ទីក្រុង Cairo៖ សរអាបានប្រកាសបញ្ចប់បេសកកម្មប្រយុទ្ធរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់នាខែសីហា ហើយនឹងដកកងពលនៅសល់របស់ខ្លួនចេញ នៅដំណាច់ឆ្នាំ ២០១១។ តែបញ្ហាសន្តិសុខដែលបានញាំញីប្រទេសអ៊ីរ៉ាក់ជិត៨ឆ្នាំមកហើយ ក្រោយពីការចូលឈ្លានពានប្រទេសនេះ ដែលមានសរអាជាអ្នកដឹកមុខគេនោះ ក៏គ្មានសញ្ញាបញ្ចេញបង្ហាញពីការបញ្ចប់បញ្ហាសន្តិសុខនេះដែរ ដែលបង្កើតឲ្យមានសំនួរពីអ្វីដែលសរអា នឹងធ្វើនោះ។
ការកំណត់ពេលបញ្ចប់នោះ មិនមែនជាអ្វីដែលប្រទេសអ៊ីរ៉ាក់ ឬ សរអាធ្លាប់ធ្វើតាមបានល្អនោះទេ។ អ្វីដែលគេបានថ្លែងសរសើរថាជាការបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់នោះ គឺមានបន្តដោយសកម្មភាពយោធាសរអា ក្រោមបញ្ជារការរបស់កម្លាំងទ័ពអ៊ីរ៉ាក់ ដែលមានតែឈ្មោះ។
សូម្បីតែគម្រោងការសំរាប់ដកកងទាហានប្រយុទ្ធរបស់ស.រ.អា. ចេញពីទីក្រុងនានារបស់អៀរ៉ាក់នៅរវាងខែមិថុនាឆ្នាំ២០០៩នោះ ក៏គេមិនបានប្រតិបត្តិដែរ។ មានទាហានអាមេរិកាំងនៅទីតាំងសំខាន់ៗក្នុងខែមិនា រយៈពេលបោះឆ្នោតរើសសភា។ ដូច្នេះ តើមានរឿងអ្វីខ្លះដែលអាចកើតមានឡើងនៅដាច់ឆ្នាំ ២០១១ ពេលដែលទាហានស.រ.អា. ត្រូវដល់ពេលកំណត់ចេញនោះ?
ឆាលឌូន (Charles Dunne) ជាអ្នកស្រាវជ្រាវនៅវិជ្ជាស្ថានមជ្ឈឹមបូព៌ាក្នុងក្រុងវ៉ាស៊ីនតុន។
«អ្វីៗដែលកើតឡើងនោះ គឺយោងទៅលើដំណើរការទៅមុខក្នុងទំនាក់ទំនង រវាងស.រ.អា.និងអៀរ៉ាក់ ក្នុងការការពារជាតិ។ សំណួរធំនោះ គឺសរអានិងទុកទាហ៊ានប៉ុន្មាននៅអៀរ៉ាក់ក្រោយដាច់ឆ្នាំ២០១១»។
លោកឌូនថ្លែងថា មិនទាន់មានការចរចាជាផ្លូវការនៅឡើយទេ អំពីសកម្មភាពនៅក្រោយការព្រមព្រៀងសន្តិសុខ សំរាប់បញ្ចប់វត្តមានទាហានអាមេរិកាំង និងសំរាប់ការបង្ហាត់ហ្វឹកហ្វឺនយោធាអៀរ៉ាក់ ដើម្បីទទួលបន្ទុកត្រួត្រា ពេញលេញនោះ។ អ្នកខ្លះក្នុងយោធាអាមេរិកាំងជឿថា កងយោធាអៀរ៉ាក់បានត្រៀមខ្លួនស្រេចហើយ ដើម្បីងើបឈរឡើងពេលដែលសរអាដកថយចេញ នេះបើនិយាយតាមពាក្បសំដីដែលអតីតប្រធានាធិតី George W. Bush ធ្លាប់និយាយ។
ឧត្តមសេនីយត្រី Jeffry Buchanan អ្នកនាំពាក្យនៃកងកម្លាំងស.រ.អា. នៅអ៊ីរ៉ាក់ថ្លែងថា កងកម្លាំងអៀរ៉ាក់បានរក្សាសន្តិសុខក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេស…។
«តាំងពីថ្ងៃបោះឆ្នោតទៅដល់ពេលបង្កើតរដ្ឋាភិបាលជាងប្រាំបីខែ ទាហានអ៊ីរ៉ាក់បានធ្វើការ រក្សាសន្តិសុខ ការពារទីតាំងរបស់ខ្លួន ហើយមិនដែលរុញរាទេ ទោះជាបញ្ជាការរបស់ខ្លួនជាប់ទៅនិងរដ្ឋាភិបាលចាំផ្ទះក៏ដោយ»។
លោក ឆាលឌូន គិតថា ទាំងនេះមិនបាននិយាយពីរឿងទាំងស្រុងទេ ពិសេសពីតួនាទីរបស់ក្រុម The Sons of Iraq ឬបុត្រអ៊ីរ៉ាក់ជាច្រើន។ សមាជិករបស់គេដែលនៅក្នុងជួរជនជាតិស៊ុននីភាគតិច បានបដិសេធការបះបោរ ដើម្បីចូលរួមជួយស.រ.អា.។
«សមាជិកពាក់កណ្តាលនៃក្រុមនេះ ត្រូវបានរើសចូលឲ្យមានតួនាទីក្នុងការរក្សាសន្តិសុខរបស់រដ្ឋាភិបាល ហើយមានអ្នកនៅសល់ប្រហែល៤ម៉ឺន៩ពាន់នាក់ដែល គ្មានការងាធ្វើជាប់លាប់ ហើយនៅពេលអនាគតជាប្រភព ដែលក្រុមអាល់កៃដានៅអៀរ៉ាក់អាចរើសយកចូលក្នុងក្រុមអាល់កៃដា»។
ហើយក៏មានបញ្ហាប្រជាជនឃើដផងដែរ ជាក្រុមជនជាតិមួយអម្បូរខុសគ្នាពីជនអារ៉ាប់ភាគច្រើន។ នៅខាងជើងប្រទេសក្រុមនេះរស់នៅ មានស្វ័យភាពបង្គួរ នៅក្នុងស្ថានភាពដែលច្រើនតែច្របូកច្របល់។
តែកិច្ចចរចាថ្មីៗនេះអំពីការប្តេជ្ញារកអធិបតេយ្យភាពផ្ទាល់ខ្លួននោះ គឺហាក់ដូចជាគ្រាប់បែកដែលគេមួលម៉ោងឲ្យផ្ទុះ ពិសេសតាំងពីដែនដីដែលបែងចែក Kurdistan ពីទីដែលមានជនជាតិអារ៉ាប់រស់នៅច្រើន នាភាគខាងត្បូង កំពុងមានជម្លោះ ដូចគ្នានិងទីក្រុង គាគុក (KirkuK) ដែលជាទីសម្បូរប្រេងនោះផងដែរ។
ដានីញ៉ែល ស៊័វ័រ (Daniel Sewer) ពីសាលាវិជ្ជាសឹក្សាកិច្ចការអន្តរជាតិ នៃសកលវិទ្យាល័យ Johns Hopkins មានជំនឿថា ការនេះជាការគំរាមធំជាងគេបំផុតទៅលើស្ថេរភាពប្រទេសអៀរ៉ាក់។
«ខ្ញុំគិតថាយើងចាំបាច់ត្រូវខ្វល់ខ្វាយពីការធ្វើឲ្យប្រាកដថា នៅដាច់ឆ្នាំ ២០១១ ត្រូវមានដំណើរទៅមុខមួយ សម្រាប់ដោះស្រាយបញ្ហារវាងជនជាតិឃើដ និងអារ៉ាប់តាមសន្តិវិធី»។
តែការនេះ គេនៅមិនទាន់ដឹងប្រាកដទេថា រដ្ឋាភិបាលអៀរ៉ាក់និងអាចធ្វើបាននៅពេលខាងមុខ ដើម្បីដោះស្រាយបញ្ហានេះនិងបញ្ហាដទៃទៀត ជាបន្ទាន់ភ្លាមៗនោះ។
ទំនាស់នយោបាយ តាំងពីការបោះឆ្នោតមក បានបន្សល់ទុកអ្វី ដែលធ្វើឲ្យរដ្ឋាភិបាលងើបចេញមក មានបញ្ហាគរលើគ្នាយ៉ាងច្រើន៕