ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បាញ់​ប្រហារ​ដោយ​ក្រុម​បះបោរ​សម្លាប់​ជន​ស៊ីវិល​១៣​នាក់​នៅ​ Aleppo


អ្នក​​ប្រយុទ្ធ​ក្រុម​ឧទ្ទាម​ Al-Furqan អង្គុយ​នៅ​លើ​កន្លែង​ខ្ពស់​មួយ​ ជាមួយ​អាវុធ​​របស់​ខ្លួន​​ នៅ​ភាគ​ខាង​ត្បូង​​​នៃ​ក្រុង​ Aleppo ប្រទេស​ស៊ីវី​ នៅ​ថ្ងៃ​ទី​៥ ខែ​មិនា​ ឆ្នាំ​២០១៦។​

រដ្ឋាភិបាល​ស៊ីរី​និង​ក្រុម​ប្រឆាំង​មួយ​បាន​និយាយ​ថា​ មានការ​បាញ់​ផ្តក់​ដោយ​រ៉ុក្កែត​និង​កាំ​ភ្លើង​ត្បាល់​ទៅ​លើ​សង្កាត់​មួយ​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​ Aleppo នា​ប៉ែក​ខាង​ជើង​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​ បណ្តាល​ឱ្យ​ជន​ស៊ីវិល​១៣​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​របួស​៤០​នាក់​ទៀត។​

ទីភ្នាក់ងារ​ព័ត៌មាន​ SANA របស់​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​បាន​ផ្សាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​«ពួក​ភេរវជន»​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​ Sheikh Maqsoud ដែល​មាន​អ្នក​ស្រុក​ភាគ​ច្រើន​ជា​ជន​អំបូរ​ Kurde ដែល​បាន​រង​ការ​បាញ់​ផ្តក់​ដោយ​ពួក​បះបោរ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ទោះ​ណា​ជា​មាន​កិច្ច​ឈប់​បាញ់​គ្នា​មិន​មាំទាំ​មួយ ​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​មានឡើង​ដោយ​ស.រ.អា.​និង​ប្រទេស​រុស្សី​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៧​ កុម្ភៈ ​ក៏​ដោយ។​

អង្គការ Syrian Observatory for Human Rights ដែល​ជា​ក្រុម​ប្រឆាំង​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដែល​បាន​តាម​ឃ្លាំ​មើល​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​ បាន​និយាយ​ថា​មាន​ការ​បាញ់​រ៉ុក្កែត​និង​កាំ​ភ្លើង​ត្បាល់​ជាង​៧០​គ្រាប់​ដាក់​លើ​សង្កាត់​ Sheikh Maqsoud ហើយ​បាន​រាយការណ៍​ថា ​មាន​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​បី​នាក់​បាន​បាត់បង់​ជីវិត​ ហើយ​២៦​នាក់​ទៀត​បាន​រង​របួស។​

អង្គការ​នេះ​បាន​ថ្លែង​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់​បាន​ជាប់​គាំង​នៅ​ក្រោម​កំទេច​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​បាញ់​ផ្តក់​នេះ។​

អង្គការ​ Observatory បាន​និយាយ​ថា​គ្រាប់​ផ្តក់​ទាំង​នេះ​ត្រូវ​បាន​បាញ់​ដោយ​ពួក​បះបោរ​ ដែលរួម​បញ្ចូល​សាខា​ al-Qaida ក្នុង​ប្រទេស​ស៊ីរី ​ដែល​គេ​ស្គាល់​ថា​ជា​រណសិរ្ស​ Nusra។ ​ក្រុម​នេះ​និង​ក្រុម​រដ្ឋ​ឥស្លាម​ ដែល​ជា​គូ​ប្រជែង​ត្រូវ​បាន​ផាត់​ចេញ​ពី​កិច្ចឈប់បាញ់គ្នា។​

កិច្ច​ឈប់​បាញ់​គ្នា​នេះ​ បាន​នាំ​ឱ្យ​មាន​ការ​ចុះ​ថមថយ​ច្រើន​នៃ​អំពើ​ហិង្សា​ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ស៊ីរី​ ត្រូវ​បាន​ប្រព្រឹត្ត​តាម​ដោយ​ភាគ​ច្រើន​ទោះ​ណា​ជា​មាន​ការ​រំលោភ​យូរៗ​ម្តង​ និង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ​ថា​បាន​រំលោភ​លើ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​ក៏​ដោយ។​

នៅ​ពេល​នេះ​ស.រ.អា.និង​ប្រទេស​រុស្សី​កំពុង​ខិតខំ​និយាយ​បញ្ចុះ​បញ្ចូល​ភាគី​ទាំង​ពីរ​ឱ្យ​វិល​ត្រឡប់​មក​កាន់​កិច្ច​ចរចា​សន្តិភាព​ដែល​ចាត់​ចែង​ដោយ​អ.ស.ប.នៅ​ក្នុង​ក្រុង​ហ្សឺណែវ​វិញ​នៅ​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG