អ្នកស្រី រស់ មុំ៖ «ទំនាស់ដីធ្លីជាបញ្ហាចម្បងដែលត្រូវដោះស្រាយមុនគេ បើសិនអ្នកស្រីជាប់ជាមេឃុំ»
គណបក្សសញ្ជាតិកម្ពុជាមានបេក្ខជនឈរឈ្មោះជាមេឃុំចំនួន ២៤៥ ក្នុងចំណោមឃុំសង្កាត់ ១.៦៥២ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំឬចៅសង្កាត់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យសប្តាហ៍នេះ។ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានភូមិចំនួន ៦។ ប្រជាពលរដ្ឋភាគច្រើននៅទីនោះ កំពុងជួបបញ្ហាលំបាក ដូចជាការខ្វះខាតផ្លូវ ស្ពាន និងអគ្គិសនី បញ្ហាទំនាស់ដីធ្លី និងទិន្នផលផ្នែកកសិកម្មដែលមិនមានទីផ្សារល្អ។ អ្នកស្រី រស់ មុំ អាយុ៤៥ឆ្នាំ ជាបេក្ខនារីឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មកពីគណបក្សសញ្ជាតិកម្ពុជា។ អ្នកស្រី រស់ មុំ បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ ថា ទំនាស់ដីធ្លីជាបញ្ហាចម្បងដែលត្រូវដោះស្រាយមុនគេ បើសិនអ្នកស្រីជាប់ជាមេឃុំ។