ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនិញ​ចិន​ថោកៗដ៏​ច្រើន​សន្ធឹក​សន្ធាប់​ប៉ះពាល់​ពាណិជ្ជ​កម្ម​ក្នុងស្រុក​ក្នុង​ប្រទេស​ថៃ


រូបឯកសារ៖ កម្មករ​ខ្ចប់​ឥវ៉ាន់​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មករ​ខ្ចប់​ឥវ៉ាន់​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។

ចិន​កំពុង​ការពារ​ខ្លួន​ទប់ទល់​នឹង​ការចោទប្រកាន់​ថា​ខ្លួន​កំពុង​បង្ហូរ​ទំនិញ​ដែល​មាន​តម្លៃ​ថោកៗរបស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​និង​កំពុង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ក្នុង​ស្រុក។

នៅ​ក្នុង​ការចុះផ្សាយ​លើ​គណនី Facebook ផ្លូវការ​មួយ​កាលពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ស្ថាន ទូត​ចិន​នៅ​ក្នុង​ប្រទេស​ថៃ​បានបញ្ជាក់ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ ទទួល​បាន «ផល​ប្រយោជន៍​ទៅវិញ​ទៅមក​និង​ឈ្នះ ឈ្នះ»។

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា«ទំនិញ​ជិត៨០ភាគរយ​ដែល​ថៃ​នាំចូល​មកពី​ចិន​ជា​ទ្រព្យ​សម្ភារៈបរិក្ខា​និង​ទំនិញ​ពាក់​កណ្តាល​សម្រេច​ដែល​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ផលិតកម្មនិង​បន្ថែម​តម្លៃ​មុនពេល​ត្រូវនាំ​ចេញ»។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា​ភាគច្រើន​ដែល​ហៅ​ថា​ទំនិញ​ថោកៗនោះ​«ជា​ផលិតផល​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ម្ហូបអាហារ ផលិតផល​សុខភាព សម្លៀក​បំពាក់​ជាដើម​ដែល​មាន​តម្លៃ​មិន​ដល់១០ភាគរយ​ផង​នៃ​តម្លៃ​ទំនិញ​សរុប​ដែល​នាំចូល​មកពី​ចិន»។

សេចក្តីថ្លែងការណ៍​នោះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ថៃ​បាន​ប្រកាស​វិធានការ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការហូរចូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នូវ​ការនាំចូល​ទំនិញ​របស់​ចិន​ដែល​គំរាម​កំហែង​ផ្នែក​ការផលិត​របស់​ខ្លួន។

កាសែត Bankok Post បាន​រាយការណ៍​កាល​ពី​ថ្ងៃទី២៨ ខែ​សីហា​ថា​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​លោក Phumtham Wechayachai បាន​និយាយ​ថា​រដ្ឋាភិបាល នឹង​បង្កើត​ក្រុម​ការងារ​ដែល​រួម​មាន​ក្រសួង​ចំនួន២៨​ ដែល​នឹង​ជួប​គ្នា​ជារៀង២សប្តាហ៍​ម្តង​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទបញ្ជា​នានា​ដើម្បី​ទប់ស្កាត់​ការគំរាម​កំហែង​នូវ​ការនាំចូល​ទំនិញ​ថោកៗ​របស់​ចិន​ដល់​សេដ្ឋកិច្ច​ទន់ខ្សាយ​រួច​ទៅហើយ​នេះ។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ​កាលពីពេល​មុន​បាន​ព្រមាន​ថាទំនិញ​ចិន​ថោកៗ​អាច​បណ្តាល​ឱ្យ«ប៉ះពាល់​យ៉ាង​ខ្លាំង»នៅ​ក្នុង​ប្រទេស​ថៃ​និង​នៅ​ក្នុង​តំបន់ ហើយ​ថា​ផលិត ផល​នាំ​ចូលតម្លៃ​ថោក​នៅ​ឆ្នាំ២០២៣បាន​ធ្វើ​ឱ្យ​មាន​ការបិទ​រោងចក្រ​ជិត២ពាន់៕

XS
SM
MD
LG