ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​រិះគន់​អារ៉ាប៊ី សាអូឌីត​ចំពោះ​ការកាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា


ហ៊ុំព័ទ្ធ​ដោយ​ប៉ូលីស​ បុព្វជិត​ម៉ូស្លីម​ម្នាក់​និយាយ​ទៅ​កាន់​ក្រុម​បាតុករ​ដើម្បីប្រឆាំងនឹងការប្រហារជីវិតរបស់ប្រទេសអារ៉ាប៊ី សាអូឌីត​ ទៅ​លើ​លោក Sheikh Nimr al-Nimr (ដែលមានបង្ហាញនៅក្នុងផ្ទាំងរូប) នៅ​មុខ​ស្ថានទូត​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ប្រចាំ​នៅ​ទីក្រុង ប្រទេស​អ៊ីរ៉ង់ នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣ ខែ​មករា​ ឆ្នាំ​២០១៦។​
ហ៊ុំព័ទ្ធ​ដោយ​ប៉ូលីស​ បុព្វជិត​ម៉ូស្លីម​ម្នាក់​និយាយ​ទៅ​កាន់​ក្រុម​បាតុករ​ដើម្បីប្រឆាំងនឹងការប្រហារជីវិតរបស់ប្រទេសអារ៉ាប៊ី សាអូឌីត​ ទៅ​លើ​លោក Sheikh Nimr al-Nimr (ដែលមានបង្ហាញនៅក្នុងផ្ទាំងរូប) នៅ​មុខ​ស្ថានទូត​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ប្រចាំ​នៅ​ទីក្រុង ប្រទេស​អ៊ីរ៉ង់ នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣ ខែ​មករា​ ឆ្នាំ​២០១៦។​

ប្រទេស​អ៊ីរ៉ង់​បាន​រិះគន់​ប្រទេស​អារ៉ាប៊ី សាអូឌីត ចំពោះ​ការកាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ប្រទេស​អ៊ីរ៉ង់​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ទង្វើ​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត កំពុង​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់។​នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​អ៊ីរ៉ង់។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ លោក Hossein Jaber Ansari ក៏​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា​ មន្ត្រី​ការទូត​អ៊ីរ៉ង់​មិន​ទាន់​ចាកចេញ​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា គេ​កំពុង​រៀបចំ​ឲ្យ​មន្ត្រី​ការទូត​ទាំង​នោះវិល​ត្រឡប់​ទៅប្រទេស​អ៊ីរ៉ង់​វិញ។

រដ្ឋ​មន្ត្រី​ការបរទេស​ អារ៉ាប៊ី សាអូឌីត លោក Adel al-Jubeir បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា ក្រៅ​ពី​ការ​សម្រេចចិត្ត​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ហើយ​នោះ មន្ត្រី​ការទូត​អ៊ីរ៉ង់​ត្រូវតែ​ចាកចេញ​ពី​អារ៉ាប៊ី សាអូឌីត ក្នុង​អំឡុងពេល​៤៨​ម៉ោង។

ការ​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ កើត​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់ក្រុម​បាតុករ​ទៅ​លើ​ស្ថានទូត​ប្រទេស​អារ៉ាប៊ី សាអូឌីត ប្រចាំ​ទីក្រុង​ Tehran របស់​អ៊ីរ៉ង់។ ក្រុម​បាតុករ​ទាំង​នោះ​ខឹង​សម្បារ​នឹង​ប្រទេស​អារ៉ាប៊ី សាអូឌីត ដែល​បាន​កាត់​ទោស​ប្រហារ​ជីវិត​បុព្វជិត​សាសនា​ឥស្លាម​និកាយ Shi'ite ដ៏​ល្បី​ល្បាញ​ម្នាក់​ឈ្មោះ Sheikh Nimr al-Nimr ។

បុព្វជិតSheikh Nimr al-Nimr មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ចំណោម​យុវជន ហើយ​បុព្វ​ជិត​រូប​នេះ ក៏​ជា​អ្នក​រិះ​គន់​រដ្ឋាភិបាល​និង​ខ្សែ​រាជវង្ស​ដែល​កំពុង​កាន់​អំណាច​នៅ​អារ៉ាប៊ី សាអូឌីត​ផង​ដែរ។​

រដ្ឋ​មន្ត្រី​ការបរទេស​ អារ៉ាប៊ី សាអូឌីត លោកJubeir និយាយ​ថា ប្រទេស​អារ៉ាប៊ី សាអូឌីត ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគច្រើន​កាន់​និកាយSunni នោះ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់ ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគច្រើន កាន់​និកាយ​Shi'ite ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​នៃ​ប្រទេស​របស់​លោក ឬ​ក៏​សន្តិសុខ​ក្នុង​តំបន់​ទាំង​មូល​នោះ​ទេ។

បុព្វជិតSheikh Nimr al-Nimr ត្រូវ​បាន​កាត់ទោស​កាល​ពី​ឆ្នាំ​២០១៤ ពី​បទ​បំបះបំបោរ និង​បទ​ចោទ​ផ្សេង​ៗ​ទៀត។ នៅ​ឆ្នាំ​២០១១ ​បុព្វជិត រូប​នេះ គឺ​ជា​មេដឹកនាំ​ដ៏​សំខាន់​ម្នាក់​ នៅ​ក្នុង​បាតុកម្ម​តវ៉ា​របស់​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite នៅ​ភាគ​ខាង​កើត ប្រទេស អារ៉ាប៊ី សាអូឌីត។

មនុស្ស​៤៦​នាក់​ផ្សេងទៀត​ក៏​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអូឌីត នោះ​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​ធ្វើ​ឲ្យ​មាន​កំហឹង​យ៉ាង​ខ្លាំង​ជា​អន្តរជាតិ​ និង​ការ​ព្រមាន​អំពី​ការ​សកសឹក​ធ្ងន់ធ្ងរ​ទៅលើ​ខ្សែ​រាជវង្សានុវង្ស​ អារ៉ាប៊ី សាអូឌីត៕

XS
SM
MD
LG