អ.ស.ប.បានជ្រើសរើសស្ត្រីនិងការសិក្សាវិទ្យាសាស្ត្រជាប្រធានបទសម្រាប់ទិវាស្ត្រីអន្តរជាតិនៅឆ្នាំនេះនៅថ្ងៃទី៨មីនាដើម្បីគូសបញ្ជាក់ភាពឃ្លាតគ្នាខាងភេទនៅក្នុងផ្នែកជាច្រើននៃពិភពលោករវាងចំនួននៃពួកអ្នកវិទ្យាសាស្ត្រប្រុសនិងស្រី។
អ្នកស្រី Yanti ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់អភិវឌ្ឍសារធាតុគីមីថ្មីដើម្បីព្យាបាលជំងឺហើមរលាកដូចជាជំងឺឈឺសន្លាក់ជាដើម បាននិយាយថាគ្មានភាពឃ្លាតពីគ្នាខាងភេទច្រើនទេនៅក្នុងប្រទេសឥណ្ឌូនេស៊ី យ៉ាងហោចណាស់នៅក្នុងផ្នែកការងាររបស់អ្នកស្រី។
«នៅពេលដែលខ្ញុំចូលរៀនដើម្បីយកបរិញ្ញាប័ត្រនៅក្នុងសិក្ខាល័យគីមីវិទ្យា ខ្ញុំបានឃើញថានិស្សិតភាគច្រើនជាស្ត្រី។ហើយនៅក្នុងសិក្ខាល័យជីវវិទ្យានៅពេលនោះក៏និស្សិតភាគច្រើនជាស្ត្រីដែរ។»
អ្នកស្រី Yanti ដែលប្រើឈ្មោះតែមួយដូចជាជនជាតិឥណ្ឌូនេស៊ីច្រើននាក់ដែរជាអ្នកស្រាវជ្រាវនិងជាសាស្ត្រាចារ្យខាងជីវបច្ចេកវិជ្ជានៅឯសាកលវិទ្យាល័យ Atma Jaya នៅក្នុងក្រុងហ្សាការតា។
អ្នកស្រី Noryawati Mulyono ដែលអភិវឌ្ឍ plastic បែបថ្មីដែលអាចរលាយទៅវិញបាន ក៏ជាអ្នកស្រាវជ្រាវនិងជាសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យនេះដែរ។
«នៅពេលនេះមានការប្រកួតប្រជែងច្រើនខាងវិទ្យាសាស្ត្រ ដូចជាការប្រកួត Olympiads ខាងវិទ្យាសាស្ត្រជាដើម ក្នុងកម្រឹតជាតិនិងកម្រឹតអន្តរជាតិ។ដូច្នេះប្រសិនបើស្ត្រីមានពិន្ទុល្អក្នុងការសិក្សានាសាកលវិទ្យាល័យ ពួកគេអាចចូលរួមក្នុងការប្រកួតប្រជែងបានដោយមិនគិតអំពីភេទទេ។»
នៅពេលដែលអ.ស.ប.ផ្តល់កិត្តិយសជូនប្រទេសឥណ្ឌូនេស៊ីដែលជិតមានភាពស្មើគ្នាខាងភេទក្នុងវិស័យវិទ្យាសាស្ត្រ នៅទូទាំងទ្វីបអាស៊ី ស្ត្រីមានតែ១៨ភាគរយនៃក្រុមអ្នកស្រាវជ្រាវ។ហើយទោះណាជាមានភាពស្មើគ្នាក្នុងវិស័យខ្លះក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ីមានភាពឃ្លាតពីគ្នាខាងភេទក្នុងអត្រាអក្ខរកម្មទាំងមូល។ភាពទីទាល់ក្រមានមុខនាទីធំមួយក្នុងស្ថានការណ៍នេះ ដោយបណ្តាលឱ្យនារីច្រើននាក់មិនបានទៅរៀនឯសាលាទេ ទោះណាជាប្រទេសឥណ្ឌូនេស៊ីតែងតែផ្តល់តម្លៃដល់ការសិក្សាអប់រំសម្រាប់ក្រុមកុមារីនិងកុមារាក៏ដោយ។
ពួកអ្នកគាំទ្រការសិក្សាអប់រំនិយាយថានៅក្នុងពិភពលោកមួយដែលការបញ្ចូលរបៀបថ្មីក្នុងបច្ចេកវិជ្ជាជាគន្លឹះនៃការអភិវឌ្ឍន៍ក៏ដោយ ក៏ភាពឃ្លាតពីគ្នាខាងភេទក្នុងវិស័យវិទ្យាសាស្ត្រអាចដាក់ប្រទេសនានាក្នុងភាពចាញ់ប្រៀបខាងការប្រកួតប្រជែង។
ប្រទេសឥណ្ឌូនេស៊ីមានប្រវត្តិយូរយាមកហើយនៃពួកស្ត្រីជាមេដឹកនាំខ្លាំងពូកែក្នុងវិស័យមួយចំនួន។ លោកស្រី Dewi Sartika ដែលបានកសាងសាលារៀនសម្រាប់ក្រុមនារីក្នុងដើមសតវត្សទី២០ បានត្រូវប្រកាសថាជាវរនារីជាតិដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី។ លោកស្រី Megawati Sukarnoputri ដែលជាកូនស្រីរបស់ប្រធានាធិបតីទីមួយនៃប្រទេសឥណ្ឌូនេស៊ីបានក្លាយទៅជាប្រធានាធិបតីស្រីដំបូងរបស់ប្រទេសក្នុងឆ្នាំ២០០១។ហើយលោកស្រី Sri Mulyani ដែលជាអ្នកសេដ្ឋសាស្ត្រក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស ហើយនៅពេលនេះលោកស្រីជានាយិកាផ្នែកចាត់ចែងកិច្ចការរបស់ធនាគារពិភពលោក។
ទោះណាជាមានការទទួលស្គាល់ពួកគេកាលពីពេលថ្មីៗនេះក៏ដោយ ក៏គ្មានស្ត្រីណាម្នាក់និយាយថាអ្នកស្រីមានអារម្មណ៍ថាអ្នកស្រីជាមនុស្សគម្រូឬជាអ្នកត្រួសត្រាយដោយសារការពិសោធន៍របស់ពួកគេទេពីព្រោះពួកអ្នកវិទ្យាសាស្ត្រស្រីគ្មានអ្វីអស្ចារ្យទ្បើយ។
ប្រែសម្រួលដោយឈឹម សុមេធ