ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់ជំនួយ៥២៥លានដុល្លារស.រ.អាកាល ពីថ្ងៃអង្គារសម្រាប់រយៈពេល៣ឆ្នាំក្នុងការធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ចប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលវីអូអេទទួលបាន ធនាគារADBបានបញ្ជាក់ ថាថវិកាទាំងនេះប្រើប្រាស់សម្រាប់គម្រោងនានានៅកម្ពុជានិងតំបន់ គឺរួមមានការផលិតអង្ករ ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន បង្កើនការងារ សេវាកម្ម ការពារបរិដ្ឋាន លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ស្តារប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍទីក្រុងតាមមហាអនុតំបន់ទន្លេមេគង្គដែលជាច្រកសេដ្ឋកិច្ចតភ្ជាប់ ប្រទេសនានាក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដោយសារថាកំណើនសេដ្ឋកិច្ច ពឹងផ្នែកទៅលើការគ្រប់គ្រងដ៏ស្ថិតស្ថិរនៃធនធានធម្មជាតិកម្ពុជា ធនាគារ ADB នឹងបន្តផ្តល់ធនធានចំពោះសកម្មភាពអភិរក្សនានាក្នុងអាងទន្លេសាបហើយនឹងដោះស្រាយឲ្យបានច្បាស់លាស់ចំពោះគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុផងដែរ៕