ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ នៅ​ឥណ្ឌូនេស៊ី​ត្អូញ​ត្អែរ​ថា​ ច្បាប់​សេរីភាព​សាសនា​មិន​មាន​ប្រសិទ្ធិភាព​


សមាជិក​សហគមន៍​សាសនា​ Ahmadiyah ចូលរួម​ការ​បន់​ស្រន់​ថ្ងៃ​សុក្រ​​នៅ​ព្រះវិហារ​​អ៊ីស្លាម​ An-Nur​ ក្នុង​​ភូមិ​​ Manis ​Lor​​ខេត្ត​ West Java ​ថ្ងៃទី​៥ ​ខែ​សីហា​ ឆ្នាំ​២០១១។
សមាជិក​សហគមន៍​សាសនា​ Ahmadiyah ចូលរួម​ការ​បន់​ស្រន់​ថ្ងៃ​សុក្រ​​នៅ​ព្រះវិហារ​​អ៊ីស្លាម​ An-Nur​ ក្នុង​​ភូមិ​​ Manis ​Lor​​ខេត្ត​ West Java ​ថ្ងៃទី​៥ ​ខែ​សីហា​ ឆ្នាំ​២០១១។

ការ​ស្ទាប​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ និយាយ​ថា​ ប្រជាពល​រដ្ឋ​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​ ជំទាស់​ទៅ​នឹង​ការ​ប្រើប្រាស់​អំពើ​ហឹង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគ​តិច​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)។​ ប៉ុន្តែ​ បន្ទាប់​ពី​មាន​ការ​ការ​កាត់​ទោស​កម្រិត​ស្រាល​លើ​ក្រុម​មូស្លីម​គម្ពី​ជ្រុល​និយម​ ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជីវិត​មួយ​ ប្រឆាំង​នឹង​និកាយ​នេះ​ហើយ​ អ្នក​គោរព​ជំនឿ​សាសនា​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ មាន​ការ​ភ័យ​ខ្លាច​ថា​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​សាសនា​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ នឹង​កាន់​តែ​មាន​សភាព​អាក្រក់​ឡើងៗ។

ការ​បួង​សួង​នៅ​ឯ​ព្រះ​វិហារ​ អាល់ហ៊ីដាយ៉ាហ៍​ អាហ្សម៉ាឌីយ៉ាហ៍​ (Al-Hidayah​ Ahmadiyah)​ នៅ​ក្នុង​រដ្ឋធានី​ ហ្សាកាតា​ (Jakarta)​ នៅ​តែ​ទាក់​ទាញ​អ្នក​គោរព​ប្រតិបត្តិ​តាម​រាប់​រយ​នាក់។​ ប៉ុន្តែ​ ឥឡូវ​នេះ​ មាន​ក្រុមប៉ូលីស​ជា​ច្រើន​បាន​បោះ​ទីតាំង​នៅ​ខាង​មុខ​ព្រះវិហារ​ ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ណា​មួយ​ ពី​សំណាក់​ក្រុម​អ៊ីស្លាម​ដែល​និយម​គម្ពី​ជ្រុល​ហួស​ហេតុ។

ខណៈ​ពេល​ដែល​អ្នក​កាន់សាសនា​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ជន​ម៉ូស្លីម​ ពួក​គេ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគ​ច្រើន​នោះ​ទេ​ ពីព្រោះ​ពួកគេ​មិន​ជឿ​ថា​ ព្យាការី​ មហាមាត់​ (Prophet​ Muhammad)​ ជា​ព្យាការី​ចុង​ក្រោយ​បំផុត​ទេ។​ សមាជិក​និកាយ​នេះ​ចំនួន​ពីរ​សែន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ទទួល​សេចក្តី​អនុញ្ញាត​ឱ្យ​អនុវត្ត​នូវ​ជំនឿ​របស់​ពួក​គេ​ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ ពួក​គេ​ត្រូវបាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ការ​ជ្រើស​រើស​សមាជិក​ថ្មី​បន្ថែម​ទៀត​ទេ។

ការ​វាយ​ប្រហារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជីវិត​មួយ​ នៅ​ក្នុង​ខែ​កុម្ភៈ​ ដោយ​ក្រុម​អ៊ីស្លាម​ និយម​គម្ពី​ជ្រុល​ នៅ​ក្នុង​ទីក្រុង​ ស៊ីគីស៊ីក​ (Cikesik)​ នៅ​កោះ​ហ្យាវ៉ា​ (Java)​ភាគ​ខាង​លិច​ ដែល​បាន​សម្លាប់​សមាជិក​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ ចំនួន​បី​នាក់​ ត្រូវ​បាន​អ្នក​គោរព​ប្រតិបត្តិ​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ ម្នាក់​ ថត​ជា​ខ្សែ​អាត់​វីដេអូ​ដោយ​សម្ងាត់។​ ខ្សែ​អាត់​វីដេអូ​បាន​បង្ហាញ​ឱ្យ​ឃើញ​ហ្វូង​មនុស្ស​មួយ​ក្រុម​ប្រហែល​ជា​មួយ​ពាន់​នាក់​ ដែល​មួយ​ចំនួន​មាន​ប្រដាប់​ដោយ​ដំបង​និង​ពូថៅ។​ ពី​ដំបូង​ ពួក​គេ​បាន​គប់​ដុំ​ថ្ម​ ហើយ​បន្ទាប់​មក​បាន​ដេញ​តាម​និង​វាយ​សមាជិក​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ រហូត​ដល់​ស្លាប់។​ អំពើ​ឃោរឃៅ​នៅ​ក្នុង​ខ្សែ​អាត់​វីដេអូ​ បាន​នាំ​ឱ្យ​មាន​ការ​ផ្កោល​ទោស​នៅ​ទូទាំង​សាកលលោក​ ហើយ​រដ្ឋាភិបាល​បាន​សន្យា​ថា ​នឹង​នាំ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហឹង្សា​នេះ​មក​កាត់​ទោស។

សមាជិក​របស់​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ ឈ្មោះ​ អាហ្សម៉ាត់​ ម៉ាស៊ីហ៊ូដឌីន​ (Ahmad​ Masihuddin)​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គេ​វាយ​ប្រហារ​ នៅ​ក្នុង​ភូមិ​ ស៊ីគីស៊ីក​ (Cikesik)។​ លោក​និយាយ​ថា​ លោក​និង​មិត្ត​ភក្តិ​ពីរ​នាក់​ព្យាយាម​រត់​គេច​និង​លាក់​ខ្លួន​ ប៉ុន្តែ​ត្រូវ​គេ​ចាប់​ខ្លួន។​ លោក​ត្រូវ​បាន​គេ​សម្រាត​ខោ​អាវ​និង​វាយ​ដំ។​ លោក​និយាយ​ថា​ មិត្តភក្តិ​របស់​លោក​ពីរ​នាក់​ត្រូវ​បាន​សម្លាប់។

លោក​និយាយ​ថា​ លោក​ត្រូវ​បាន​វាយ​នឹង​ដំ​ថ្ម​ដ៏​ធំ​មួយ​ ហើយ​ក៏​សន្លប់​បាត់​ស្មារតី​ទៅ។​ លោក​និយាយ​ថា​ ពួក​គេ​បាន​នាំ​យក​មិត្តភក្តិ​របស់​លោក​ទៅ​ ហើយ​លោក​មិន​ដឹង​ថា​ មិត្តភក្តិ​របស់​លោក​ត្រូវ​បាន​គេ​កាប់​ឬ​វាយ​នោះ​ទេ​ ប៉ុន្តែ​អ្នក​ទាំង​ពីរត្រូវ​បាន​គេ​អូស​ទាញ​ទៅ​ទិសដៅ​ផ្សេង​គ្នា។

ប្រទេស​ឥណ្ឌូនេស៊ី​មាន​ប្រពៃណី​ដ៏​យូរ​លង់​មួយ​នៃ​ភាព​ផ្សេង​គ្នា​ខាង​សាសនា​ សេចក្តី​ត្រា​ប្រណី។​ ការ​ស្ទាប​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​មួយ​ ដោយ​វិទ្យាស្ថាន​ សេតារ៉ា​ (Setara​ Institute)​ សម្រាប់​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​រដ្ឋធានី​ ហ្សាកាតា​ (Jakarta)​ បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​ ៨០​ភាគ​រយ​ មិន​យល់​ស្រប​ចំពោះ​អំពើ​ហឹង្សា​ប្រឆាំង​នឹង​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ ទេ។

ប៉ុន្តែ​ ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​កាន់​សាសនា​និកាយ​ភាគ​តិច​ បាន​កើន​ឡើង​នៅ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human​ Rights​ Watch​ និយាយ​ថា​ កាល​ពី​ឆ្នាំ​ទៅ​ មាន​សកម្មភាព​ហឹង្សា​យ៉ាង​តិច​ណាស់​ចំនួន​៥០​ករណី​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ប្រឆាំង​នឹង​ សមាជិក​នៃ​និកាយ​សាសនា​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​ឆ្លើយតប​ខ្លាំង​ក្លា​ណា​មួយ​ ទៅ​នឹង​អំពើ​ហឹង្សា​នេះ​ទេ។​ កាល​ពី​ដើម​ឆ្នាំ​នេះ​ តុលាការ​មួយ​បាន​កាត់​ទោស​ក្រុម​ម៉ូស្លីម​និយម​ជ្រុល​ចំនួន​១២​នាក់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ហ្វូង​មនុស្ស​ ឱ្យ​ជាប់​គុក​រយៈ​ពេល​តែ ​៦ខែ​ ប៉ុណ្ណោះ។​ មេ​ដឹកនាំ​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)​ មួយ​រូប​ ដែល​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពីទី​កន្លែង​នៃ​ការ​វាយ​ប្រហារ​ដោយ​ហ្វូង​មនុស្ស​ និង​ដែល​បាន​វាយ​ទៅ​លើ​មេ​ដឹកនាំ​ក្រុម​នេះ​មួយ​រូប​ ក៏​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​រយៈ​ពេល​៦​ខែ​ផង​ដែរ។

