប្រហែល​ជា​មាន​កម្ពស់​១០​ហ្វីត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​នឹង​រីក​លូត​លាស់​លើស​ប្រទេស​ទាំង​អស់​នោះ»។

ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​ ដោយ​រាប់​បញ្ចូល​ទាំង​លោក​ឯកអគ្គរដ្ឋទូត​ ចន​ បូលថុន​ និយាយ​នៅ​ក្នុង​ការ​វិភាគ​ចុង​ក្រោយ​ថា​ តួនាទី​ដែល​ប្រទេស​អាមេរិក​នឹង​ធ្វើ​នៅ​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​ថ្ងៃ​មុខ​ គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​នោះ​គឺ​ជា​លទ្ធផល​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ផ្តល់​មក​ឲ្យ​យើង៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG