ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ស ខេង​ស្នើឲ្យក្រុមហ៊ុន​សន្តិសុខ​ឯកជន​យក​មន្ត្រី​ប៉ូលិស​ចូល​និវត្តន៍ធ្វើ​ការ


ប៉ូលិស​ការពារ​សន្តិសុខ​នៅមុខ​តុលាការ​ភ្នំពេញ។

លោក ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ បាន​អំពាវនាវ​កាលពី​ថ្ងៃអាទិត្យ​ឲ្យ​ក្រុមហ៊ុន​ការពារ​សន្តិសុខ​ឯកជន​ជាង​១០០​ក្រុមហ៊ុន​ទទួល​យក​មន្ត្រី​ប៉ូលិស​ និង​មន្រ្តី​កងរាជ​អាវុធ​ហត្ថទៅ​បំពេញ​ការងារ​ក្រោយពី​ពួកគេ​ចូល​និវត្តន៍។​

ការ​អំពាវនាវ​របស់​លោក​ ស ខេង ​ធ្វើ​ឡើង​នៅក្នុង​ពិធី​រំលឹក​ខួប​៧០ឆ្នាំ​នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ​ប្រទេស​កម្ពុជា​ដែល​រៀប​ចំឡើង​នៅក្នុង​ក្រសួង​មហាផ្ទៃ។​

លោកស ខេង ​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃប្រកាសអំពីការ​ដកខ្លួនរបស់​គណ​បក្សសង្គ្រោះជាតិ ចេញ​ពី​គណ​កម្មការបីភាគី គ.ជ.ប. គណ​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង។
លោកស ខេង ​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃប្រកាសអំពីការ​ដកខ្លួនរបស់​គណ​បក្សសង្គ្រោះជាតិ ចេញ​ពី​គណ​កម្មការបីភាគី គ.ជ.ប. គណ​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា​ ៖ «កន្លង​ទៅ​ ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ជាង​មួយរយ​ក្រុម​ហ៊ុន ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះ​ពិនិត្យ​លទ្ធភាព ដើម្បី​នឹង​ជ្រើស​រើស​នគរបាល​ដែល​ចូលនិវត្តន៍​ទៅ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំង​នគរបាល​ទាំង​កង​រាជ​អាវុធ​ហត្ថ ព្រោះ​អ្នក​ទាំង​អស់​នេះ​គឺ​មាន​បទពិសោធន៍​ ហើយ​គេ​ក៏​ស្វាគមន៍»។​

លោក ស ខេង ​បាន​បញ្ជាក់​ថា ​លោក​សម្រេច​ប្រគល់​កិច្ច​ការងារ​នេះ​ទៅ​ឲ្យ​ក្រសួង​សង្គមកិច្ច ដើម្បី​សម្រប​សម្រួល​បន្ត​សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​រក​ការងារ​ឲ្យ​មន្តី្រ​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ដែល​ចូល​និវត្តន៍។​

លោក​រដ្ឋមន្រ្តី​បន្ថែម​ថា៖ «ខ្ញុំ​ក៏​បាន​ប្រគល់​ភារកិច្ច​បន្ត​ទៅ​ឲ្យ​ឯកឧត្តម​ វង សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ ហើយ​សហការ​ជាមួយ​នឹង​នាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួង​មហាផ្ទៃ​របស់​នគរ​បាល​នេះ ដើម្បី​ធ្វើ​បញ្ហា​នេះ ព្រោះសំខាន់​ ប្រសិន​ណា​បើ​ក្រុមហ៊ុន​ទទួល​ ប៉ុន្តែ​បើ​មិន​មាន​ការស្ម័គ្រ​ចិត្ត​ពី​អស់​លោក​ទាំងអស់​នោះ​ក៏​ទៅ​មិន​រួច​ដែរ ​ដូច្នេះ​យើង​ត្រូវ​ដឹង​ថា អ្នក​ដែល​ស្ម័គ្រ​ចិត្ត​នោះ​មាន​ប៉ុន្មាន​ដើម្បី​យើង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន»។

លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ពុំ​អាច​ឲ្យ​ដឹង​ពី​ចំនួន​នគរបាល​ដែល​កំពុង​បម្រើ​ការងារ​សព្វថ្ងៃ​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​មន្ត្រី​នគរ​បាល​ដែល​ចូល​និវត្តន៍ ​ឬ​បាត់​បង់​លទ្ធភាព​ពលកម្ម និង​អ្នក​ទទួល​មរណភាព​មាន​យ៉ាង​តិច​ពី​១ពាន់​៥រយនាក់​ក្នុង​មួយ​ឆ្នាំៗ។​

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​មួយ​ឆ្នាំៗ​អាច​មាន​អ្នកចូល​និវត្តន៍​ អាចមាន​អ្នកបាត់បង់​លទ្ធភាព​ពល​កម្ម​អាច​មាន​អ្នក​សុំ​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ ហើយ​និង​អ្នក​ទទួល​មរណភាព​ហ្នឹង​ប្រមាណ​ជា​យ៉ាង​តិច​ណាស់​ក៏​ពី​១ពាន់​៥រយនាក់​ដែរ»។​

លោកនាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ បាន​ពន្យល់​ថា​ ការ​ចូល​និវត្តន៍​របស់​មន្ត្រី​នគរបាល​ជាតិ​គឺ​មាន​ពីរ​ប្រភេទ​ ដោយ​មន្ត្រី​នគរបាល​ដែល​មាន​ឋានៈ​វរសេនីយ៍ទោ​ចុះ​មក​ក្រោម​នឹង​ត្រូវ​ចូលនិវត្តន៍​ក្នុង​អាយុ​៥៥ ​ឆ្នាំ​ រីឯ​មន្ត្រី​ដែល​មាន​ឋានៈ​វរសេនីយ៍ឯក​ឡើង​លើ​នឹង​ត្រូវ​ចូលនិវត្តន៍​ក្នុង​អាយុ​៦០ឆ្នាំ។​

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​អះអាង​ថា​ ភាគច្រើន​នៃ​មន្ត្រី​ចូល​និវត្តន៍​នៅតែ​អាច​មានលទ្ធភាព​បំពេញ​ការងារ​បាន​នៅ​តាម​ក្រុម​ហ៊ុន​សន្តិសុខ​ឯកជន ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​ការងារ និង​កាយ​សម្បទា​ដែល​នៅ​រឹងមាំ។​

លោក​បន្ថែម​ថា៖ «បងប្អូន​យើង​នៅ​ពេល​ដែល​ចូល​និវត្តន៍​នេះ​គឺ​ភាគច្រើន​មាន​កាយ​សម្បទា​កម្លាំង​ស្មារតី​នៅ​ចង​ចាំ​មាំមួន​ទេ លើកលែង​អ្នកខ្លះ​ក្រែង​លោ​មាន​ជំងឺ​អ្វី​ពី​យូរ​យើង​អាច​នឹង​មាន​។ ប៉ុន្តែ​ភាគច្រើន​គឺ​នៅ​អាច​បម្រើ​ការងារ​បាន​ទេ»។

លោក ព្រី វណ្ណះ​ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សន្តិសុខ​ Protek Security​ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​ស្វាគមន៍​ទទួល​យក​មន្ត្រី ដែល​ចូល​និវត្តន៍​របស់​ក្រសួង​មហាផ្ទៃ​ និង​កងរាជ​អាវុធ​ហត្ថ​មក​បម្រើ​ការងារ​ដោយ​ផ្អែក​លើ​លក្ខណៈ​សម្បត្តិ​កាយសម្បទា​ និង​បទពិសោធន៍​ការងារ។​

លោក​និយាយ​ថា៖ «ខាងខ្ញុំ​ ខ្ញុំ​ទទួល​តែ​ខ្ញុំ​ទទួល​ហ្នឹង​តាម​លក្ខណៈ​ដូចជា គាត់​មាន​កាយ​សម្បទា​គាត់​អាច​ ​គាត់​មើល​ទៅ​អាច​គាត់​ទទួលយក​ការ[ងារ]​យើង​អាច​ថា​មើលទៅ​គាត់​ធ្វើការ​បាន»។

​លោក ព្រី វណ្ណះ ​បន្ត​ថា មន្តី្រ​ប៉ូលិស​ចូល​និវត្តន៍​ដែល​មក​បម្រើ​ការងារ​ជូន​ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​បាន​តួនាទី​ណា​មួយ​ក្នុង​ផ្នែកសន្តិសុខ​ ដោយ​មើល​ទៅលើ​សមត្ថភាព​ការងារ។​

លោក​និយាយ​ថា ៖ «យើង​មើល​តាម​លទ្ធភាព​ មើល​ទៅ​ថា​តើ​គាត់​អាច​ ទីមួយ​គាត់​អាច​កាន់​ជាមេក្រុម​បាន​ឬ​អត់ហើយ​គាត់​យល់ពីការងារ​សន្តិសុខ​អត់»៕

XS
SM
MD
LG