កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ (Iran) បាននិយាយថា លិខិតមួយច្បាប់របស់សមាជិកព្រឹទ្ធសភាមួយក្រុមខាងគណបក្សសាធារណរដ្ឋ ដែលព្រមានថា កិច្ចព្រមព្រៀងខាងបរមាណូមួយដែលអាចមានជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង (Teheran) អាចត្រូវលប់ចោលនៅពេលណាលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចេញពីតំណែងនោះ នាំឲ្យមានការយល់ថា គេមិនត្រូវទុកចិត្តស.រ.អា.ទេ។
នៅក្នុងក្រុងតេហេរ៉ង លោក Mohammad Javad Zarif បានមានប្រសាសន៍ប្រាប់សភានិងក្រុមអ្នកជំនាញការដែលជាអង្គការកំពូលនៃបព្វជិតអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ង់ថា លិខិតមកពីសមាជិកសភាស.រ.អា. ៤៧នាក់នោះ «ជាការមិនធ្លាប់មានពីពេលមុនទេ ហើយមិនត្រឹមត្រូវតាមការទូតទ្បើយ។ ជាការពិត សំបុត្រនេះនិយាយប្រាប់យើងថា យើងមិនអាចទុកចិត្តស.រ.អា.បានទេ»។
លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកាំងទាំងនេះកាលពីថ្ងៃច័ន្ទ បានព្រមានក្រុមមេដឹកនាំអ៊ីរ៉ង់ថា កិច្ចព្រមព្រៀងណាមួយដែលលោកអូបាម៉ាធ្វើការចរចាជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង អាចមានសុពលភាពត្រឹមតែពេលណាលោកនៅកាន់តំណែងរហូតដល់ដើមឆ្នាំ២០១៧តែប៉ុណ្ណោះ។
ទំនាក់ទំនងការបរទេសរបស់ស.រ.អា.ជាមួយរដ្ឋាភិបាលឯទៀតៗត្រូវបានធ្វើឡើងសឹងតែទាំងអស់ដោយប្រធានាធិបតីរបស់ប្រទេសទាំងនោះនិងអ្នកការទូតអាមេរិកាំង ហើយអន្តរាគមន៍ដោយផ្ទាល់របស់សមាជិកសភាទាំងនេះជាមួយលិខិតនោះបាននាំឲ្យលោកអូបាម៉ាខឹងសម្បារ។
កាលពីពេលមុននេះ លោក Zarif បានមានប្រសាសន៍ថា លិខិតរបស់ពួកសាធារណរដ្ឋទាំងនេះ«គ្មានតម្លៃខាងផ្លូវច្បាប់ទេ ហើយភាគច្រើនជាឧបាយកលឃោសនាមួយ»។ លោកបាននិយាយថា ប្រសិនបើរដ្ឋបាលស.រ.អា.លើកក្រោយលប់ចោលកិច្ចព្រមព្រៀងណាមួយជាមួយប្រទេសអ៊ីរ៉ង់ ប្រទេសអាមេរិក«នឹងរំលោភជាក់ស្តែងលើច្បាប់អន្តរជាតិ»៕