ម៉ាស៊ីហ៊ូដឌីន​ (Masihuddin)​ និយាយ​ថា​ លោក​មាន​ការ​ខឹង​សម្បារ​និង​មាន​ការ​ខក​ចិត្ត​ចំពោះ​សាលក្រម​នេះ។

លោក​និយាយ​ថា​ សូម្បី​តែ​មនុស្ស​ដែល​មិន​ចេះ​ច្បាប់​ក៏​នឹង​និយាយ​ថា​ សាលក្រម​នេះ​គឺ​អយុត្តិធម៌។​ វា​ពិត​ជា​ទង្វើ​គ្មាន​អារ្យធម៌​ ហើយ​នេះ​មិន​មែន​ជា​សាសនា​ឥស្លាម​ទេ។

ជន​រង​គ្រោះ​ម្នាក់​ទៀត​នៃ​ការ​វាយ​ប្រហារ​ឈ្មោះ​ រីហ្សគី​ (Rizki)​ បាន​បន្ទោស​ក្រុម​ជ្រុល​និយម​តូច​មួយ​ចំពោះ​អំពើ​ហឹង្សា​នេះ​ ប៉ុន្តែ​បាន​ដាក់​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ​ ចំពោះ​បរាជ័យ​នៅ​ក្នុង​ការ​ការ​ពារ​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច។

លោក​និយាយ​ថា​ ប្រទេស​របស់​លោក​គាំទ្រ​សិទ្ធិ​មនុស្ស​ សេរីភាព​ និង​សិទ្ធិ​ក្នុង​កា​រជ្រើសរើស​សាសនា​ ប៉ុន្តែ​ឯ​ណា​ទៅ​សិទ្ធិ​ទាំង​អស់​នោះ​សម្រាប់​ក្រុម​និកាយ​ អាហ្សម៉ាឌីយ៉ាហ៍​ (Ahmadiyah)?​ លោក​និយាយ​ថា​ សិទ្ធិ​ទាំង​នោះ​មិន​បាន​អនុវត្ត​ជា​មួយ​ពួក​ អាហ្សម៉ាឌីយ៉ាហ៍​ ទេ។

លោក​ អាហ្សីយូម៉ារឌី​ អាហ្រា​ (Azyumardi​ Azra)​ សាស្រ្តាចារ្យ​ប្រវត្តិវិទ្យា​នៃ​សាកល​វិទ្យាល័យ​អ៊ីស្លាម​របស់​រដ្ឋ​ បាន​និយាយ​ថា​ ប៉ូលីស​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​ប្រតិបត្តិ​ច្បាប់​ ដើម្បី​ការពារ​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ ពីព្រោះ​ពួក​គេ​មាន​សមានចិត្ត​ចំពោះ​ក្រុម​ម៉ូស្លីម​គម្ពី​ជ្រុល​និយម​ ឬ​ពឹង​ផ្អែក​ទៅ​លើ​ពួក​គេដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ។

«រាល់​ករណី​ទាំង​អស់​នេះ​គឺ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ។​ ខ្ញុំ​គិត​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ទាប​ណាស់​ តាម​ពិត​ទៅ​ វា​មិន​មែន​ជា​បញ្ហា​ច្បាប់​ខ្លួន​ឯង​នោះ​ទេ»។

លោក​និយាយ​ថា​ ក្រុម​មេ​ដឹកនាំ​សាសនា​អ៊ីស្លាម​និង​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ ត្រូវ​តែ​បញ្ចេញ​ទស្សនៈ​ ដើម្បី​ផ្តន្ទាទោស​ចំពោះ​អំពើ​ហឹង្សា​ផ្នែក​សាសនា​ និង​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ហឹង្សា​ជ្រុល​និយម​ ដើម្បីការ​ពារ​កុំ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ផ្សេងៗ​ទៀត​ ដែល​អាច​បំផ្លាញ​ដល់​ស្ថិរភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌូនេស៊ី៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG