ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ម្ចាស់​ជំនួយ​បិទមាត់​ជិត​ឈឹង​ក្នុង​ការ​សុំ​ឱ្យ​ដាក់​សម្ពាធ​កម្ពុជា​លើ​បញ្ហា​សិទ្ធិ​​មនុស្ស


អ្នក​គាំទ្រ​បាតុករ​ភូមិ​បឹងកក់​ប្រមូល​ផ្តុំ​នៅ​​ផ្លូវ​ដែល​ត្រូវ​បិទ​មួយ​នៅ​ជិត​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤។

ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​នឹង​មិន​ចាត់​វិធានការ​ណា​មួយដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ។

ជំហរ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human Rights Watch ​កាល​ពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឱ្យ​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នានាដែល​បាន​លើក​ឡើងដោយ​សហគមន៍​អន្តរជាតិក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន។

​នៅ​ក្នុង​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២៦ ខែមិថុនា នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​ប្រទេស​នានា​បាន​ផ្តល់​អនុសាសន៍​រហូត​ដល់​ចំនួន​២០៥​ចំណុច។ ​ក្នុង​នោះ​កម្ពុជា​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣​និង​កត់ទុក​ចំនួន​៣៨។ អនុសាសន៍​ចំនួន​បួន​ក្រៅ​ពី​នោះ​ ត្រូវ​កម្ពុជា​ទាត់ចោល។ អនុសាសន៍​ដែល​បាន​លើក​ឡើង​រួម​មានការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​ចេញ​បម្រាម​សិទ្ធិ​ជួប​ជុំ​និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ចាត់​វិធានការ​ដើម្បី​ធានា​សេរីភាព​សារព័ត៌មាន រួម​ទាំង​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ធានា​ឱ្យ​បាន​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ឬ​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​របស់​គេ​នោះ​ទេ​ហើយ​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើ​អំពើ​ហិង្សា​ហួសហេតុ​ទៅ​លើ​បាតុករ​នា​ពេល​កន្លង​មក​ជាដើម។

លោក Brad Adams ​នាយក​ការិយាល័យ​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​ដែល​មាន​មូលដ្ឋាន​នៅក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួនថា​«ដោយ​ប្រឈម​ជាមួយ​ការ​ទាមទារ​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ការ​ផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ដើម្បី​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន មិន​បាន​អើ​ពើ​នោះ​ទេ។ សហគមន៍​អន្តរជាតិ​មិន​គួរ​ទទួល​យក​ការ​ប្រើ​អំពើ​ហិង្សា​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ការ​ដាក់​ពន្ធនាគារ​ និង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ប្រឆាំង​ដោយ​សារ​មូលហេតុ​នយោបាយ និង​ការ​រឹត​ត្បិត​សិទ្ធិ​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ​ជា​សាធារណៈ​នោះ​ទេ»។

ក្នុង​នោះ​ដែរ​លោក Brad Adams ​បាន​ទទូច​ឲ្យ​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​ដល់​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ឲ្យអនុវត្ត​នូវ​រាល់​អនុសាសន៍​ទាំងឡាយ​ដែល​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំប្រចាំ​ឆ្នាំ​របស់​ខ្លួន។

ក្នុង​សារ​អេឡិកត្រូនិក​តប​ហ្នឹង​សំណួរ​របស់​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​ លោក Sean McIntosh ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​មិន​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ជុំវិញ​ការ​ទទូច​របស់​អង្គការ​ Human Rights Watch ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​គឺ​ជា​អាទិភាពខ្ពស់​នៃ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា។ យើង​បាន​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នានា​ហើយ​នឹង​បន្ត​លើក​បញ្ហា​ទាំង​នោះ​ទៀត​ក្នុង​ជំនួប​កំពូល​នានា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»។

សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​ប្រមាណ​៧០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​មក​កាន់​កម្ពុជា​លើ​វិស័យ​អប់រំ កសិកម្ម សិទ្ធិ​មនុស្ស និង​អភិបាលកិច្ច​ល្អ​ជា​ដើម។ ​

ដោយ​ឡែក​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ធំ​ពីរ​ផ្សេង​ទៀត​គឺ​សហគមន៍​អឺរ៉ុបនិង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​ហ្នឹង​សំណួរ​របស់​វីអូអេ​ ខេមរភាសា​នោះ​ទេ​ពីរ​ថ្ងៃ​មក​នេះ។

កម្ពុជា​ជា​ប្រទេស​មួយ​ដែល​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស​ដើម្បី​ដំណើរការ​រដ្ឋាភិបាល​និង​អភិវឌ្ឍ​ប្រទេស​នៅ​ឡើយ។ ចាប់​ពី​ឆ្នាំ​១៩៩៣​រហូត​ដល់​ឆ្នាំ​២០១២ កម្ពុជា​ទទួល​ជំនួយ​និង​កម្ចី​សម្បទាន​ពី​បរទេស​ប្រមាណ​១០​ពាន់​លាន​ដុល្លារ។

លោក Muhsinin Dolisada ​លេខា​ទី​មួយ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា អះអាង​ថា​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​ដូចជា​បណ្ដា​ប្រទេសសមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែរ​ប្រកាន់​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ទេ។

«សម្រាប់​យើង​ក៏​ដូច​ជា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែរ ខ្ញុំ​គិត​ថា​យើង​មិន​ដាក់​សម្ពាធ​ឬ​ក៏​ជ្រៀតជ្រែក​ពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​គិត​ថា​យើង​អាច​ពិភាក្សា​តាម​រយៈ​យន្តការ​របស់​អាស៊ាន​បានព្រោះ​យើង​ក៏​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​អាស៊ាន​ដែរ»។

ប្រទេស​ឥណ្ឌូណេស៊ីជា​ប្រទេស​សម្រប​សម្រួល​កិច្ច​ចរចា​សន្តិភាព​ដ៏​សំខាន់មួយ​របស់​កម្ពុជា​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៩០​ ហើយ​ក៏​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​សមាគម​អាស៊ាន​ដែរ ​ដោយ​មានប្រជាជន​ជាង​២៥០​លាន​នាក់។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា​ការ​លើក​ឡើង​របស់​អង្គការHuman Rights Watch ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​របស់​កម្ពុជា​នោះ​ទេ ហើយ​ប្រទេស​ម្ចាស់​ជំនួយ​នានា​ក៏មិន​បាន​ចាប់​អារម្មណ៍​នឹង​សំណើ​បែប​នេះ​នោះ​ដែរ។

«នេះ​ជា​ក្រុម​មួយ យើង​មិន​ចាត់​ទុក​ជា​ស្ថាប័ន​ទេ ដូច្នេះ​ការ​លើក​ឡើង​ដល់​ម្ចាស់​ជំនួយ​ឱ្យ​ផ្ដាច់​ជំនួយ​មក​ប្រជាជាតិ​ខ្មែរ នេះ​ជា​ការ​ប្រមាថ​ដល់​ការ​យល់​ដឹង​និង​ការ​សម្រេច​ចិត្ត​របស់​ដៃ​គូ​អភិវឌ្ឍន៍ ដូច្នេះ​ម្ចាស់​ជំនួយ​ឬ​ក៏​ដៃ​គូ​អភិវឌ្ឍន៍​របស់​កម្ពុជា​គេ​មាន​ទូត​របស់​គេ​នៅ​កម្ពុជា ហើយ​គេ​ប្រហែល​ជា​ដឹង​ស្ថានភាព​ពិត​ប្រាកដ។ ដូច្នេះ​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍ ហើយ​ប្រទេស​ម្ចាស់​ជំនួយ​ក៏​មិន​ចាប់​អារម្មណ៍។ នេះ​គ្រាន់​តែ​ជា​ភាសា​របស់​ក្រុម​មួយ​ប៉ុណ្ណោះ»។

លោក ផៃ ស៊ីផាន បន្ថែម​ថា​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ដែល​បាន​ស្នើ​ឡើង​នា​ពេល​កន្លង​មកគ្រាន់​តែ​ជា​ការ​យល់​ឃើញ​ប៉ុណ្ណោះ។ ហើយ​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​ទទួល​យក​ឬ​បដិសេធ​ចោល ត្បិត​កម្ពុជា​ជា​រដ្ឋអធិបតេយ្យ ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ប្រទេស​ឬ​ក្រុម​ណា​មួយ​នោះ​ឡើយ៕

XS
SM
MD
LG