ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បី​ប្រកាស​រួមគ្នា​​​រឹត​បន្តឹង​​ការបង្ហោះ​​​សារ​គ្រប់​ទម្រង់​​​លើ​​បណ្តាញ​អ៊ីនធឺណិត


រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

ក្រសួង​ព័ត៌មាន ​ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ប្រៃសនីយ៍​បាន​ចេញ​ប្រកាស​រួម​មួយ​ក្នុង​ការ​ចាត់​វិធាន​ការ​លើ​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​ដែល​រដ្ឋាភិបាល​ហៅ​ថា ជា​ការ​ផ្សព្វ​ផ្សាយ​ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ​ក្នុង​សង្គម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​ជំនាញ​អ៊ីនធឺណិត​លើក​ឡើង​ថា ​ប្រកាស​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។

ក្រសួង​សំខាន់ៗ​ចំនួន​បីនៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចេញប្រកាស​ដើម្បី​តាមដាន ​និង​ចាត់​វិធាន​ការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វ​ផ្សាយ​នានាតាម​បណ្តាញ​អ៊ីនធឺណេត​ ​ដែល​មានចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​និង​សណ្តាប់​ធ្នាប់​សង្គម​ ​គ្រប់​រូប​ភាព​ ​និង​ទម្រង់​ ក្នុង​ប្រទេស​កម្ពុជា។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការគ្រប់​គ្រង​ការ​ផ្សាយ​តាម​គេហ​ទំព័រ​ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​

ប្រកាស​អន្តរ​ក្រសួង​របស់​ក្រសួង​ព័ត៌មាន​ ​ក្រសួង​មហា​ផ្ទៃ​ ​និង​ក្រសួង​ប្រៃសនីយ៍​ ​ចេញ​ កាលពី​ថ្ងៃ​ទី២៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ហើយ​ដែល​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ឲ្យ​ដឹង​ថា​ ​ប្រកាស​នេះ​មាន​គោល​បំណង​គ្រប់​គ្រង​ការផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន​ ​ឬ​សារជា​អក្សរ​ ​សំឡេង​ ​រូបភាព​ វីដេអូ​ ​និង​/​ឬ​ ​ទម្រង់​ផ្សេងៗ​ទៀត​ ​តាម​គេហ​ទំព័រ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ដែល​ដំណើរ​ការ​ប្រព័ន្ធអ៊ីនធឺណិត​នៅ​កម្ពុជា​ ​ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ព័ត៌មាន​ ​និង​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន។​

ប្រការ​៤​នៃ​ប្រកាស​អន្តរ​ក្រសួង​ដែល​មាន​១០​ប្រការ​នោះ​បន្ថែម​ថា​ ​ដើម្បី​ធានា​ការ​អនុ​វត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ក្រសួង​ព័ត៌មាន​ ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួងប្រៃសនីយ៍​ ​ត្រូវ​ចាត់​តាំង​ជំនាញ​ជា​សេនា​ធិការ​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​កិច្ច​សហការ​ធ្វើ​ការ​តាម​ដាន សិក្សា​ ​ស្រាវជ្រាវ​ ​ស្វែងរក​ ​ការ​ធ្វើ​អាជីវកម្ម​ ​និង​ការ​ផ្សព្វ​ផ្សាយ​ល្មើស​ច្បាប់​តាម​គេហ​ទំព័រ​ ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់។​

ប្រកាស​អន្តរ​ក្រសួង​ត្រង់​ប្រការ​៥​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថាប័ន​ ​អង្គភាព​ជំនាញ​នីមួយៗត្រូវ​បំ​ពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ ​និង​ត្រូវ​សហការ​គ្នា​ និង​/​ឬ​ ​សហការ​ជា​មួយ​ក្រសួង​ ​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ​ដើម្បី​ចាត់​វិធានការ​ប្រឆាំង ​ទប់ស្កាត់​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន​ ​ឬ​សារ ​ជា​អក្សរ​ ​សំឡេង​ ​រូបភាព ​វីដេអូ និង​/​ឬ ​ទម្រង់​ផ្សេងៗ​ទៀត ​ដែល​មាន​ចេតនា​បង្កភាព​ចលាចល​ ​អាច​បណ្ដាល​ឲ្យ​អន្ដរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​សន្ដិសុខ​ជាតិ​ ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ដទៃ​ ​សេដ្ឋកិច្ច​ជាតិ​ ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ​ការ​រើសអើង​ ​និង​វប្បធម៌ ប្រពៃណី​ជាតិ»។​

ប្រកាស​របស់​អន្តរ​ក្រសួង​ដែល​ ​VOA​ ​បាន​ទទួល​ក៏​បាន​បញ្ជាក់ថា​ ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ទាំង​អស់​បំពាក់​ឧបករណ៍​គ្រប់​គ្រង​ទិន្នន័យ ​«ដើម្បី​សម្រួល​ក្នុង​ការ​ច្រោះ ​ឬ​រាំងខ្ទប់​ចំពោះ​គេហ​ទំព័រ​ ​គណនី ​ឬ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ធ្វើ​អាជីវកម្ម​ ​និង​/ឬ​ការ​ផ្សព្វផ្សាយ​ខុស​ច្បាប់»។​ លើស​ពី​នេះ​ទៀត ​ក្រសួង​មហា​ផ្ទៃ​មាន​សិទ្ធិ​ក្នុងការស្រាវជ្រាវ ​និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្វី​ដែល​សមត្ថកិច្ច​យល់​ថា​ ជា​អំពើ​ល្មើស។

យ៉ាង​ណា​ក៏​ដោយ​ ​ប្រកាស​នេះ​មិន​បាន​រៀបរាប់​លម្អិត​ថា​ ​តើ​ការ​ផ្សព្វ​ផ្សាយ​ជា​រូបភាព​ សំឡេង ​អត្ថបទ​បែប​ណា​ ​ដែល​ចាត់ទុក​ថា ​មាន​ចេតនា​បង្កភាព​ចលាចល​ ​ឬ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​នោះ​ទេ។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​សម្រេច​ចេញ​ប្រកាស​នេះ​ ​គឺ​ដោយ​សារ​មាន​ការ​កើត​ឡើង​នូវ​បទ​ល្មើសមួយ​ចំនួន​តាម​បណ្តាញ​អ៊ីនធឺណិត​ ដែល​រួម​មាន​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​ដើម។​ ​លោក​បន្ថែម​ថា​ ​ក្រសួង​នឹង​ចាត់​វិធានការ​លើ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណិត​ណា​ដែល​ផ្សព្វ​ផ្សាយ​ ​ឬ​ចែក​ចាយ​បន្ត​នូវ​ខ្លឹមសារ​ល្មើស​ទៅ​នឹង​ច្បាប់​ដែល​មាន​ចែង​ជាធរមាន ​រួច​បញ្ជូន​ទៅតុលាការដើម្បី​សម្រេច។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មើល​ ​ឧទាហរណ៍​ថា​ ច្បាប់​បរិហារ​កេរ្តិ៍​ក៏​មាន។​ ​ច្បាប់​បរិហារ​កេរ្តិ៍​ ជួន​កាលគេ​មិន​ថា​ អី​ផង​ ​គេថា​ យើង​អីចឹង​ ​ ​យើង​អាច​ប្តឹង​បក​បាន​ទេតើ។​ ​ទី២​ទៀត​ ​ស្រុក​ទេស​អត់​មាន​កលយុគ្គអី​ផង​ ​គេ​បំផុស​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​អី​ អីចឹង​ហ្នឹង​ណា»។​

កន្លង​មក​ គេ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែល​បាន​បង្ហោះ​សារ​ផ្សេងៗ​ ​ដែល​មាន​ទាំង​ការ​រិះគន់​ការ​ដឹក​នាំរបស់​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ជា​ដើម។​

ចំណែក​លោក​ ​អ៊ុក គឹមសេង​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លើក​ឡើង​ថា​ អ្នក​សារ​ព័ត៌មាន​អាច​ប្រឈម​នឹង​ការ​ចាត់​វិធានការ​តាម​ច្បាប់​ ​ប្រសិន​បើ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ធ្វេស​ប្រហែស​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ​ឬ​ប្រភព​ព័ត៌មាន​ដែល​និយាយ​មិន​ពិត។​

លោក​បញ្ជា​ក់ថា៖​

«កាលណា​យើង​បង្ហោះ​ព័ត៌មាន​ ​ឬ​ក៏​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ ​ហើយ​ដែល​វា​បង្ក​ដល់​ប្រការដែល​ហាមឃាត់​ ​ឧទាហរណ៍​បង្ក​ដល់​បញ្ហា​សន្តិសុខ​ជាតិ​ ​ឧទាហរណ៍​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ-ល-​ ​ហ្នឹង​ ​សុទ្ធ​តែជា​រឿង​មួយ​ដែល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​១០​ថ្នាក់​ ​ហើយ​បច្ចុប្បន្នស្ថិត​នៅ​លំដាប់​លេខ​រៀងទី​១៤២​ ​ក្នុង​ចំណោម​ប្រទេស​១៨០​ ​លើ​ពិភព​លោក។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន។​ ​របាយ​ការណ៍​នោះក៏​បានបញ្ជា​ក់ថា​ ​ប្រទេស​កម្ពុជា​ហាក់​ដូចជា​មាន​ទំនោរ​ទៅ​កាន់​ផ្លូវ​ដូច​គ្នាទៅ​នឹង​ប្រទេស​ចិន​ ​បន្ទាប់​ពី​បិទសារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។​

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ ប្រកាស​អន្តរ​ក្រសួង​នេះ​គឺ​ជា​ការ​រឹត​បន្តឹង​ថ្មី​មួយ​ទៀត​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពល​រដ្ឋខ្មែរ។​

លោក​ ​អំ សំអាត​ ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លើក​ឡើង​ថា អ៊ីនធឺណេត​គឺជា​កន្លែង​ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​ក្នុង​ការ​បញ្ចេញ​មតិ​ ចាប់​តាំង​ពីការ​ប្រមូល​ផ្តុំ ​និង​ការ​បញ្ចេញ​មតិ​ជាទូទៅ​របស់​ប្រជា​ពលរដ្ឋត្រូវ​បាន​រដ្ឋាភិបាល​រឹតត្បិត​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ​លោក​បន្ថែម​ថា​ ​ប្រកាស​អន្តរ​ក្រសួង​ដែល​ទើប​ចេញ​ក្នុង​គោល​បំណង​ចាត់​វិធានការ​លើ​ខ្លឹមសារ​នៃ​ការផ្សព្វ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណេត​នេះ​ ​គឺជា​ប្រកាស​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ​ដែល​ចែងពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់់​ប្រជា​ពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​ធម្មតា​ ប្រជា​ពលរដ្ឋរស់​នៅ​ លោក​ត្រូវ​ការ​ទទួល​នូវ​ព័ត៌មាន​ ​ក៏​ដូចជា​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ទៀត ​អំពី​ការ​យល់​ឃើញ​របស់​ខ្លួន​រៀងៗ​ខ្លួន។ ​កាលណា​តែ​គាត់​មាន​ការ​ភិតភ័យ​ហើយ​ដាក់​កម្រិត​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង​ ​អាហ្នឹង​វា​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ក្នុង​ការ​ចូល​រួម​ ​និង​ការ​កែលម្អនៅ​ក្នុង​សង្គម»។​

កិច្ច​ពិភាក្សា​ក្នុង​តំបន់​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ​កាល​ពី​ដើម​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​ពាក់​ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធអ៊ីនធឺណិត​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ​ឃើញ​ថា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ថៃ​ ​និង​មីយ៉ាន់ម៉ា​ ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណេតកំពុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ ​ដែល​មាន​ដូចជា​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ ​និង​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​ដើម។​

បើ​តាម​តួ​លេខ​ចេញ​ដោយ​ក្រសួង​ប្រៃសនីយ៍​ ​និង​ទូរគមនាគមន៍​ ​ក្នុង​ឆ្នាំ​២០១៧​ ​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​ជាង​៨លាន​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចំនួន​ជាង​៦​លាន​នាក់។​

លោក​ ​ង៉ែត ម៉ូសេ​ ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អង្គការ​សង់​ត្រាល់​ ​លើក​ឡើង​ថា​ ​ប្រកាស​របស់​ក្រសួង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​អ៊ីនធឺណិត​ ​ដែល​លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​ការ​ពន្យល់​បក​ស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ពាក់​ព័ន្ធ​នឹង​ប្រការ​នី​មួយៗ​នៃ​ប្រកាស​នេះ។​ ​លោក​បន្ថែម​ថា​ ​ប្រកាស​នេះ​នឹង​អាច​ផ្តល់​ផលវិជ្ជ​មាន​ដល់​សង្គម​ ប្រសិន​បើ​មាន​ការ​អនុវត្ត​ត្រឹម​ត្រូវ​ ​ដោយ​ផ្តោតលើ​វិធាន​ការ​បង្ក្រាប​ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ។​ ​ប៉ុន្តែ​លោក​ថា​ ​លោក​បារម្ភ​ពី​ការ​អនុវត្ត​របស់​អាជ្ញាធរ​លើស​ពី​សមត្ថកិច្ច​ ​រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជា​ក់ថា៖​

«ឥឡូវ​ចាប់​ផ្តើមមាន​អ្នក​បំភ័យ​ខ្លះ​ហើយ​លើ​បណ្តាញ​សង្គម​ឥឡូវ​ ​"អូ! ​គេអាច​ចាប់​អញ្ចេះ​ ​គេអាច​ចាប់​អញ្ចុះ" ព្រោះ​ប្រជាជន​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​អ្នក​ចេះ​ច្បាប់​ទេ មិន​មែន​សុទ្ធ​តែអាន​បាន ​ហើយ​យល់​ទាំង​អស់​ទេ។​ អីចឹង​ វា​ទាមទារ​ឲ្យ​មន្រ្តី​ជំនាញ​ហ្នឹង​មក​បក​ស្រាយ ​មក​បញ្ជាក់​បន្ថែមដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ភ័យ​ខ្លាច ​លែង​ហ៊ាន​ចង់​ធ្វើ​អី​អីចឹង​វិញ»។​

កន្លង​ទៅ​មាន​ការ​ចាប់​ខ្លួន​បុរស​ពីរ​រូប​ដែល​បាន​បង្ហោះ​សារ​មាន​ន័យ​ប្រមាថ​ព្រះ​មហា​ក្សត្រ​លើ​បណ្តាញ​សង្គម​ហ្វសប៊ុក។​ ​ក្រៅ​ពីការ​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​ពាក់​ព័ន្ធ​នឹង​ព្រះ​មហា​ក្សត្រ​ ​ក៏​នៅ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​រូប​ទៀត​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ផ្សេងៗ​ ​ដែល​រដ្ឋាភិបាល​បញ្ជាក់ថា​ ​ជាការ​ប្រមាថ​ ​និង​ជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

ប្រកាសអន្តរ​ក្រសួងដែលមាន​ ​ក្រសួង​ព័ត៌មាន​ ​ក្រសួង​មហា​ផ្ទៃ​ ​និង​ក្រសួង​ប្រៃសនីយ៍​ ​ក្នុង​ការ​គ្រប់គ្រង​ ​ការ​ចែកចាយ​ព័ត៌មាន​តាម​អ៊នឡាញ​នេះ ​ធ្វើ​ឡើង​ក្រោយ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​ ​ដល់​ក្រុម​ជំទាស់​ ​អង្គការ​សង្គម​ស៊ីវិល​ និង​សារព័ត៌មាន​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG